រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី (John Kerry)កំពុងត្រូវបានជំរុញឲ្យធានាថា កំណែទម្រង់តាមប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ត្រូវស្ថិតនៅក្នុងរបៀបវារៈកំពូលរបស់លោក នៅពេលដែលលោកជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងប្រទេស ក្នុងទីក្រុងភ្នំពេញនៅថ្ងៃអង្គារ។
ដោយមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី កំពុងនិរទេសខ្លួនឯងនៅក្រៅប្រទេស ដើម្បីគេចពីអ្វីដែលគេចាត់ទុកជាទូទៅថាជាការចោទប្រកាន់ ដែលមានលក្ខណៈនយោបាយ ហើយសមាជិកនិងសកម្មជនបក្សប្រឆាំងចំនួន១៧នាក់កំពុងជាប់ពន្ធនាគារនោះក្រុមសិទ្ធិមនុស្សនិយាយថាការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងការទូតត្រូវតែភ្ជាប់ជាមួយនឹងការធានាពីភាគីកម្ពុជាឲ្យមានកំណែទម្រង់។
តែទោះជាយ៉ាងនេះក្តី ដោយសារតែកម្ពុជា ប្រកែកមិនព្រមនិយាយ ជាមួយសមាជិកជាច្រើនក្នុងសមាគមអាស៊ាន អំពីការទាមទារដែនសមុទ្រចិនខាងត្បូងនោះ ប្រទេសកម្ពុជា ស្ថិតនៅក្នុងទីតាំងមួយដែលជួយបង្កើនអានុភាពនយោបាយនៅក្នុងការប្រជែងគ្នារវាងចិននិងស.រ.អា. ដើម្បីមានឥទ្ធិពលនៅក្នុងតំបន់។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ និងជាស្ថាបនិក ស្ថាប័នស្រាវជ្រាវគោលនយោបាយមួយឈ្មោះ វេទិការអនាគតនោះ មានប្រសាសន៍ថា «តាមពិតទៅកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសតូចៗ ដែលមិនគួរមានឥទ្ធិពលច្រើនដល់ម្លឹងនៅក្នុងឆាកល្ខោននយោបាយរបស់ប្រទេសមហាអំណាច ប៉ុន្តែដោយសារកម្ពុជាគឺជាផ្នែកមួយរបស់អាស៊ាន ដូច្នេះហើយទើបកម្ពុជាកំពុងក្លាយជាប្រទេសដ៏សំខាន់មួយ»។
លោកថ្លែងបន្ថែមថា «ប៉ុន្តែ ក៏ដោយសារកម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយចិន ហើយគឺជាកូនអុកមួយរបស់ចិននៅពេលដែលអាស៊ានរួបរួមគ្នានោះ កម្ពុជាឥលូវក៏ក្លាយទៅជាប្រទេសតូចដ៏សំខាន់មួយ សម្រាប់ការងាករបស់ស.រ.អា. មករកតំបន់អាស៊ីវិញនេះ»។
លោក ឃែរី បំពេញទស្សនកិច្ចក្នុងទីក្រុងភ្នំពេញដើម្បីពិភាក្សាបញ្ហាពាណិជ្ជកម្មទ្វេភាគី និងការរឹតចំណងទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជានៅមុនកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក្នុងរដ្ឋកាលីហ្វ័រញ៉ានៅខែក្រោយ។
ចាប់តាំងពីដើមទសវត្ស១៩៩០មក ដោយមានការសម្រួលពន្ធនាំចេញទៅកាន់ស.រ.អា. និងសហភាពអ៊ឺរ៉ុប ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់របស់កម្ពុជាបានកើនឡើងពីជិត១ភាគរយនៃផលិតផលក្នុងស្រុកសរុបទៅដល់ជិត១០ភាគរយនៃផលិតផលក្នុងស្រុកសរុបសព្វថ្ងៃនេះ។
ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៥ វិស័យនាំចេញរបស់កម្ពុជា គិតជាទឹកប្រាក់ មានតម្លៃជាង៣ពាន់លានដុល្លារ ហើយជួលកម្លាំងកម្មករជាង៦០ម៉ឺននាក់។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន មានប្រសាសន៍ថានេះគឺជាការរួមចំណែកខាងសេដ្ឋកិច្ចដ៏ធំពីស.រ.អា.ចំពោះកម្ពុជា។
ប៉ុន្តែលោក ផៃ ស៊ីផាន បន្ថែមថាការរួមចំណែកនេះ ភ្ជាប់មកជាមួយនូវលក្ខខណ្ឌជាច្រើន ដែលរួមបញ្ចូលទាំងការលើកកម្ពស់សិទ្ធិមនុស្សនិងការកែទម្រង់តាមបែបប្រជាធិបតេយ្យនៅក្នុងប្រទេសផងដែរ។
ផ្ទុយទៅវិញលោក ផៃ ស៊ីផាន ថ្លែងថាប្រទេសចិនមិនបានភ្ជាប់លក្ខខណ្ឌដូចនេះនឹងកម្ចីឥណទានរបស់ខ្លួនដែលកម្ពុជាត្រូវការយ៉ាងខ្លាំងសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ និងទំនប់វារីអគ្គីសនី ដើម្បីដើរឲ្យទាន់ការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេមួយ ក្នុងតំបន់អាស៊ីនេះ៕