ហេតុការណ៍ហិង្សាសម្រុកចូលវិមានសភាសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានរំឭកដល់ពលរដ្ឋទីក្រុងហុងកុងនូវភាពច្របូកច្របល់ដែលបានកើតឡើងនៅក្នុងសភាហុងកុងកាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៩។
ថ្ងៃទី ១ ខែកក្កដាគឺជាថ្ងៃដ៏សំខាន់សម្រាប់ទីក្រុងហុងកុង។ វាជាខួបនៃការប្រគល់ទីក្រុងហុងកុងដោយចក្រភពអង់គ្លេសទៅឲ្យប្រទេសចិនវិញនៅក្នុងឆ្នាំ ១៩៩៧ និងបានទាក់ទាញឲ្យមានការជួបជុំជារៀងរាល់ឆ្នាំនៅចំខួបនេះចាប់តាំងពីពេលនោះមក។
ប៉ុន្តែ ការជួបជុំកាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៩ គឺខុសពីរាល់ដង ដោយបាតុករបានតវ៉ាប្រឆាំងនឹងសំណើច្បាប់បត្យាប័នរបស់ទីក្រុងហុងកុង។
នៅពេលនោះ ក្រុមបាតុករបានសម្រុកចូលទៅក្នុងអគារសភារបស់ទីក្រុងហុងកុង ដោយបំបែកជញ្ជាំងកញ្ចក់និងទ្វារដែក ខណៈដែលប៉ូលិសបានជៀសវាងមិនឲ្យមានការប្រឈមមុខជាមួយក្រុមបាតុករ។
ចាប់តាំងពីមានភាពចលាចលកើតឡើងកាលពីថ្ងៃពុធសប្ដាហ៍មុននៅវិមានសភាសហរដ្ឋអាមេរិកមក មន្ត្រីគណបក្សកុម្មុយនីស្តចិន និងអ្នកដែលពាក់ព័ន្ធនឹងគណបក្សនេះ បានធ្វើការប្រៀបធៀបជាសាធារណៈរវាងព្រឹត្តិការណ៍នៅវិមានសភាអាមេរិកនេះ និងព្រឹត្តិការណ៍នៅសភាទីក្រុងហុងកុង។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Hua Chunying បានបង្ហោះវីដេអូមួយនៅលើ Twitter អំពីព្រឹត្តិការណ៍ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៩ ក្នុងទីក្រុងហុងកុង ដែលមានចំណងជើងថា៖ «ហ្វូងមនុស្សសង្គ្រប់សម្រុកចូលសភាហុងកុង» ដោយហាក់ដូចជាឌឺដងដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ទាក់ទិននឹងការប្រៀបធៀបនេះ លោក Nathan Law ដែលជាសកម្មជនហុងកុងកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស បានលើកឡើងនៅលើ Twitter ថា នេះគឺជាការប្រៀបធៀបមិនត្រឹមត្រូវ។
លោកបានបញ្ជាក់ដូច្នេះថា៖ «ក្រុមបាតុករ [ក្រុងហុងកុង] មានការយល់ដឹងច្បាស់ថាអ្វីដែលជាគោលដៅដែលពួកគេសំដៅលើនោះ។ ពួកគេគ្រាន់តែបានធ្វើឲ្យខូចខាតនិមិត្ដសញ្ញានៃរបបផ្តាច់ការតែប៉ុណ្ណោះ។ ពួកគេធ្វើការប្រឆាំងតវ៉ាដើម្បីឲ្យសង្គមមានភាពប្រសើរនិងមានយុត្តិធម៌។ ពួកគេបានទាមទារឲ្យរដ្ឋាភិបាលដែលឡើងកាន់អំណាចមិនតាមរយៈការបោះឆ្នោត ឲ្យអនុវត្តនូវប្រព័ន្ធបោះឆ្នោតមួយដែលមានភាពយុត្តិធម៌និងសេរី»៕