សហរដ្ឋ​អាមេរិក​អំពាវនាវ​ដល់​ប្រទេស​ចិន​ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្តូរ​វិធី​ដោះ​ស្រាយ​របស់​ខ្លួន​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង

កប៉ាល់​របស់​ចិន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ផ្ទៃ​ទឹក​នៅ​ក្បែរ​កោះ Mischief Reef នៅ ក្នុង​ប្រជុំ​កោះ Spratly Islands ដែល​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។

ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​កំពុង​អំពាវនាវ​ដល់​ប្រទេស​ចិន​ឲ្យ​ផ្លាស់​ប្តូរ​វិធី​ ដោះ​ស្រាយ​របស់​ខ្លួន​ចំពោះ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ជា​ផ្លូវ​ដឹក​ជញ្ជូន​យុទ្ធសាស្រ្ត​ដ៏​សំខាន់​និង​សម្បូរ​ទៅ​ដោយ​ប្រភព​ធន​ធាន​ដែល​បាន​ទាមទារ​ដោយ​ប្រទេស​ជា​ច្រើន។

លោកស្រី Anna Richey-Allen ​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​មាន​ប្រសាសន៍​ថា «យើង​អំពាវនាវ​ដល់​ចិន​ និង​ប្រទេស​ទាម​ទារ​ផ្សេង​ទៀត​ឲ្យ​ទប់​កុំ​ចាត់​វិធានការ​ឆ្ពោះ​ទៅ​កាន់​ការ​ស្ថាបនា​កន្លែង​យោធា​ថ្មី ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា​ជម្លោះ​ខាង​យោធា ​ហើយ​និង​បង្កើន​ការ​ទាម​ទារ​ទឹក​ដីនៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ហើយ​ត្រូវ​តាំង​ចិត្ត​ដើម្បី​ដោះ​ស្រាយដោយ​សន្តិវិធី​ជាមួយ​ប្រទេស​ទាមទារ​ផ្សេង​ទៀត‍»។‍

សេចក្តី​ថ្លែងការណ៍​នោះ​កើត​មាន​ឡើង​នៅពេល​ដែល​ចិន​ជិត​បញ្ចប់​ការ​ស្ថាបនា​ការ​សាងសង់​កន្លែង​យោធា​នៅ​លើ​កោះ​សិប្បនិមិត្ត​របស់​ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារព័ត៌មាន Reuters។

ពួក​មន្រ្តី​មិន​បញ្ចេញ​ឈ្មោះ​របស់​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​នោះ​ថា ​ការ​ស្ថាបនា​ទីកន្លែង​រាប់​សិប​ដែល​មាន​ដំបូល​អាច​បិទ​បើក​បាន​ និង​រចនា​ឡើង​ជា​កន្លែង​សម្រាប់​ផ្ទុក​កាំជ្រួច​មីស៊ីល​សម្រាប់​បាញ់​ពី​ដី​ទៅ​អាកាស​នៅ​លើ​ប្រជុំ​កោះ Spratly ​នោះ​ជិត​ចប់​ហើយ។

លោកស្រី Richey-Allen អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​មាន​ប្រ​សាសន៍​ទៀត​ថា «ប៉ុស្តិ៍​យោធា​បាន​បង្កើត​ការ​តានតឹង ​ហើយសេចក្តី​រាយការណ៍​ទាំង​នេះធ្វើ​ឲ្យ​មាន​ការ​ព្រួយ​កង្វល់​ក្នុង​ចំណោម​ប្រទេស​នានា​នៅ​ក្នុង​តំបន់‍»។

ក្នុង​ព្រឹត្តិការណ៍​មួយ ​ដែល​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ជាការ​ពង្រីក​ខាង​យោ​ធា​ដោយ​ប្រទេស​ចិន ​ពួក​អ្នក​ជំនាញ​ជា​ច្រើន​បាន​ប្រាប់ VOA ​ថា ​ការណ៍​នេះ ​អាច​ចាត់​ទុក​ជា​ការ​សាក​ល្បង​ដំបូង​មួយ​សម្រាប់​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ​ដែល​បាន​ប្រកាន់​ជំហរ​តឹង​តែង​ប្រឆាំង​នឹង​ប្រទេស​ចិន​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក៕