សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងក្រុមសម្ព័ន្ធមិត្តមួយចំនួនទៀត បានឆ្លើយតបការវាយប្រហារជាច្រើនរបស់ពួកហ៊ូធី (Houthi) លើនាវាដឹកជញ្ជូនអន្តរជាតិក្នុងសមុទ្រក្រហមនិងឈូងសមុទ្រ Aden ដោយធ្វើការវាយប្រហារដ៏ខ្លាំងតាមផ្លូវអាកាស ដើម្បីធ្វើឱ្យក្រុមដែលមានការគាំទ្រពីប្រទេសអ៊ីរ៉ង់នេះចុះខ្សោយ។
ទីបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិកបាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារជាច្រើនតាមផ្លូវអាកាស បានត្រូវចំគោលដៅជាង ៦០ នៅក្នុងទីតាំង ១៦ កន្លែង នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូធីក្នុងប្រទេសយេម៉ែន ដែលរួមមានទីតាំងបញ្ជាគ្រប់គ្រង ឃ្លាំងគ្រាប់ ប្រព័ន្ធឧបករណ៍វាយប្រហារ និងអគារផលិកម្មមួយចំនួន។
«យើងបានវាយប្រហារខ្លាំងនិងចំគោលដៅល្អ»។ នេះបើយោងលើមន្ត្រីការពារជាតិអាមេរិកម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់វីអូអេ ដោយបន្ថែមថា ការវាយប្រហារនោះក៏សំដៅទៅលើប្រព័ន្ធរ៉ាដានិងប្រព័ន្ធការពារដែនអាកាសរបស់ក្រុមហ៊ូធី ដែលមិនបានធ្វើការវាយតបវិញនោះឡើយ។
ការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ដែលត្រូវបានធ្វើឡើងដោយមានការជួយជ្រោមជ្រែងពីកងកម្លាំងនៃប្រទេសអូស្រ្តាលី កាណាដា ហូឡង់ និងប្រទេសបារ៉ែនផងដែរនោះ បានធ្វើការវាយប្រហារពីយន្តហោះប្រយុទ្ធ ពីនាវាក្នុងសមុទ្រ និងនាវាមុជទឹក។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីការពារជាតិអាមេរិកដដែលរូបនេះ។
ក្នុងសេចក្តីថ្លែងការណ៍មួយពីសេតវិមានកាលពីយប់ថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានហៅការវាយប្រហារនោះថា ជាការឆ្លើយតបដោយផ្ទាល់ទៅលើការវាយប្រហាររបស់ក្រុមហ៊ូធីដែលមិនធ្លាប់មានពីមុន ទៅលើនាវាដឹកជញ្ជូនអន្តរជាតិ ដោយលោកបានថ្លែងថា ការវាយប្រហារនោះមានការចាំបាច់ ក្រោយការព្យាយាមដោះស្រាយតាមផ្លូវការទូតត្រូវបានគេព្រងើយកន្តើយ។
ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានស្នើឱ្យមានកិច្ចប្រជុំបន្ទាន់មួយ ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាការវាយប្រហារយោធាទៅលើប្រទេសយ៉េមែន ដោយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស។
អ្នកនាំពាក្យក្រុមហ៊ូធីក្នុងប្រទេសយ៉េមែននិយាយថា ពុំមានហេតុផលណាមួយ ដែលសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសត្រូវធ្វើការវាយប្រហារដូចនេះឡើយ ហើយថាក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់នេះ នឹងនៅតែបន្តធ្វើការវាយប្រហារលើគោលដៅនាវាដឹកជញ្ជូននានា ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល៕
លោក Ostap Yarysh នៃវីអូអេផ្សាយជាភាសាអ៊ុយក្រែនផ្ តល់ព័ត៌មានបន្ថែមសម្រាប់សេចក្តីរាយការណ៍នេះ។