សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្លួននឹងតម្រូវឲ្យមជ្ឈមណ្ឌលដែលរៀបចំចាត់ចែងវិទ្យាស្ថានខុងជឺចុះឈ្មោះជាបេសកកម្មបរទេសរបស់គណបក្សកុម្មុយនិស្តកាន់អំណាចចិន ដោយបានចោទប្រកាន់ថា មុខវិជ្ជាភាសាចិនរបស់មជ្ឈមណ្ឌលនោះជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយឥទ្ធិពលនិងការឃោសនានៅក្នុងសហរដ្ឋអាមេរិក។
ក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយថា វិទ្យាស្ថានខុងជឺនៅមជ្ឈមណ្ឌលសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោនជា«អង្គភាពមួយដែលបង្កើនការឃោសនាជាសាកលរបស់រដ្ឋាភិបាលក្រុងប៉េកាំងនិងធ្វើយុទ្ធនាការដើម្បីបញ្ចេញឥទ្ធិពលអាក្រក់នៅតាមសាកលវិទ្យាល័យនិងថ្នាក់រៀនសហរដ្ឋអាមេរិក ហើយសេចក្តីថ្លែងការណ៍នោះ បានប្រាប់ឲ្យដឹងទៀតថា មជ្ឈមណ្ឌលខុងជឺនោះ បានឆ្លៀតកេងប្រយោជន៍ពីការបើកចំហររបស់ប្រទេសអាមេរិក»។
ការប្រកាសនេះកើតមានឡើងមិនយូរប៉ុន្មានក្រោយជម្លោះអំពី app វីដេអូ TiKTok ដ៏មានប្រជាប្រិយភាព។ កាលពីប៉ុន្មានខែកន្លងមកនេះ សហរដ្ឋអាមេរិកនិងចិនបានរិះគន់គ្នាទៅវិញទៅមកអំពីការរាលដាលនៃមេរោគកូរ៉ូណា សេរីភាពក្រុងហុងកុង ការប៉ះពាល់អធិបតេយ្យភាពក្នុងសមុទ្រចិនខាងត្បូងនិងជម្លោះពាណិជ្ជកម្ម។
មន្ត្រីសហរដ្ឋអាមេរិកនានា ក៏បានព្រមានពីការបង្កើនការប៉ុនប៉ងដោយពួកភ្នាក់ងារចិនដើម្បីលួចឯកសារសម្ងាត់ពាណិជ្ជកម្មនិងយោធា ជាពិសេសនៅឯសាកលវិទ្យាល័យ។
លោក David Stilwell ជាអ្នកការទូតកំពូលសហរដ្ឋអាមេរិកសម្រាប់តំបន់អាស៊ីខាងកើត បានបញ្ជាក់ថា មិនមែនជាហាមឃាត់វិទ្យាស្ថាននោះទេ។
លោកបាននិយាយក្នុងសន្និសីទកាសែតថា៖ «យើងមិនបណ្តេញវិទ្យាស្ថាននោះទេ។យើងគ្រាន់តែបញ្ជាក់ថា ពួកគេធ្វើការងារឲ្យក្រសួងអប់រំរបស់គណបក្សកុម្មុយនិស្តចិនតែប៉ុណ្ណោះ»។
កាលពីខែឧសភា ក្រុមអង្គការរបស់គណបក្សទាំង២នៅមជ្ឈមណ្ឌលមហាវិទ្យាល័យសហរដ្ឋអាមេរិក គឺគណៈកម្មាធិការជាតិគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យនៃមហាវិទ្យាល័យ បានចេញលិខិតចំហរមួយអំពាវនាវឲ្យបិទវិទ្យាស្ថានខុងជឺនៅក្នុងសហរដ្ឋអាមេរិក ដោយលើកឡើងពីប្រវត្តិសិទ្ធិមនុស្សរបស់ចិនជាពិសេស ផ្តោតទៅលើការបង្ក្រាបរបស់រដ្ឋាភិបាលចិននៅទីក្រុងហុងកុង៕