ធនាគារកណ្តាលសហរដ្ឋអាមេរិក បានផ្តល់សញ្ញាកាលពីថ្ងៃពុធម្សិលមិញថា ខ្លួនមានគម្រោងចាប់ផ្តើមបង្កើនអត្រាការប្រាក់នៅខែមីនាខាងមុខ ដើម្បីទប់ទល់នឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដែលនឹងឈានទៅដល់ការកាត់បន្ថយអតិផរណា។
ធនាគារកណ្តាលសហរដ្ឋអាមេរិក បានរក្សាអត្រាការប្រាក់ឲ្យនៅក្បែរសូន្យចាប់តាំងពីពេលដែលជំងឺកូវីដ១៩ ចាប់ផ្ដើមរាតត្បាតនៅក្នុងសហរដ្ឋអាមេរិកកាលពីខែមីនា ឆ្នាំ ២០២០ មក។ ការធ្វើដូច្នេះ គឺដើម្បីជួយជំរុញឲ្យមានការរីកចម្រើនសេដ្ឋកិច្ចលឿនជាងការរំពឹងទុក និងកាត់បន្ថយអត្រាគ្មានការងារធ្វើ។
ទោះជាយ៉ាងណាក៏ដោយ កាលពីខែធ្នូកន្លងទៅ តម្លៃទំនិញបានកើនឡើង ៧% ក្នុងរយៈពេលមួយឆ្នាំ ដែលជាការកើនឡើងបែបនេះដ៏ខ្លាំងបំផុត នៅក្នុងរយៈពេល ៤ ទសវត្សរ៍ចុងក្រោយនេះ។
បន្ទាប់ពីជំនួបរយៈពេល ២ ថ្ងៃនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនមក ក្រុមអ្នកតាក់តែងគោលនយោបាយសហរដ្ឋអាមេរិក មិនបាននិយាយអំពីថា តើអត្រាការប្រាក់ចំនួនប៉ុន្មានដែលនឹងត្រូវបង្កើននោះទេ ក៏ប៉ុន្តែ អ្នកវិភាគហិរញ្ញវត្ថុនានាបានសន្និដ្ឋានថា អត្រាការប្រាក់ ប្រហែលជាអាចនឹងបង្កើនចំនួន ០,២៥% ហើយនៅក្នុងឆ្នាំ ២០២២ នេះ អាចនឹងមានការបង្កើនដូចនេះប្រហែលជា ៣ ដងទៀត៕