សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស រុស្ស៊ី​មាន​គម្រោង​ឲ្យ​ពលរដ្ឋ​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ

លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ស្តាប់​ក្នុង​ពេល​ធ្វើ​សន្និសីទ​ព័ត៌មាន​សង្ខេប​អំពី​មេរោគ​កូរ៉ូណា​នៅ​ក្នុង​សេតវិមាន​ កាលពី​ថ្ងៃទី១១​ ខែឧសភា ឆ្នាំ២០២០។

សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​រុស្ស៊ី​កំពុង​ប្រុងប្រៀប​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​វិលត្រឡប់​ទៅ​ធ្វើ​ការ ថ្វីបើ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​បន្ត​កើត​មាន​ឡើង​ក៏​ដោយ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ និយាយ​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​ថា សហរដ្ឋអាមេរិក កំពុង​ធ្វើ​តេស្ត​ប្រហែល​៣សែននាក់​ក្នុង​មួយ​ថ្ងៃ​ហើយ​នៅ​ពេល​ឆាប់ៗ​នេះ នឹង​មាន​មនុស្ស​ដែល​ធ្វើ​តេស្ត​ទាំងអស់​ចំនួន​១០លាន​នាក់ ដែល​លោក​ប្រធានាធិបតី និយាយ​ថា មាន​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំងអស់។

មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ម្នាក់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ប្រដាប់​ធ្វើ​តេស្ត​ថ្មី ដែល​ត្រូវ​បាន​យល់ព្រម​ឲ្យ​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​មួយ​ហៅថា Quidel នឹង​បង្កើន​ដំណើរ​ការ​ធ្វើ​តេស្ត ពីព្រោះ​តែ ប្រដាប់​ធ្វើ​តេស្ត​នេះ ស្វែងរក​វត្តមាន​វីរុស​នៅ​ក្នុង​ច្រមុះ។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក រំពឹង​ថា ការ​ធ្វើ​តេស្តថ្មី​ប្រហែល​៩លាន​នាក់ នឹង​ធ្វើ​ជា​រៀងរាល់​ខែ។

សេតវិមាន​បាន​ផ្លាស់ប្តូរ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ពី​ការ​បើក​ប្រទេស​ឡើងវិញ​ទៅ​កាន់​ការ​ធ្វើ​តេស្ត បន្ទាប់ពី​អ្នក​ជំនួយការ​២នាក់​របស់​សេតវិមាន​បាន​ធ្វើ​តេស្ត​មាន​មេរោគ​កូរ៉ូណា​វិជ្ជមាន។ លោក​ប្រធានាធិបតី​ត្រាំ ចង់​បើក​ប្រទេស​ឡើង​វិញ​ឲ្យ​បាន​ឆាប់រហ័ស​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ដើម្បី​បញ្ឈប់​ការ​គ្មាន​ការងារ​ធ្វើ​កាន់​តែ​កើន​ឡើង​ដែល​បាន​ឡើង​ទៅ​ដល់​ចំនួន​ដ៏​ខ្ពស់​បំផុត​មួយ​ដោយ​មាន​មនុស្ស​ជាង​៣០លាន​នាក់​បាន​បាត់បង់​ការងារ​ចាប់​តាំងពី​ពាក់កណ្តាល​ខែមីនា​មក។ អភិបាល​រដ្ឋ​ខ្លះ​បាន​ធ្វើតេស្ត​តែ​មនុស្ស​ដែល​ត្រឡប់​ទៅ​ធ្វើការ​វិញ​តែ​ប៉ុណ្ណោះ។

សហរដ្ឋអាមេរិក​មាន​អ្នក​ឆ្លងជំងឺ​កូវីដ១៩​ច្រើន​ជាងគេ​បង្អស់​ដោយ​មាន​១លាន​៣សែន​៥ម៉ឺន​ករណី និង​មនុស្ស​ស្លាប់​ជាង​៨ម៉ឺន​នាក់។ ក៏ប៉ុន្តែ​រដ្ឋ​ជាច្រើន កំពុង​បើក​ឡើង​វិញ ឬ​មាន​គម្រោង​បើក​ឡើង​វិញ រួម​ទាំង​រដ្ឋញូវយ៉ក និង​រដ្ឋ New Jersey ដែល​មាន​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ដ៏​ច្រើន​បំផុត៕