លោកកែម ឡី អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ បានស្លាប់បាត់បង់ជីវិតមួយឆ្នាំនៅថ្ងៃនេះ ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនៅតែគោរពកេរ្តិ៍ឈ្មោះនិងស្នាដៃរបស់លោកជានិច្ច។
នៅក្នុងពិធីបុណ្យមួយតាមបែបព្រះពុទ្ធសាសនានៅវត្តពុទ្ធិការ៉ាម រដ្ឋម៉ារីឡែន សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះអ្នកចូលរួមមកពីប្រទេសបារាំង កាណាដា និងរដ្ឋជាច្រើននៅជុំវិញសហរដ្ឋអាមេរិកបានរួមគ្នារំលឹកបុណ្យខួបមួយឆ្នាំ ដោយទាមទារឱ្យរកយុត្តិធម៌សម្រាប់លោកកែម ឡី។
លោកយ័ប គឹមទុង ប្រធានសមាគមខ្មែរ-អាមេរិកាំង ដើម្បីសិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៖
«ខ្ញុំថាគាត់ជាគំរូល្អ។ ខ្ញុំសូមអំពាវនាវថា ឱ្យខ្មែរយើងជាច្រើនគ្នានាំគ្នាបង្កើតមនុស្សដូចលោកកែម ឡីឱ្យបាន១.០០០ទៀត។ ហើយខ្ញុំថា រដ្ឋាភិបាលគណបក្សណាកាន់រដ្ឋាភិបាលគួរតែស្តាប់មតិប្រជាជនខ្មែរ ដើម្បីឱ្យដឹងពីការឈឺចាប់របស់ប្រជាជនខ្មែរ ដើម្បីដោះស្រាយទៅវាមានប្រយោជន៍ដល់ប្រជាជនខ្មែរ។ កុំយល់ថាហ្នឹងគឺជា ការឈឺក្បាល»។
អ្នកចូលរួមខ្លះនៅតែបង្ហាញអារម្មណ៍ក្តុកក្តួលដោយឡើងថ្លែងទាំងអួលដើមក បើទោះបីជាមិនដែលបានជួបលោកកែមឡីដោយផ្ទាល់ក៏ដោយ។ អ្នកខ្លះទៀតនឹកស្តាយចំពោះភាពក្លាហាននិងចំណេះដឹងរបស់គាត់។
លោកយ៉ែម បូផាន់មកពីប្រទេសបារាំង៖
«មនុស្សដូចលោកវីរៈបណ្ឌិតកែមឡី ១០០ ឬ២០០ឆ្នាំបានមានមួយគឺ វីរៈបណ្ឌិតកែមឡីគឺតាំងពីឆ្នាំ១៨៤១ ឬ៤៦ដែលឧកញ៉ាសឺន គុយ សុខចិត្តឱ្យយួនកាត់ក ហើយទើបតែមានមួយហ្នឹងទេដែលសុខចិត្តស្លាប់។ ដឹងខ្លួនថា ស្លាប់យកប៉ាស្ព័រទៅដាក់ស្ថានទូតដើម្បីសុំវីសាអត់ទៅយកមកទៀត។ មិត្តភក្តិបរទេសហៅចេញសិនទៅក៏ប៉ុន្តែគាត់ថ្លឹងថ្លែងថាតើយើងស្លាប់មានប្រយោជន៍ ឬស្លាប់អត់ប្រយោជន៍។ បើស្លាប់មានប្រយោជន៍ជាងនៅរស់អាចនឹងស្លាប់ទៅល្អជាង»។
លោកកែម ឡីត្រូវបានឃាតករបាញ់សម្លាប់ក្នុងហាងស្តារម៉ាតនៃស្ថានីយប្រេងសាំងកាល់តិចបូកគោកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ មានជនម្នាក់ឈ្មោះអឿត អាងត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ប៉ុន្តែមហាជនមិនជឿថា បុរសនេះធ្វើសកម្មភាពតែម្នាក់ឯងទេ។
លោកកែម ឡីបានដឹកនាំយុទ្ធនាការចំនួន១០០រាត្រី ដែលស្រាវជ្រាវលើបញ្ហាដែនកោះ និងជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់នៅកម្ពុជា ក៏ដូចជាដឹកនាំយុទ្ធនាការប្រឆាំងនឹងការបំផ្លាញបរិស្ថាន។ លោកក៏បានធ្វើការវិភាគនានា ដែលបង្ហាញពីគ្រួសារបក្សពួកនិយមក្នុងថ្នាក់ដឹកនាំកម្ពុជា ដែលកេងប្រវ័ញ្ចថវិកាជាតិជាដើម។
លោកស្រី Bounchanh Senthavong តំណាងឱ្យសហគមន៍ឡាវនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនបានសម្តែងការសរសើរដល់សកម្មភាពជួយសង្គមរបស់លោកកែម ឡី។
«លោកបណ្ឌិតកែម ឡី មិនគ្រាន់តែជាវីរបុរសសម្រាប់ពលរដ្ឋខ្មែរប៉ុណ្ណោះទេគឺ ខ្ញុំគិតថា គាត់គឺជាវីរបុរសសម្រាប់មនុស្សទាំងអស់នៅលើពិភពលោក ដោយរួមទាំងពលរដ្ឋឡាវផងដែរ។ លោកបានធ្វើកិច្ចការជាច្រើនសម្រាប់ប្រទេសរបស់លោក និងជនរួមជាតិរបស់លោក។ លោកបានអប់រំពួកគេនៅគ្រប់ទិដ្ឋភាពនៃជីវិត។ លោកបានឱ្យពួកគេដឹងពីស្ថានភាពនៅក្នុងពិភពលោក»។
ពិធីបុណ្យមួយឆ្នាំរំឭកដល់លោកកែម ឡីមានធ្វើនៅទីកន្លែងជាច្រើនទៀតដូចជា នៅកម្ពុជា និងប្រទេសអូស្ត្រាលី ប៉ុន្តែលោកស្រីប៊ូ រចនា ភរិយារបស់លោកកែមឡី និងកូនរបស់គាត់ ចំនួនប្រាំនាក់មិនបានចូលរួមដោយផ្ទាល់ទេ។ ពួកគេកំពុងតែសំងំលាក់ខ្លួន ដើម្បីស្វែងរកសិទ្ធិជ្រកកោននយោបាយនៅប្រទេសទីបី។
សកម្មជនខ្មែរ-អាមេរិកាំងក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ដល់ភរិយា និងកូនៗរបស់លោកកែម ឡីឱ្យបានចាកចេញពីកន្លែងលាក់ខ្លួនហើយ ទៅស្នាក់នៅប្រទេសទីបីដោយសុវត្ថិភាព។
លោកព្រឹទ្ធាចារ្យម៉ារិទ្ធ ឆង ដែលមកពីរដ្ឋវ៉ាស៊ីនតោនស្តេតស្នើសុំឱ្យសហគមន៍ជំរុញឱ្យទទួលយកក្រុមគ្រួសាររបស់លោកកែម ឡីឱ្យបានឆាប់។
«ខ្ញុំឆ្ងល់ណាស់អង្គការមនុស្សធម៌ជាច្រើននៅស្រុកខ្មែរមាន UNHCR ម៉េចក៏មិនយកចិត្តទុកដាក់មនុស្សដែលភ័យរបៀបហ្នឹង? អម្បាញ់មិញខ្ញុំបានឮប្អូនឫទ្ធិពលនិយាយអំពីកូតាគឺ ប្រទេសនីមួយៗគេយកក្នុងមួយឆ្នាំបានប៉ុន្មាននោះគឺ សំដៅលើជនអន្តោប្រវេសន៍ទេ ប៉ុន្តែនេះមិនមែនជាករណីជនអន្តោប្រវេសន៍ធម្មតាទេគឺ គាត់ភ័យខ្លួនគឺ ភៀសខ្លួនដូចសម័យយើងអីចឹង»។
លោកស្រីសារីម ម៉ារិទ្ធដែលមកពីរដ្ឋវ៉ាស៊ីនតោនស្តេតបានស្នើឱ្យអ្នកចូលរួមជាស្រ្តីខិតខំរកវិធីយ៉ាងណាជួយដល់អ្នកស្រីប៊ូ រចនា ភរិយាលោកកែមឡី និងកូនទាំងប្រាំនាក់សម្រាប់រយៈពេលយូរអង្វែង។
«ប្រពន្ធលោកកែម ឡី គាត់ម៉េម៉ាយកូនដល់ទៅប្រាំតើទុក្ខវេទនារបស់គាត់ប៉ុណ្ណា? តើយើងមានគំនិតគិតគូទៅដល់ស្រ្តី ដូចគាត់ទេហើយខ្លួនយើងក៏ជាស្រ្តី?»។
រហូតមកដល់ពេលនេះនៅមិនទាន់មានប្រទេសទីបីណាមួយទទួលយកលោកស្រី និងកូនៗជាផ្លូវការនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់អ្នកដែលស្និទ្ធនឹងករណីនេះ។
បើទោះបីជាលោកកែម ឡីបានស្លាប់បាត់បង់ជីវិតអស់រយៈពេលមួយឆ្នាំហើយក៏ដោយ ក៏ប៉ុន្តែកេរ្តិ៍ឈ្មោះកិត្តិយស និងស្នាដៃរបស់លោកមិនរលាយសាបបាត់បង់នោះទេ ហើយបែរជាកាន់តែរីកសុសសាយថែមទៀតជាពិសេសនៅលើទឹកដីសហរដ្ឋអាមេរិកនេះ៕