បុគ្គលិកសុខាភិបាល និងពលរដ្ឋដែលស្នាក់នៅមណ្ឌលចាស់ជរា ស្ថិតក្នុងចំណោមពលរដ្ឋអាមេរិក ដែលនឹងទទួលបានវ៉ាក់សំាងកូវីដ១៩ មុនគេ។ នេះបើតាមការសម្រេចរបស់គណ:កម្មាធិការប្រឹក្សានៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញ។
គណ:កម្មាធិការនេះ បានបោះឆ្នោតក្នុងសំឡេង ១៣ ទល់នឹង ១ ដោយសម្រេចថា នៅពេលដែលវ៉ាក់សាំងកូវីដ១៩ ទទួលបានការអនុញ្ញាត ពលរដ្ឋមួយចំនួនក្នុងចំណោមពលរដ្ឋ ២៤ លាននាក់ ដែលជាបុគ្គលិកសុខាភិបាល និងជាអ្នកដែលស្នាក់នៅមណ្ឌលចាស់ជរា និងទទួលបានវ៉ាក់សាំងនេះមុនគេ ដោយសារតែការផ្គត់ផ្គង់នៅមានកម្រិត ស្របពេលដែលការផលិតកំពុងបង្កើនឡើង។
ការសម្រេចរបស់គណ:កម្មាធិការប្រឹក្សាសម្រាប់ការចាក់ថ្នាំបង្ការនៃមជ្ឈមណ្ឌល CDC របស់សហរដ្ឋអាមេរិកនេះ បានធ្វើឡើង បន្ទាប់ពីករណីឆ្លងជំងឺកូវីដ១៩ កើនឡើងខ្លាំងនៅទូទាំងប្រទេស។ សហរដ្ឋអាមេរិក មានករណីឆ្លងថ្មីចំនួន ៤ លាន ៣ សែន ៦ ម៉ឺនករណីក្នុងខែវិច្ឆិកា គឺកើនឡើងប្រមាណទ្វេដងបើប្រៀបធៀបទៅនឹងខែតុលា៕