សហរដ្ឋ​អាមេរិក​ចោទ​ប្រកាន់​ស្ត្រី​ជាតិ​រុស្ស៊ី​ម្នាក់​ពី​ការ​រួម​គំនិត​ជ្រៀត​ចូល​អង្គការ​នយោបាយ​របស់​អាមេរិក

អ្នក​ស្រី Maria Butina មេដឹកនាំ​អង្គការ​គាំទ្រ​ការ​កាន់​កាំភ្លើង​នៅ​រុស្ស៊ី ថ្លែង​ទៅ​កាន់​ហ្វូង​មនុស្ស​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​ឲ្យ​ការ​កាន់​កាំភ្លើង​ដៃ​មាន​ភាព​ស្រប​ច្បាប់ នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

អ្នកគាំទ្រ​សិទ្ធិ​មាន​កាំភ្លើង​ជាតិ​រុស្ស៊ី​ម្នាក់​ដែល​មាន​ចំណង​ទាក់​ទង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​សមាគម​កាំភ្លើង​ជាតិ​ដែល​តំណាង​ឲ្យ​រុស្ស៊ី​បាន​រងការ​ចោទប្រកាន់​កាល​ពី​ថ្ងៃ​ចន្ទ​ពី​ការ​ឃុបឃិត​ជ្រៀត​ចូល​អង្គការ​នយោបាយ​សហរដ្ឋ​អាមេរិក​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រតិបត្តិការ​ដ៏មាន​ឥទ្ធិ​ពលរបស់​រដ្ឋាភិបាល​ក្រុង​មូស្គូក្នុង​សហរដ្ឋ​អាមេរិក។

អ្នកស្រី Maria Bitina ​អាយុ​២៩​ឆ្នាំ​ដែល​គណនី​ប្រព័ន្ធ Twitter ពណ៌នា​អ្នក​ស្រីថាជា​អ្នក​បង្កើត​និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​របស់​អង្គការ​សិទ្ធិ​មានកាំ​ភ្លើង ឬ «Right to Bear Arms» ​ហើយ​បាន​ធ្វើ​ការ​ជា​អ្នក​ជំនួយ​ការ​ពិសេស​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​រុស្ស៊ី ​បាន​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​ការិយាល័យ​ស៊ើបអង្កេត​សហ​ព័ន្ធ FBI ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

​អ្នកស្រី Butina ​បាន​បង្ហាញ​ខ្លួនក្នុង​តុលាការ​សហព័ន្ធ​កាល​ពី​រសៀលថ្ងៃ​ចន្ទ​ដើម្បី​ប្រឈម​ការ​ចោទ​ប្រកាន់​ពី​ការ​រួមគំនិត​ធ្វើ​ជា​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​មិន​មាន​ការ​ផ្តល់ព័ត៌មាន​ជូនរដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌។ ចៅ​ក្រមបាន​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​អ្នកស្រី រងចាំ​សវនាការ​នៅ​ថ្ងៃ​ពុធ។

​សំបុត្រ​ភស្តុតាង​របស់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI ពណ៌នា Butina ជា​ភ្នាក់​ងារ​លាក់មុខ​របស់​រុស្ស៊ី​ដែល​បាន​ទៅសហរដ្ឋ​អាមេរិក​ជា​ច្រើនលើក​មុន​ពេល​ចូល​សហរដ្ឋ​អាមេរិក​ដោយ​ប្រើ​ប្រភេទ​ទិដ្ឋាការ​និស្សិត​នៅ​ខែ​សីហា ​ឆ្នាំ​២០១៦​ហើយ​បាន​រស់​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

សំបុត្រ​ភស្តុតាង​នោះ​មិន​បាន​និយាយ​ឈ្មោះ​មន្ត្រី​រុស្ស៊ី​ដែល​អ្នកស្រី​បាន​ធ្វើ​ការ​ឲ្យ​ទេ ​ក៏ប៉ុន្តែ​ការ​ពណ៌នា​របស់​សំបុត្រ​ភស្តុតាង​នោះ​ទៅ​នឹង​ស្រដៀងទៅ​នឹង Alexander Torshin ​អភិបាល​រង​ធនាគារ​កណ្តាល​រុស្ស៊ី​និង​ជាអតីត​សមាជិក​ព្រឹទ្ធសភា​ក្នុង​គណបក្ស​សហភាព​រុស្ស៊ី​របស់​ប្រធានា​ធិបតីរុស្ស៊ី Vladimir Putin។​ លោក Robert Driscoll ​មេធាវី​របស់​អ្នកស្រី Butina ​បាន​ចេញ​ថ្លែងការណ៍​បដិ​សេធ​ថា «អ្នកស្រី​មិន​មែន​ជា​ភ្នាក់​ងារ​របស់​សហព័ន្ធ​រុស្ស៊ីទេ»។ លោក​បាន​ពណ៌នា​អ្នកស្រី​ថាជា​ពលរដ្ឋ​រុស្ស៊ី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ប្រើ​ទិដ្ឋាការ​និស្សិត៕