អាមេរិក​ចោទ​ប្រកាន់​មនុស្ស​ពីរ​នាក់​បន្ថែម​ទៀត​ថា​ជា​អ្នក​គាំទ្រ​ក្រុម​រដ្ឋ​អ៊ីស្លាម

តុលាការ​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ក្រុង​ញូវយ៉ក។

អាជ្ញាធរ​ស.រ.អា.​បាន​និយាយ​ថា ​បុរស​ពីរ​នាក់​ដែល​បាន​ត្រូវ​ចោទប្រកាន់​ថា​បាន​គ្រោង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ក្នុង​ការ​វាយ​ប្រហារ​ក្រុម​ប៉ូលិស​នៅ​ក្នុង​រដ្ឋ​ Massachusetts ​បាន​ត្រូវ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដោយ​ផ្តល់​ការ​គាំទ្រ​ខាង​សម្ភារៈ​ដល់​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម។

សេចក្តី​ថ្លែងការណ៍​មួយ​នៃ​ក្រសួង​យុត្តិធម៌​ស.រ.អា.​បាន​ប្រាប់​ឈ្មោះ​ជន​ជាប់ចោទ​ថា ​ឈ្មោះ​ David Wright អាយុ​២៥ឆ្នាំ​នៅ​ក្រុង Everett រដ្ឋ Messachusetts និង​ឈ្មោះ Nicholas Rovinski អាយុ​២៤ឆ្នាំ​នៅ​ក្រុង​ Warwick រដ្ឋ Rhode Island។​ Rovinski បាន​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​បាន​កំណត់​ឲ្យ​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​សហព័ន្ធ​ក្នុង​ក្រុង Boston នៅ​ថ្ងៃ​សុក្រ។ ​ឈ្មោះ Wright បាន​កំណត់​ឲ្យ​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​នៅ​ថ្ងៃ​ក្រោយ។​

សេចក្តី​ថ្លែងការណ៍​នេះ​បាន​និយាយ​ថា «Wright និង​ Rovinski បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ជា​មួយ​គ្នា​ ជាមួយ​អ្នក​រួម​គំនិត​មិន​ស្គាល់​ឈ្មោះ​ផ្សេង​ទៀត​និង​ជាមួយ​ឈ្មោះ ​Usaamah Abdullah Rahim ​អាយុ២៦ឆ្នាំ​ ដែល​ជា​ឪពុកមារបស់ Wright ដែល​រស់​នៅ​ក្នុង​ក្រុង​ Roslindale រដ្ឋ Massachusetts ​រហូត​ដល់​ពេល​គាត់​ស្លាប់​កាល​ពី​ថ្ងៃ​ទី២​ខែមិថុនា​ឆ្នាំ២០១៥។​ Rahim បាន​ត្រូវ​បាញ់​ស្លាប់​នៅ​ក្រោយ​គាត់​បាន​វាយ​ប្រហារ​ក្រុម​ប៉ូលិស​នៅ​ក្នុងកន្លែង​ចតឡាន​មួយ​ក្នុង​ក្រុង Roslindale»។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​និយាយ​ថា​បុរស​ទាំង​បី​នាក់​នេះ​គឺឈ្មោះ​ Wright Rovinski និង​ Rahim ​បាន​ឃុបឃិត​រួម​គំនិត​គ្នា​ក្នុង​ការ​វាយ​ប្រហារ និង​សម្លាប់​មនុស្សនៅ​ក្នុង​ស.រ.អា.​ដែល​ជា​សកម្មភាព​ពួក​គេ​មាន​ជំនឿ​ថា​ជា​ការ​គាំទ្រ​ដល់​គោលដៅ​ពួក​រដ្ឋ​អ៊ីស្លាម»៕