សហរដ្ឋអាមេរិក និងប្រទេសចិនគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំណាក់កាលដំបូងនៅថ្ងៃពុធនេះ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលជាចំណុចស្នូលនៃជម្លោះពាណិជ្ជកម្មរយៈពេល ១៨ ខែកន្លងមករវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីរនៅលើពិភពលោកនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងទទួលស្វាគមន៍ឧបនាយករដ្ឋមន្ត្រីចិនលោក Liu He នៅក្នុងពិធីចុះហត្ថលេខានៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ភាគីទាំងពីរបានឯកភាពគ្នាចំពោះអ្វីដែលពួកគេហៅថាជាកិច្ចព្រមព្រៀងដំណាក់កាលទីមួយនេះ កាលពីពាក់កណ្ដាលខែធ្នូឆ្នាំមុន។
កិច្ចព្រមព្រៀងដំណាក់កាលពីមួយនេះស្នើឲ្យប្រទេសចិនបង្កើនការទិញទំនិញរបស់សហរដ្ឋអាមេរិក បញ្ឈប់ទង្វើបង្ខំក្រុមហ៊ុនបរទេសឲ្យផ្ទេរបច្ចេកវិទ្យាឲ្យខ្លួន និងបញ្ឈប់ការក្រឡុករូបិយវត្ថុរបស់ខ្លួនដើម្បីធ្វើឲ្យការនាំចេញរបស់ខ្លួនមានតម្លៃថោកជាងមុន។
សហរដ្ឋអាមេរិកបានដកប្រទេសចិនចេញពីបញ្ជីប្រទេសក្រឡុករូបិយវត្ថុនេះ ហើយនៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកនឹងបញ្ឈប់គម្រោងរបស់ខ្លួនដែលចង់បន្ថែមពន្ធគយថ្មីលើទំនិញចិនដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ និងកាត់បន្ថយពន្ធគយចំនួនពាក់កណ្ដាលលើទំនិញចិនដែលមានទឹកប្រាក់ប្រហែល ១១០ ពាន់លានដុល្លារ។
ប៉ុន្តែ សម្រាប់ពន្ធគយដែលសហរដ្ឋអាមេរិកដាក់លើទំនិញនាំចូលពីចិនប្រហែល ៣៦០ ពាន់លានដុល្លារកន្លងមក គឺនៅដដែល។
កិច្ចព្រមព្រៀងដំណាក់កាលដំបូងនេះមិនបានដោះស្រាយបញ្ហាដែលរដ្ឋាភិបាលចិនរួមចំណែកថវិកាដល់ក្រុមហ៊ុនរបស់រដ្ឋនោះទេ ដែលបញ្ហានេះទំនងជានឹងត្រូវពិភាក្សានៅក្នុងការចរចាពាណិជ្ជកម្មដំណាក់កាលបន្ទាប់៕