ដែនដីទីបេបានក្លាយជាចំណុចទាស់ទែងចុងក្រោយនៅក្នុងទំនាក់ទំនងកាន់តែតានតឹងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធថា រដ្ឋាភិបាលចិននឹងដាក់ការរឹតត្បិតទិដ្ឋាការចំពោះពលរដ្ឋអាមេរិកណាដែលប្រព្រឹត្តទង្វើ«អាក្រក់»ទាក់ទងនឹងបញ្ហាដែនដីនៅជួរភ្នំហេមពាន្តនេះ។
វិធានការចុងក្រោយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងទំនងជាការសងសឹកចំពោះការប្រកាសកាលពីថ្ងៃអង្គាររបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ដែលថា សហរដ្ឋអាមេរិកនឹងរឹតត្បិតទិដ្ឋាការចំពោះមន្ត្រីចិនមួយចំនួន។
លោក Pompeo បានចោទថា អាជ្ញាធរចិនបានរឹតត្បិតការធ្វើដំណើរទៅកាន់ដែនដីទីបេចំពោះមន្ត្រី អ្នកកាសែត និងអ្នកទេសចរណ៍អាមេរិក ខណៈដែលមន្ត្រីនិងអ្នកទេសចរចិនអាចធ្វើដំណើរដោយសេរីជាងនៅទូទាំងសហរដ្ឋអាមេរិក។
លោក Pompeo បានចោទពីការរំលោភសិទ្ធិមនុស្សនៅទីបេដែលជាដែនដីកាន់តែមានសារៈសំខាន់ដល់សន្តិសុខតំបន់ និងការខកខានរបស់ចិនមិនបានទប់ស្កាត់ផលប៉ះពាល់បរិស្ថានកាន់តែធ្ងន់ធ្ងរនៅតំបន់ដែលជាប្រភពទឹកនៃទន្លេធំៗរបស់ទ្វីបអាស៊ី។
អ្នកនាំពាក្យលោក Zhao Lijian បានព្រមានសហរដ្ឋអាមេរិកមិនឲ្យជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនទាក់ទងនឹងបញ្ហាដែនដីទីបេតិ៍ បើមិនដូច្នោះទេនឹងប្រថុយប្រថាននឹងការធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែត្រូវខូចខាត។
ទំនាក់ទំនងរវាងអាមេរិកនិងចិនក្នុងប៉ុន្មានខែចុងក្រោយកាន់តែមានភាពតានតឹងដោយសារមានជម្លោះពាណិជ្ជកម្មនិងបញ្ហាការបារម្ភអំពីសិទ្ធិមនុស្សទាក់ទងនឹងដែនដីហុងកុងនិងការឃុំឃាំងជនជាតិភាគតិចអ៊ុយហ្គ័ររហូតដល់១លាននាក់នៅខេត្ត Xinjiang៕