ប្រធានាធិបតីសហរដ្ឋអាមេរិក Donbald Trump បាននិយាយថាគាត់តំណាង «ក្រុមពលរដ្ឋនៃក្រុង Pittsburg មិនមែនក្រុងប៉ារីសទេ» នៅពេលគាត់ប្រកាសអំពីការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអំពីធាតុអាកាសជាប្រវត្តិសសាស្ត្រដែលបានត្រូវចុះហត្ថលេខានៅក្នុងរដ្ឋធានីនៃប្រទេសបារាំង។
ក៏ប៉ុន្តែលោក Bill Peduto អភិបាលក្រុង Pittsburg បានមានប្រសាសន៍ថាលោក«បានត្រូវធ្វើឱ្យអាក់អន់ចិត្ត» ដោយកំណត់សម្គាល់របស់ Trump។ លោក Peduto បានមានប្រសាសន៍ថាអ្នកសរសេរសុន្ទរកថារបស់ Trump បានប្រើក្រុង Pittsburg ជា «តួយ៉ាង» មួយនៃ «ក្រុងចាស់កខ្វក់មួយដែលពឹងពាក់លើធ្យូងថ្មច្រើននិងដែកថែបច្រើនដើម្បីឱ្យរស់រាន្តមានជីវិត»។ លោកអភិបាលក្រុង Pittsburg រូបនេះបានមានប្រសាសន៍ថាការនិយាយយោងរបស់ Trump «មិនខ្វល់ទាំងស្រុងដល់ពលិកម្មដែលយើងបានធ្វើជាង៣០ឆ្នាំមកហើយ...ដើម្បីសម្អាតខ្យល់និងទឹករបស់យើង»។
លោក Peduto បានមានប្រសាសន៍តាម Twitter ថា «ក្នុងឋានៈជាអភិបាលក្រុង Pittsburg ខ្ញុំអាចធានារ៉ាប់រងដល់លោកអ្នកថាយើងនឹងធ្វើតាមគោលការណ៍ណែនាំនៃកិច្ចប្រមព្រៀងក្រុងប៉ារីស សម្រាប់ប្រជារាស្ត្រយើងសេដ្ឋកិច្ចនិងអនាគតរបស់យើង»។
លោក Peduto បានឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ Trump ជាមួយបទបញ្ជានីតិប្រតិបត្តិមួយបញ្ជាក់ការប្តេជ្ញាជាថ្មីរបស់រដ្ឋាភិបាលក្រុងលោកដល់គោលដៅរបស់ខ្លួនក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលចំនួនពាក់កណ្តាលនិងយកថាមពលទាំងអស់របស់ខ្លួនពីប្រភពថាមពលដែលអាចប្រើប្រាស់ជាថ្មីបានមិនឱ្យហួសពីឆ្នាំ២០៣០។
នៅពេលដែលរដ្ឋាភិបាលសហព័ន្ធដកខ្លួនថយចេញពីសកម្មភាពខាងធាតុអាកាស រដ្ឋាភិបាលរបស់រដ្ឋនិងក្រុងនានានៅក្នុងប្រទេសអាមេរិក ព្រមទាំងវិស័យឯកជនកំពុងទទួលបន្ទុកកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
មានអភិបាលក្រុង អភិបាលរដ្ឋនិងវិស័យជំនួញច្រើនជាងមុនបានសន្យាថានឹងបង្កើនសកម្មភាពរបស់ពួកគេដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកបំពេញតាមការប្តេជ្ញាដែលខ្លួនបានយល់ព្រមនៅក្នុងក្រុងប៉ារីសកាលពីឆ្នាំ២០១៥។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ពួកអ្នកជំនាញនិយាយថាគេដឹងមិនច្បាស់លាស់ទេថាតើពួក អភិបាលក្រុងអភិបាលរដ្ឋនិងវិស័យជំនួញទាំងនេះអាចបំពេញការខ្វះខាតបន្សល់ទុកដោយរដ្ឋបាល Trump បានឬទេ៕