សហរដ្ឋអាមេរិកបន្តចាត់ទុកតំបន់ទន្លេមេគង្គថាជាតំបន់ដែលមានសារៈសំខាន់ជាយុទ្ធសាស្រ្តដែលនឹងត្រូវពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនិងមើលឃើញថាសេដ្ឋកិច្ចនៃតំបន់នេះកំពុងមានការរីកចម្រើនលឿននិងមានពលរដ្ឋវ័យក្មេងជាច្រើន។
លោកម៉ាក ក្លាក (Mark Klark) ឧបការីរងស្តីទីនៃរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់អ្នកចូលរួមនៅឯមជ្ឈមណ្ឌល Meridian អន្តរជាតិកាលពីដើមខែមិថុនាថា៖
«តំបន់ទន្លេមេគង្គគឺជាតំបន់មានសារៈសំខាន់ជាយុទ្ធសាស្រ្តដល់សហរដ្ឋអាមេរិក។ ទីនេះមានប្រទេសថៃដែលជាសម្ព័ន្ធមិត្តដែលមានសន្ធិសញ្ញារបស់យើងនិងវៀតណាមដែលជាដៃគូកាន់តែសំខាន់ឡើងរបស់យើង និងប្រទេសមួយចំនួនទៀតដែលនឹងធ្វើជាប្រធានសមាគមអាស៊ាននៅឆ្នាំ២០១៩និង២០២០។ ដោយរួមបញ្ចូលប្រទេសឡាវ ភូមា និងកម្ពុជាគឺរួមគ្នាបានជាសេដ្ឋកិច្ចដែលមានការរីកលូតលាស់យ៉ាងរហ័សនិងមានពលរដ្ឋវ័យក្មេងរស់រវើក»។
បណ្តូរពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងបណ្តាប្រទេសនៅតំបន់ទន្លេមេគង្គមានចំនួន១០៩ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៨។ ក្នុងឆ្នាំ២០១៧សហរដ្ឋអាមេរិកបានវិនិយោគទុនចំនួន១៧ពាន់លានដុល្លារដែលកើនឡើងពីទឹកប្រាក់វិនិយោគចំនួន១០ពាន់លានក្នុងឆ្នាំ២០០៩។
នៅខែកក្កដាខាងមុខនេះសហរដ្ឋអាមេរិកនិងបណ្តាប្រទេសនៅទន្លេមេគង្គខាងក្រោមដែលមានកម្ពុជា វៀតណាម ឡាវ ថៃនិងភូមានឹងប្រារព្ធខួបលើកទី១០នៃការអនុវត្តគម្រោងគំនិតផ្តួចផ្តើមទន្លេមេគង្គផ្នែកខាងក្រោម ដែលជាគម្រោងបង្កើតឡើងដើម្បីធ្វើកិច្ចសហប្រតិបត្តិការរួមគ្នានៅថ្នាក់អនុតំបន់។ គំនិតផ្តួចផ្តើមនេះធ្វើជាវេទិការសម្រាប់ដោះស្រាយការអភិវឌ្ឍឆ្លងព្រំដែនដែលមានលក្ខណៈពហុវិស័យនិងបញ្ហាប្រឈមខាងគោលនយោបាយនៅអនុតំបន់ទន្លេមេគង្គក្រោម។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ សហរដ្ឋអាមេរិកផ្តល់ជំនួយអភិវឌ្ឍន៍ជាង៣,៨ពាន់លានដុល្លារជួយដល់បណ្តាប្រទេសទំាង៥នៅតំបន់ទន្លេមេគង្គ ហើយបានបង្កើតការងារដល់ពលរដ្ឋជាង១,៤លាននាក់តាមរយៈការនាំទំនិញចូលទីផ្សារសហរដ្ឋអាមេរិក។
ដោយឡែកនៅប្រទេសកម្ពុជាវិញតាមរយៈគម្រោងគំនិតផ្តួចផ្តើមទន្លេមេគង្គខាងក្រោម សហរដ្ឋអាមេរិកបានជួយដល់កសិករ២០០.០០០នាក់ឱ្យរកចំណូលបានលើសពី៤០០ដុល្លារក្នុងមួយឆ្នាំនិងមានជួយដល់សកម្មភាពសេដ្ឋកិច្ចជាច្រើនទៀត។
លោកជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោនបានបញ្ជាក់ប្រាប់វីអូអេនៅក្រោយពីកិច្ចប្រជុំថា៖
«យើងបានពិនិត្យឃើញថាកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកចំពោះបណ្តាប្រទេសដែលជាសមាជិកមេគង្គខាងក្រោមទាំង៥នេះ ក្នុងក្របខណ្ឌទ្វេភាគីក្តីក៏ដូចជាក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមទន្លេមេគង្គនេះគឺបាននាំមកនូវកិច្ចអភិវឌ្ឍនៅក្នុងតំបន់នេះហើយក៏អាចរួមចំណែកជួយដល់អនុតំបន់មេគង្គនេះក្នុងការប្រឈមនឹងបញ្ហាដែលយើងចាត់ទុកថាជាបញ្ហាបន្ទាន់និងសំខាន់ចំពោះមុខដូចជាបញ្ហាទឹកជំនន់ ការរាំងស្ងួត ការអភិវឌ្ឍប្រកបដោយចីរភាពនិងបញ្ហាការប្រើប្រាស់ធនធានទឹកប្រកបដោយចីរភាពជាដើម»។
លោកហា គីមង៉ុក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរដ្ឋធានី វ៉ាស៊ីនតោនបានលើកឡើងថាបណ្តាប្រទេសទន្លេមេគង្គត្រូវការកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ឋាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចឌីជីថល។
រីឯលោកស្រីប៊ូសារ៉ា កញ្ចនាឡៃ ភារធារីនៃស្ថានទូតថៃប្រចាំនៅសហរដ្ឋអាមេរិកបានស្នើឱ្យក្រុមហ៊ុនអាមេរិកាំងទៅធ្វើការវិនិយោគបន្ថែមនៅក្នុងតំបន់មេគង្គ។
លោកស្រីបានបន្ថែមថា៖
«យើងអាចផ្តល់កន្លែងដែលសហរដ្ឋអាមេរិកអាចពង្រីកជំនួញក៏ដូចជាពង្រីកតួនាទីគាំទ្រដល់បណ្តាប្រទេសនៅតំបន់ទន្លេមេគង្គអភិវឌ្ឍប្រកបដោយចីរភាពនិងធ្វើគម្រោងជាច្រើនដែលផ្តល់ប្រយោជន៍ដល់តំបន់មេគង្គប៉ុន្តែផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិកវិញនិងពង្រឹងមិត្តភាពរវាងសហរដ្ឋអាមេរិកនិងបណ្តាប្រទេសទន្លេមេគង្គ»។
ទន្ទឹមនឹងនេះដែរក៏ សហរដ្ឋអាមេរិកមើលឃើញថាតំបន់នេះកំពុងជួបនឹងនិន្នាការគួរឱ្យព្រួយបារម្ភមួយចំនួន។ ក្នុងនោះមានកង្វះអភិបាលកិច្ចល្អនិងការងាកមកពឹងលើប្រាក់បំណុលបរទេសកាន់តែខ្លាំងឡើងជាពិសេសមកពីប្រទេសចិន ការព្រួយបារម្ភពីផលប៉ះពាល់នៃការអភិវឌ្ឍន៍នៅផ្នែកខាងលើទន្លេមេគង្គ ផែនការបូមខ្សាច់ ការធ្លាក់ចុះនៃការគ្រប់គ្រងទន្លេ ការរីករាលដាលឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរមនុស្សនិងថ្នាំញៀនជាដើម។
លោកម៉ាក ក្លាក (Mark Klark) នៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់បន្ថែមថា៖
«និន្នាការទាំងនេះនាំឱ្យមានហានិភ័យដល់អនាគតសេដ្ឋកិច្ច ឯករាជ្យភាពខាងសេដ្ឋកិច្ចនិងឋាមពលទឹក និងសុវត្ថិភាពស្បៀងអាហារនៃបណ្តាប្រទេសនៅតំបន់ទន្លេមេគង្គ»។
សហរដ្ឋអាមេរិកបានចាត់ទុកថាដោយសារតែនិន្នាការទាំងនេះនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួនទើបសហរដ្ឋអាមេរិកនឹងខិតខំចូលរួមដោះស្រាយបញ្ហាប្រឈមទាំងនេះតាមរយៈយន្តការជាច្រើនក្នុងនោះមានដូចជាយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកជាដើម។
លោកម៉ាក ក្លាកបានពន្យល់ថាតំបន់មេគង្គគឺជាចំណុចផ្តោតចំណាប់អារម្មណ៍នៃយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកហើយក៏ជាផ្នែកដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រដល់អាស៊ានក្នុងនោះមានគំនិតផ្តួចផ្តើមរបស់អាស៊ានក្នុងការធ្វើសមាហរណកម្មតំបន់ដើម្បីបិទភ្ជិតគម្លាតនៃការអភិវឌ្ឍរបស់ប្រទេសសមាជិកហើយជំរុញឱ្យមានឯកភាពក្នុងតំបន់។
លោកម៉ាក ក្លាកបានបន្ថែមថា៖
«យើងចូលរួមជាមួយនឹងតំបន់មេគង្គដោយឈរលើគោលការណ៍វិជ្ជមានផ្តោតលើសន្តិសុខនិងវឌ្ឍនភាពនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងពេលជាច្រើនទសវត្សរ៍ទៅមុខទៀតហើយយើងស្ថិតនៅចំណុចស្នូលនៃយុទ្ធសាស្រ្តថ្នាក់តំបន់នេះ។ ក្នុងនេះរួមមានការប្តេជ្ញាគោរពអធិបតេយ្យភាព តម្លាភាព អភិបាលកិច្ចល្អ ការប្រមូលផ្តុំអាស៊ាន និងសណ្តាប់ធ្នាប់ផ្អែកលើច្បាប់ដែលមានការគោរពច្បាប់អន្តរជាតិ»។
សហរដ្ឋអាមេរិកនឹងបង្ហាញពីការប្តេជ្ញាថែមទៀតនៅអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសទន្លេមេគង្គក្រោមនៅទីក្រុងបាងកកនៅខែសីហាខាងមុខ។ បន្ទាប់មកគឺបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងមេគង្គថ្មីមួយទៀតដែលមានដូចជាការប្រឆាំងនឹងការជួញដូរថ្នាំញៀន ជួញដូរមនុស្សនិងសត្វព្រៃជាដើមដើម្បីបន្ថែមដល់គំនិតផ្តួចផ្តើមទន្លេមេគង្គក្រោមឱ្យស្របតាមយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក និងសម្របកិច្ចខិតខំប្រឹងប្រែងឱ្យស្របគ្នានឹងដៃគូមួយចំនួនទៀតរបស់សហរដ្ឋអាមេរិកដែលមានជប៉ុន អូស្រ្តាលី និងកូរ៉េខាងត្បូងដែលកំពុងជួយប្រទេសនៅតំបន់នេះដែរលើផ្នែកឋាមពល ការប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែននិងអភិបាលកិច្ចលើផ្នែកសេដ្ឋកិច្ច។
យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកក៏បញ្ចូលគំនិតផ្តួចផ្តើមផ្នែកសេដ្ឋកិច្ចសម្រាប់តំបន់ទន្លេមេគង្គផងដែរដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ឋាមពល ពាណិជ្ជកម្មឌីជីថល និងការផ្តល់ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានទទួលស្គាល់ថាការណ៍ដែលសហរដ្ឋអាមេរិកចូលរួមកាន់តែខ្លាំងនៅក្នុងតំបន់ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅប៉ុន្តែឥទ្ធិពលចិនក៏បានដាក់សម្ពាធខ្លះមកលើថ្នាក់ដឹកនាំនៃប្រទេសទាំងនោះផងដែរ។
លោកម៉ាក ក្លាក (Mark Klark) បានបញ្ជាក់ថា៖
«នៅពីក្រោមនោះគឺមានភាពមិនស្ងប់ស្ងាត់និងភាពអន្ទះសារដោយសារមានសម្ពាធពីប្រទេសចិនឱ្យទទួលយកគំរូអភិវឌ្ឍន៍ក្រវាត់ផ្លូវពាណិជ្ជកម្មនិងមានសម្ពាធឱ្យពឹងផ្អែកសេដ្ឋកិច្ចកាន់តែខ្លាំងលើប្រទេសចិន»។
លោកម៉ាក ក្លាក បានបន្ថែមថាអ្វីដែលសហរដ្ឋអាមេរិកលើកកម្ពស់គឺផ្តល់សិទ្ធិឱ្យប្រទេសទាំងនោះមានជម្រើសក្នុងការគិតឱ្យបានប្រយ័ត្នប្រយែងមុននឹងទទួលយកអ្វីដែលមើលទៅ ហាក់ដូចជាវិថីដ៏ងាយស្រួលក្នុងការទទួលបានហិរញ្ញវត្ថុប៉ុន្តែវានឹងក្លាយទៅជាការពឹងផ្អែកសេដ្ឋកិច្ចលើប្រទេសគេយ៉ាងខ្លាំងហើយឈានទៅដល់បាត់អធិបតេយ្យភាពប្រទេសក្នុងពេលអនាគត។
លើជ្រុងនៃកិច្ចសហប្រតិបត្តិការយោធាវិញ ក្រសួងការពារជាតិសហរដ្ឋអាមេរិកមើលឃើញថាទំនាក់ទំនងជាមួយនឹងប្រទេសនីមួយនៅក្នុងតំបន់មេគង្គមានការខុសប្លែកគ្នា។ សហរដ្ឋអាមេរិកមានទំនាក់ទំនងតិចតួចជាមួយនឹងប្រទេសឡាវនិងកម្ពុជា ក្នុងខណៈពេលដែលទំនាក់ទំនងជាមួយនឹងថៃមានលក្ខណៈចាស់ទុំ និងយូរអង្វែងហើយទំនាក់ទំនងជាមួយនឹងប្រទេសវៀតណាមកំពុងតែប្រសើរឡើង។ នេះបើតាមការបញ្ជាក់របស់លោក រ៉ែនដាល ស្ជ្រាយវើ (Randal Schriver) ឧបការីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក៕