សហរដ្ឋ​អាមេរិក​អំពាវនាវ​ឲ្យ​មាន​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​យេម៉ែន

រូបឯកសារ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​លោក Jim Mattis

លោក Mattis បាន​ថ្លែង​ដូច្នេះ​នៅ​ឯ​ព្រឹត្តិការណ៍​មួយ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដោយថា កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នេះ​នឹង​អនុញ្ញាត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ដក​ខ្លួន​ថយ​ពី​សង្គ្រាម និង​ជួប​ជាមួយ​នឹង​បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​លោក Martin Griffiths។

សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​យេម៉ែន​ ដើម្បី​គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​សន្តិវិធី​ដ៏​យូរ​អង្វែង​មួយ​សម្រាប់​សង្គ្រាម​រយៈពេល​ជាង ៣ ឆ្នាំ​កន្លង​មក។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​លោក Jim Mattis បាន​និយាយ​ថា៖ «យើង​ចង់​ឃើញ​គ្រប់​ភាគី​ទាំង​អស់​ចូលរួម​នៅ​ក្នុង​ការ​ចរចា ផ្អែក​លើ​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា ផ្អែក​លើ​ការ​ដក​ទ័ព​ចេញ​ពី​ព្រំដែន និង​ផ្អែក​លើ​ការ​ឈប់​ទម្លាក់​គ្រាប់​បែក ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​បេសកកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ដើម្បី​ប្រមូល​ផ្ដុំ​ភាគី​ទាំង​អស់​មក​ចរចា​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ុយអែត និង​បញ្ចប់​សង្គ្រាម​នេះ។ យើង​ចាំបាច់​ត្រូវ​ធ្វើ​ដូច្នេះ​នៅ​ក្នុង​រយៈពេល ៣០ ថ្ងៃ​ខាង​មុខ។ យើង​បាន​ធ្លាក់​កប់​ជ្រៅ​ទៅ​ក្នុង​បញ្ហា​នេះ​អស់​រយៈពេល​ជា​យូរ​មក​ហើយ‍»។

លោក Mattis បាន​ថ្លែង​ដូច្នេះ​នៅ​ឯ​ព្រឹត្តិការណ៍​មួយ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដោយ​លោក​បាន​បញ្ជាក់​ថា កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នេះ​នឹង​អនុញ្ញាត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ដក​ខ្លួន​ថយ​ពី​សង្គ្រាម និង​ជួប​ជាមួយ​នឹង​បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​លោក Martin Griffiths។

លោក Mattis បាន​សង្កត់​ធ្ងន់​ថា៖ «វា​ជា​វិធី​តែ​មួយ​គត់​ដែល​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន‍»។ ភ្លាមៗ​បន្ទាប់​មក រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​លោក Martin Griffiths និង​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​ដែល​ឈាន​ទៅ​ដល់​ការ​ចរចា​សន្តិភាព។

ជម្លោះ​នៅ​ក្នុង​ប្រទេស​យេម៉ែន​គឺ​ជា​ភាព​ចម្រុះ​នៃ​ឥទ្ធិពល​ក្នុង​តំបន់ និង​អន្តរជាតិ ដែល​បាន​ចាប់ផ្ដើម​នៅ​ពេល​ដែល​ពួក​ឧទ្ទាម Houthi ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់ ដណ្ដើម​កាន់កាប់​ផ្នែក​នានា​នៃ​ប្រទេស​យេមែន ដែល​ក្នុង​នោះ​មាន​ទាំង​រដ្ឋធានី​យេម៉ែន​ផង​ដែរ ពី​រដ្ឋាភិបាល​យេម៉ែន​ ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ៕