ខ្មែរ​អាមេរិកាំង​នឹង​ធ្វើ​បាតុកម្ម​នៅ​សភា​ជាតិ​តវ៉ា​លទ្ធផល​ឆ្នោត​នៅ​កម្ពុជា

វិមានសភាជាតិ​សហរដ្ឋ​អាមេរិក

វ៉ាស៊ីនតោន៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​សម្តែង​ការ​សោក​ស្តាយ​ដែល​គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​ មិន​បាន​យក​ចិត្ត​ទុកដាក់លើ​ការ​ទាម​ទារ​របស់​ពលរដ្ឋ​ខ្មែរឱ្យ​ដោះស្រាយភាពមិន​ប្រក្រតី​ ហើយ​ប្រកាស​ផ្តល់​ជ័យ​ជម្នះ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពីថ្ងៃ​អាទិត្យ​សម្រាប់​ការ​បោះឆ្នោត​ជាតិ ​ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា។

សហគមន៍​ខ្មែរ​ដែល​នៅ​តំបន់​ជុំ​វិញ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ នឹង​នាំ​យកការមិនសុខ​ចិត្ត​របស់​ពួកគេ​តវ៉ា​ទៅ​សភាជាតិ​សហរដ្ឋ​អាមេរិក​នៅថ្ងៃ​ទី​១៨​ ខែ​កញ្ញា​ខាង​មុខ​នេះ​ដើម្បី​ឱ្យ​សហរដ្ឋ​អាមេរិក​បន្ត​ដាក់​ការគាបសង្កត់លើរដ្ឋាភិបាល​កម្ពុជា​ឱ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតីទាំង​នោះ​និង​គាំទ្រ​ដល់​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ចិត្ត​របស់សភាសហរដ្ឋ​អាមេរិក​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ថវិកា​របស់​សហរដ្ឋ​អាមេរិក។​

លោក​យ័ប គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​បាន​បញ្ជាក់​ពី​ការខក​ចិត្ត​របស់​លោក​ថា៖

«ខ្ញុំ​គួរ​ឱ្យ​សោក​ស្តាយ​ដែរ​ដែល​ថា​គណបក្ស​ប្រជាជន​ហើយ​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ ការបោះឆ្នោត​ហ្នឹង​មិន​បាន​ស៊ើ​បអង្កេត​ឱ្យ​បាន​ត្រឹម​ត្រូវ​ហើយ​បាន​ក៏​ប្រកាស​ថា​គណបក្ស​ប្រជាជន​ឈ្នះ​អញ្ចឹង​ធ្វើ​ឱ្យ​ទៅថ្ងៃ​ក្រោយ​ធ្វើឱ្យ​ប្រជាជន​ខ្មែរ​ថា​ឈ្នះ​ដោយ​សារ​លួច​ ឈ្នះដោយ​មិន​ត្រឹម​ត្រូវ»។

លោក​ទូច វិបុល​ ប្រធាន​មូលនិធិ​សង្រ្គោះជាតិ​និង​ជា​អ្នក​រៀបចំម្នាក់​នៃ​ការ​តវ៉ា​នៅ​សភាជាតិ​អាមេរិកាំងបាន​ចោទ​ប្រកាន់​ថា​គ.ជ.​ប​បាន​ធ្វើ​ខ្លួន​ជា​ឧបករណ៍​នយោបាយ​របស់​គណបក្ស​គ្រប់​គ្រង​អំណាច។

«ការប្រកាស​លទ្ធផល​ដោយ​មិន​បាន​ស្រាវជ្រាវ​ឬសំឡឹង​ទៅមើល​តំបន់​ដែល​មាន​បញ្ហា​លួច​សន្លឹកឆ្នោត​ឬក៏​បាត់​ឈ្មោះ​បញ្ជី​ឆ្នោត​នានា​ហើយ​យើង​ទៅ​ប្រកាស​លទ្ធផល​អញ្ចឹង​ឆ្លុះ​បញ្ចាំង​ថា​គ.ជ.ប​ជា​ អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង​ហើយ​ខ្ញុំ​គិតថា​បងប្អូន​ខ្មែរ​យើង​ទាំង​នៅ​ក្រៅ​ស្រុក​ទាំងនៅ ក្នុង​ស្រុក​គឺ​មិន​យល់​ស្រប​ទៅ​នឹង​អ្វី​ដែល​គ.ជ.ប​បាន​ប្រកាស​ហ្នឹង​ទេ»។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​អាសនៈ​ចំនួន​៦៨ ហើយ​គណបក្ស​សង្គ្រោះជាតិ​ទទួលបា​ន​អាសនៈ​ចំនួន​៥៥។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​អះអាង​ថា​បើ​មាន​ការ​ស៊ើប​អង្កេត​ត្រឹមត្រូវ​ខ្លួន​នឹង​ទទួលបាន​អាសនៈ​រហូត​ដល់​៦៣​ដែល​អាច​បង្កើត​រដ្ឋាភិបាល​តែម្នាក់​ឯង​បាន។

គេ​រំពឹង​ថា​បាតុកម្ម​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នា​ពេល​ខាង​មុខ​នេះ​នឹង​ធ្វើ​ក្នុង​រូប​ភាព​តូច​ដែល​មាន​អ្នក​ចូលរួម​ប្រហែល​១០០​នាក់​ប៉ុណ្ណោះ។

លោក​ទូច​ វិបុល ​បាន​បន្ថែម​ថា បាតុកម្ម​ដែល​នឹង​ធ្វើ​ឡើង​ជា​ការ​ចាំ​បាច់​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ខក​ខាន​ក្នុង​ការ​បំពេញ​តាម​តម្រូវ​ការ​យុត្តិធម៌​មួយ​របស់​ពលរដ្ឋ​ក្នុងស្រុក​ដែល​មិន​មាន​សំឡេង​អាច​និយាយ​ចេញ​មក​សហគមន៍​អន្តរជាតិ​បាន​ដឹង​ឮ​។

«ទីមួយ​យើង​សម្តែង​ការ​គាំទ្រ​របស់​យើង​ទៅ​លើ​សេចក្តី សម្រេច​របស់​សភា​ហើយ​នឹង​ព្រឹទ្ធ​សភា​របស់​សហរដ្ឋ​អាមេរិក​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ កម្ពុជា​ក៏​ដូច​ជា​បំណុល​ដែល​ពាក់​ព័ន្ធ​ទៅ នឹង​កម្ពុជា​ផងដែរ​លើ​ស​នេះ​ទៅ ទៀត​យើង​ក៏​ឆក់​យក​ឱកាស​ហ្នឹង​គឺ​ថា​ស្នើ​សុំ​ទៅ ឱ្យ​សហរដ្ឋ​អាមេរិក​ប្រកាន់​នូវ​ជំហរ​បន្ត​ការដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​យ៉ាង​ម៉េច​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​នូវ​គណៈកម្មការ​ចម្រុះ មួយ​ដើម្បី ត្រួត​ពិនិត្យ​ទៅលើភាព​មិន​ប្រក្រតី នានា​ពាក់​ព័ន្ធ​ក្នុង​ពេល​បោះឆ្នោត»។​

អ្នក​វិភាគ​នយោបាយ​និង​ជា​សកម្ម​ជន​សហគមន៍​មួយ​ក្នុង​រដ្ឋ​ម៉ារីឡែន គឺ​ លោក គុជ​ ច័ន្ទលី​ យល់​ថា​ច្រក​ដោះស្រាយ​តាម​រយៈ​ការ​ជួប​ចរចា​គ្នា​រវាង​មេដឹកនាំ​ធំៗ​ទាំងពីរ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​នៅ តែ​មាន​នៅ​ឡើយ​ទេ​ប៉ុន្តែ​វា​ទាម​ទារ​នូវការ​ស្មោះត្រង់​ក្នុង​ស្មារតី​គោរព​គ្នា​ទៅវិញ​ទៅ​មក​។ លោ​ក​បាន​បន្ថែម​ថា​ទន្ទឹម​គ្នា​នេះ​ដែរ​ពលរដ្ឋ​ត្រូវ​បន្ត​ទាមទារ​ដើម្បី​ឱ្យ​អ្នក​នយោបាយ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​មិន​សុខ​ចិត្ត​របស់​ពួកគេ។

«ខ្ញុំ​យល់​ឃើញ​ថា​បើ​សិន​ជាយើង​ទាំងអស់​គ្នា​ប្រជាពលរដ្ឋខ្មែរ​យើង​ទាម​ទារ​កុំ​ឈប់​នៅ​តែ​ទាមទារ​តទៅ​ទៀត​លុះ​ត្រា​តែ​មាន​ដំណោះស្រាយ​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជា​ពលរដ្ឋខ្មែរ​យើង​សព្វថ្ងៃ​នេះ​បាន​យើង​រក​សន្តិភាព​ឃើញ​ពុំ​ដូច្នោះ ទេ​ខ្ញុំ​ជឿ​ថា​វា​មាន​ការ​បង្ហូរឈាម​ដែល​បង្កឡើង​ដោយ​រាជរដ្ឋាភិបាល​ជាអតីត​ខ្មែរ​ក្រហម​នោះ​តទៅ​ទៀត​ជាមិន​ខាន​ទេ»។

គណបក្ស​សង្គ្រោះជាតិក៏​ប្រកាស​ធ្វើ​បាតុកម្ម​តវ៉ា​គ្មាន​ទីបញ្ចប់​ដោយ​ចាប់​ផ្តើម​តវ៉ា​ដំបូង​រយៈ​ពេល​បី​ថ្ងៃ​គឺ​ថ្ងៃ​១៥​ដល់​១៧​ខែ​កញ្ញា​ខាងមុខ​នេះដែរ។ បាតុករ​ចូលរួម​នឹង​អង្គុយ​នៅ​ទីនោះ​មិន​ចេញ​ទៅ​ណា​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ការ​តវ៉ា​របស់​ពួកគេ៕