លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានប្រាប់សមភាគីចិនរបស់លោកនៅក្នុងកិច្ចប្រជុំមួយដែលផ្តោតទៅលើទំនាក់ទំនងកាន់តានតឹងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុង ប៉េកាំង ថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពរបស់ចិន។
លោកPompeoបានថ្លែងប្រាប់លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនកាលពីថ្ងៃចន្ទ នៅក្នុងទីក្រុង ប៉េកាំងថា «យើងមានការមិនឯកភាពគ្នាជាមូលដ្ឋានមួយ»។ ភាគីទាំងពីរជួបនិយាយគ្នានិងប្រើប្រាស់ភាសាធ្ងន់ៗដែលកម្រប្រើពីមុនមកក្នុងកិច្ចប្រជុំការទូតរបៀបនេះ។
លោក Wang បានចោទប្រកាន់សហរដ្ឋអាមេរិកថាបង្កើនភាពតានតឹងខាងពាណិជ្ជកម្មជាមួយនឹងចិន ហើយថា រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន កំពុងតែទាក់ទងជាមួយនឹងកោះតៃវ៉ាន់ ក្នុងរបៀបមួយដែល «ប៉ះពាល់ដល់ផលប្រយោជន៍សំខាន់របស់ចិន»។ រដ្ឋាភិបាលក្រុង ប៉េកាំង ចាត់ទុកកោះតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន។
ជំនួបនេះត្រូវបានធ្វើឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីលោកMike Pence អនុប្រធានាធិបតីអាមេរិក បានថ្លែងសុន្ទរកថាមួយ ចោទប្រកាន់ប្រទេសចិនថាគឃ្លើនខាងយោធា ជាចោរបន្លំខាងពាណិជ្ជកម្ម បំពានសិទ្ធិមនុស្សកាន់តែខ្លាំង និងជ្រៀតជ្រែកទៅក្នុងការបោះឆ្នោតប្រឆាំងនឹងលោក ត្រាំ។
ខ្លឹមសារដកស្រង់មួយរបស់អាមេរិកដែលត្រូវបានចេញផ្សាយក្រោយជំនួបកាលពីថ្ងៃច័ន្ទបានឲ្យដឹងថា លោក Pompeo «បានលើកឡើងពីចំណុចនានាដែលសហរដ្ឋអាមេរិកនិងចិនមិនឯកភាពគ្នា ដោយរួមទាំងបញ្ហានៅសមុទ្រចិនខាងត្បូងនិងសិទ្ធិមនុស្សផងដែរ។ លោកក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាសន្តិសុខនិងស្ថិរភាពផងដែរ៕