ប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំបង្អស់២របស់ពិភពលោកគឺ សហរដ្ឋអាមេរិក និងចិន បានសន្យាធ្វើការជាមួយគ្នាដើម្បីប្រយុទ្ធប្រឆាំងការឡើងកម្តៅផែនដីនៅពេលដែលសន្និសីទកំពូលស្តីពីអាកាសធាតុដ៏សំខាន់មួយ កំពុងធ្វើឡើងនៅជិតទីក្រុងប៉ារីស។ ប្រទេសជាង១៥០ កំពុងចាប់ផ្តើមចរចាដែលមានរយៈពេល២សប្តាហ៍ដោយមានសន្តិសុខតឹងតែងបំផុត។
នៅក្នុងសុន្ទរកថាកាលពីថ្ងៃច័ន្ទ មេដឹកនាំប្រទេសមានទ្រព្យសម្បត្តិបំផុតហើយនឹងមេដឹកនាំប្រទេសក្រីក្របំផុតរបស់ពិភពលោក បានដាក់ចេញកិច្ចព្រមព្រៀងអាកាសធាតុដ៏មានសារៈសំខាន់និងធំបំផុតមួយនៅក្នុងទីក្រុងប៉ារីស ហើយនឹងផលវិបាកនៃការបរាជ័យគ្មានកិច្ចព្រមព្រៀងនោះ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានពិភាក្សាដោយបានឃើញពីផលប៉ះពាល់នៃការផ្លាស់ប្តូរអាកាសធាតុក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចកាលពីពេលថ្មីៗនេះទៅកាន់រដ្ឋអាឡាស្កា។
«ការឃើញជាមុននៅពេលអនាគត។ ការមើលឃើញជោគវាសនាកូនចៅរបស់យើង ប្រសិនបើ អាកាសធាតុ បន្តផ្លាស់ប្តូរយ៉ាងឆាប់រហ័សជាងការខំប្រឹងប្រែងរបស់យើងដើម្បីដោះស្រាយវា។ទឹកលិចលង់ប្រទេសនានា ទីក្រុងត្រូវបានគេបោះបង់ចោល វាលស្រែលែងដាំដុះបានតទៅទៀត។ការឆាឆៅខាងនយោបាយដែលបានបណ្តាលឲ្យមានជម្លោះថ្មី។ ហើយ ទឹកជំនន់កាន់តែខ្លាំងឡើង បានធ្វើឲ្យមនុស្សស្វះស្វែងរកប្រទេសផ្សេងទៀតសម្រាប់ជ្រកពួន»។
លោកប្រធានាធិបតី អូបាម៉ា បានថ្លែងនៅពីមុខប្រធានាធិបតី ស៊ី ជីងពីង។ ក្នុងអំឡុងពេលនៃការចរចានៅពេលព្រឹកនោះ មេដឹកនាំទាំង២ បានព្រមព្រៀងធ្វើការសហការគ្នាដើម្បីធ្វើឲ្យប្រាកដថា សេដ្ឋកិច្ចសាកលលោកបានបញ្ចេញសារធាតុកាបោនតិច។
ប្រទេសជាង១៨០ បានបញ្ជូនផែនការពីចំណាត់ការអាកាសធាតុមុនពេលនៃការចរចានៅទីក្រុង Le Bourget ជិតទីក្រុងប៉ារីស។
ទោះជាយ៉ាងណាក៏ដោយ ការសន្យារបស់មេដឹកនាំទាំងនោះ មិនរួមមានការកម្រិតឲ្យបានគ្រប់គ្រាន់ដើម្បីទប់ការឡើងកម្តៅផែនដី២អង្សាCថែមទៀតលើសពីកម្រិតមុនឧស្សាហកម្មនៅចុងសតវត្សរ៍នេះ។ ពួកអ្នកវិទ្យាសាស្រ្ត បានព្រមានថា ផែនដី នឹងធ្លាក់ចូលក្នុងទឹកដីមួយប្រកបដោយមហន្តរាយ។
លោក បាន គីមួន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជំរុញឲ្យប្រទេសនានាបង្ហាញនូវការសម្របសម្រួលហើយនឹងភាពដែលអាចបត់បែនបានដើម្បីធ្វើកិច្ចព្រមព្រៀងអាកាសធាតុដ៏ធំមួយ។
«ពេលវេលាដើម្បីអនុវត្តនយោបាយប្រកបដោយគ្រោះថ្នាក់ បានចប់ហើយ។ ចូរយើងស្ថាបនារបបអាកាសធាតុដ៏ស្ថិតស្ថេរមួយជាមួយនឹងច្បាប់ផ្លូវថ្នល់ដ៏ច្បាស់លាស់ដែលប្រទេសទាំងអស់ អាចព្រមព្រៀងគ្នាដើម្បីអនុវត្តតាម។ ទីក្រុងប៉ារីស ត្រូវតែកត់សម្គាល់ថា ជាចំណុចរបត់មួយ»។
ចំណុចបញ្ហានៅតែមាន រួមមានការផ្តល់ហិរញ្ញវត្ថុហើយនឹងការផ្ទេរបច្ចេកវិទ្យាស្អាតដើម្បីជួយប្រទេសក្រីក្រដើម្បីអនុវត្តការផ្លាស់ប្តូរអាកាសធាតុនេះ។
ប៉ូលិសនិងយោធារាប់ពាន់នាក់ បានចេញប្រតិបត្តិការដើម្បីធានាឲ្យមានសន្តិសុខ។ កាលពីថ្ងៃអាទិត្យ ប៉ូលិស បានចាប់ខ្លួនបាតុកររាប់សិបនាក់នៅក្នុងទីក្រុងប៉ារីសដែលបានរំលោភស្ថានភាពក្នុងគ្រាអាសន្នរបស់បារាំងដើម្បីចូលរួមបាតុកម្មទូទាំងពិភពលោកពីចំណាត់ការអាកាសធាតុនេះ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន