សហរដ្ឋ​អាមេរិក​ទាក់ទង​ជាមួយ​ពួក​តាលីបង់​នៅ​ទីក្រុង​កាប៊ុល​ពេល​បង្កើន​ការ​ជម្លៀស

រូបឯកសារ៖ អ្នកនាំពាក្យ​សេតវិមាន លោក John Kirby ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​មួយ​នៅមន្ទីរបញ្ចកោណ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

មន្ត្រី​មន្ទីរ​បញ្ចកោណ​បាន​និយាយ​នៅថ្ងៃ​អង្គារ​ថា យោធា​អាមេរិក​កំពុង​ទាក់ទង​ជាមួយ​ពួក​តាលីបង់​ ខណៈ​កំពុង​បង្កើន​ការ​ជម្លៀស​ប្រជាជន​អាមេរិក ​និង​សម្ព័ន្ធ​មិត្ត​អាហ្វហ្គានីស្ថាន​ចេញ​ពី​អាកាស​យានដ្ឋាន​អន្តរជាតិ​នៅ​ក្រុង​កាប៊ុល។​

អ្នកនាំពាក្យ​មន្ទីរ​បញ្ចកោណ​លោក ​John Kirby ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ «គ្មាន​ប្រតិកម្ម​អរិភាព​ពី​ពួក​តាលីបង់​ចំពោះ​ប្រតិបត្តិការ​របស់​យើង​នៅ​អាកាសយានដ្ឋាន​ទេ។​ មេ​បញ្ជាការ​របស់​យើង​នៅ​អាកាស​យានដ្ឋាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​មេ​បញ្ជាការ​តាលីបង់​នៅ​ទីនោះ នៅក្រៅ​អាកាស​យានដ្ឋាន»។ ​លោក​បន្ថែម​ថា​ «ទំនាក់ទំនង​បាន​ធ្វើ​ឡើង​ជាច្រើន​ដង​ក្នុង​មួយ​ថ្ងៃ»។

លោក​ Kirby ​មិន​បាន​និយាយ​លម្អិត​ទេ​ ដោយ​គ្រាន់តែប្រាប់​ថា ​«ខ្ញុំ​ទុកឲ្យ​លទ្ធផល​បង្ហាញ​ដោយខ្លួន​ឯងចុះ»។​

ក្រុម​បះបោរ​តាលីបង់​បាន​ដឹកនាំ​ប្រទេស​អាហ្វហ្គានីស្ថាន​ពី​ឆ្នាំ​១៩៩៦​ដល់​ឆ្នាំ​២០០១​ នៅពេល​ដែល​ពួកគេ​ត្រូវ​បាន​ផ្តួល​រំលំ​ដោយ​កងកម្លាំង​សហ​រដ្ឋ​អាមេរិក​ និង​អន្តរជាតិ។​

ថ្មីៗនេះ​ពួកគេ​បាន​ដណ្តើម​កាន់កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​ភាគ​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ ​បន្ទាប់ពី​បើក​យុទ្ធនាការ​យោធា​យ៉ាងឆាប់​រហ័ស​ដែល​បណ្តាល​ឱ្យកង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ជាច្រើន​ភៀសខ្លួន​ ឬ​ចុះ​ចាញ់។​

លោក​ឧត្តម​សេនីយ៍ ​Frank McKenzie​ មេ​បញ្ជាការ​បញ្ជាការដ្ឋាន​កណ្តាល​ស.រ.អា.​បាន​ជួប​ជាមួយ​មេ​ដឹកនាំ​តាលីបង់​នៅ​ប្រទេស​កាតា​ ហើយ​បាន​ព្រមាន​ថា យោធា​អាមេរិក​នឹង​ការពារ​ខ្លួន ប្រសិន​បើក្រុម​សកម្ម​ប្រយុទ្ធ​ព្យាយាម​ជ្រៀត​ជ្រែក​ក្នុង​បេសកកម្ម​ជម្លៀស​ដ៏​ធំនេះ។​ នេះ​បើ​តាម​មន្រ្តី​ការពារជាតិ​ជាន់ខ្ពស់។​

លោក​ឧត្ដម​សេនីយ៍​ឯក ​William Hank Taylor​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ យន្ដហោះ​ដឹក​ជញ្ជូន​យោធា​ C-17 ​ចំនួន​ ៩​ គ្រឿង​របស់​សហ​រដ្ឋ​អាមេរិក​បាន​ទៅ​ដល់​ដោយ​មាន​ឧបករណ៍​និង​កងទ័ព​បន្ថែម​ប្រហែល​១.០០០​នាក់​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ។​ លោក​បាន​និយាយ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ថា​ ចំនួន​សរុប​នៃ​កងកម្លាំង​អាមេរិក​នៅអាកាសយានដ្ឋាន​អន្តរជាតិ​ Hamid Karzai ​នឹង​មាន​ច្រើន​ជាង​៤.០០០​នាក់។​

យន្តហោះ​ C-17​ ចំនួន​ ៧​ គ្រឿង​បាន​ចេញ​ដំណើរ​ដោយ​ដឹក​ជន​ភៀសខ្លួន​ស៊ីវិល​ប្រហែល​៨០០​ នាក់​ រួម​ទាំង​ជនជាតិ​អាមេរិក​ចំនួន​១៦៥​នាក់​ផង​ដែរ ហើយ​មាន​អ្នក​ដំណើរ​ដែល​ត្រូវ​បាន​ជម្លៀស​សរុប​ចំនួន​១៤០០​ទៅ​១៥០០​នាក់​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ។​

មន្រ្តី​ទាំងពីរ​រូប​បាន​សង្កត់​ធ្ងន់​ថា​ យោធា​មាន​បំណង​ដឹក​ជម្លៀស​មនុស្ស​រៀងរាល់​ម៉ោង​ចាប់​ផ្តើមនៅ​ថ្ងៃពុធ​ដែល​អាច​មាន​លទ្ធភាព​ជម្លៀស​មនុស្ស​ពី​៥.០០០​ទៅ​៩.០០០​នាក់​ពី​អាហ្វហ្គានីស្ថាន​ក្នុង​មួយ​ថ្ងៃ៕​