អាមេរិក​​​និង​អង់គ្លេស​​​ប្រកាស​​​អំពី​​​ភាព​ជាដៃគូ​​​ខាង​​​​សុវត្ថិភាព​​​បញ្ញាសិប្បនិម្មិត

រូពឯកសារ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអាមេរិក អ្នកស្រី Gina Raimondo បានទៅទស្សនកិច្ចនៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី 14 ខែមីនា ឆ្នាំ 2024។

កាលពី​ថ្ងៃ​ចន្ទ​ទី​១ខែមេសា សហរដ្ឋអាមេរិក​និង​ចក្រភព​អង់គ្លេសបាន​ប្រកាស​អំពី​ភាព​ដៃគូ​ថ្មី​អំពីវិទ្យាសាស្ត្រ​នៃ​សុវត្ថិភាព​បញ្ញាសិប្បនិម្មិត ខណៈ​ការព្រួយបារម្ភ​កាន់​តែខ្លាំងឡើងអំបញ្ញាសិប្បនិម្មិត​ជំនាន់ក្រោយៗទៀត។

រដ្ឋមន្ត្រី​ពាណិជ្ជកម្មសហរដ្ឋ​អាមេរិក​លោកស្រី​ Gina Raimondo និង​រដ្ឋមន្ត្រីបច្ចេកវិទ្យា​អង់គ្លេសលោកស្រី​ Michelle Donelan​ បានចុះ​ហត្ថលេខាលើ​អនុស្សារណៈនៃការយល់​គ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​អភិវឌ្ឍរួមគ្នានូវការ​ពិសោធន៍គំរូ​បញ្ញា​សិប្បនិម្មិត​ទំនើប នៅ​ក្រោយមាន​ការប្តេជ្ញា​ត្រូវ​ប្រកាសនៅក្នុង​សន្និសីទកំពូល

AI នៅ Bletchley Park​ កាលពី​ខែ​វិច្ឆិកា។

លោកស្រី Raimondo​ បាននិយាយថា​«យើង​ទាំងអស់គ្នា​ដឹង​ថា​បញ្ញាសិប្បនិម្មិត AI ជាបច្ចេកវិទ្យានៃ​ជំនាន់របស់យើង។​ ភាពជា​ដៃគូនេះ​នឹងពន្លឿនការងារស្ថាប័ន​ទាំង​ពីរ​របស់យើង​ក្នុងការ​ដោះស្រាយហានិភ័យ​សន្តិសុខជាតិ​និងកង្វល់អំពីសង្គម​របស់យើង‍»។

ចក្រភព​អង់គ្លេសនិង​សហរដ្ឋអាមេរិក​ស្ថិត​ក្នុង​ចំណោម​បណ្តា​ប្រទេសបង្កើត​ឱ្យមានស្ថាប័ន​សុវត្ថិភាព​ AI ដឹកនាំ​ដោយរដ្ឋាភិបាល។

កាល​ពី​ខែ​តុលា ចក្រភព​អង់គ្លេស​បាននិយាយថាស្ថាប័ន​របស់​ខ្លួននឹង​ពិនិត្យមើល​និងធ្វើ​តេស្ត​បញ្ញា​សិប្បនិ​ម្មិតប្រភេទ​ថ្មីៗ​ ចំណែក​ឯ​សហរដ្ឋអាមេរិក​វិញ​បាននិយាយកាលពី​ខែ​វិច្ឆិកា​ថា​ខ្លួន​បង្កើត​ស្ថាប័ន​សុវត្ថិភាព​របស់​ខ្លួនផ្ទាល់​ដើម្បីវាយ​តម្លៃ​ហានិភ័យនៃអ្វី​ដែល​ហៅ​ថាបច្ចេកវិទ្យា​ AI កម្រិត​ខ្ពស់ចុងក្រោយ​ហើយ​នៅ​ពេល​នេះ​កំពុងធ្វើការ​ជា​មួយក្រុមហ៊ុននិងអង្គភាព​ចំនួន​២០០។

តាម​រយៈ​ភាព​ដៃគូ​ជា​ផ្លូវកា​រនេះ ចក្រភពអង់គ្លេសនិងសហរដ្ខអាមេរិក​គ្រោង​នឹង​ធ្វើតេស្តសាកល្បងរួមគ្នា​លើ​គំរូ​ដែល​អាច​ចូល​បានជា​សាធារណៈ​និង​កំពុងពិចារណាអំពី​ការ​ផ្លាស់ប្តូរពួកបុគ្គលិករវាងវិទ្យាស្ថានទាំង​ពីរ​នេះផង​ដែរ។ ប្រទេស​ទាំងពីរនេះកំពុង​អភិវឌ្ឍ​ភាពជា​ដៃគូ​ស្រដៀងគ្នាជា​មួយ​ប្រទេស​ឯទៀតៗ​ដែរ​ដើម្បីផ្ចុងផ្តើមសុវត្ថិភាព AI។

លោកស្រី Donelan បានថ្លែង​ថា​«នេះ​ជា​កិច្ចព្រមព្រៀងប្រភេទីនេះ​ទី​មួយ​ហើយ​នៅក្នុង​ពិភពលោក។​ បញ្ញា​សិប្បនិម្មិតជា​កម្លាំង​ខ្លាំងដ៏​ល្អ​មួយ​នៅក្នុង​សង្គម​របស់​យើនិងមាន​សក្តានុពល​ទូលំទូលាយដើម្បីដោះស្រាយឧបសគ្គធំបំផុត​របស់​ពិភពលោក ប៉ុន្តែ​លុះត្រា​ណា​តែយើង​ទប់ទល់​នឹង​ហានិភ័យ​ទាំង​នោះបាន‍ដែរ»។

បញ្ញា​សិប្បនិម្មិត Generative AI ​ដែលចេះនិពន្ធ អាច​បង្កើតអត្ថបទ រូបថត​និង​វីដេអូ​ជា​ការឆ្លើយ​តប​នឹង open-ended prompts បាននាំឱ្យមាន​ការរំជួល​ចិត្ត​និងការ​បារម្ភ​ថា​វា​អាច​ជំនួស​ការងារមួយ​ចំនួន​របស់​មនុស្ស ​ប៉ះពាល់​ដល់ការបោះឆ្នោត​និង​អាចមាន​សក្តានុពល​លើសមនុស្សព្រម​ទាំងអាច​បង្ក​ជា​មហន្តរាយ​ផងដែរ។

នៅក្នុង​បទសម្ភាសន៍​រួមគ្នាជា​មួយទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ចន្ទទី១ ខែមេសា លោកស្រី Raimondo និង​លោកស្រី Donelan​ បាន​និយាយថាគេ​ត្រូវការឱ្យមាន​សកម្មភាពរួម​គ្នាសម្រាប់​ដោះស្រាយ​ហានិភ័យ​នៃ​បញ្ញា​សិប្បនិម្មិត។

លោកស្រី Donelan បានថ្លែងថា«​ពេល​វេលា​សំខាន់​ណាស់ពីព្រោះនឹង​មាន​ចេញផ្សាយគម្រូ​ថ្មីៗ​ហើយ ដែល​មានសមត្ថភាព​ខ្លាំង​ជាង​មុន។ យើង​មានការផ្តោតមួយ​លើ​ផ្នែក​មួយ​ក្នុង​បណ្តា​ផ្នែកនានាដែល​យើង​ខ្វែងគំនិតគ្នា​និង​មានភាពជំនាញ​ពិតប្រាកដ។

លោកស្រី Raimondo បានពោលថា​លោកស្រីនឹងលើកឡើង​អំពី​បញ្ហា AI នៅក្នុងការប្រជុំនៃក្រុមប្រឹក្សា​ពាណិជ្ជកម្ម​និងបច្ចេកវិទ្យា​សហរដ្ឋអាមេរិក-សហភាព​អឺរ៉ុប​នៅក្នុងប្រទេសបែលហ្សិក​នៅ​ថ្ងៃទី​៤​ ខែមេសា។

រដ្ឋបាល​លោក Biden គ្រោងនឹងប្រកាសឆាប់ៗនេះ​អំ​ពី​ការបន្ថែម​ទៅ​ក្នុង​ក្រុម AI របស់ខ្លួន។ លោកស្រី Raimondo ថា«យើងទាញយក​ធនធានពេញលេញរបស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក»។

ប្រទេស​ទាំង​ពីរនេះគ្រោងចែកចាយ​ព័ត៌មានអំពី​សមត្ថភាព​និងហានិភ័យទាក់ទិន​នឹង​គំរូបញ្ញា​សិប្បនិម្មិត ប្រព័ន្ធ​និង​ការស្រាវជ្រាវ​អំពី​សុវត្ថិភាពនិង​សន្តិសុខ AI។

កាលពី​ខែតុលា លោក​ Biden​ បានចុះហត្ថលេខា​លើ​បទ​បញ្ជា​ប្រតិបត្តិ​មួយសម្រាប់​កាត់បន្ថយគ្រោះថ្នាក់ខាង​បញ្ញា​សិប្បនិម្មិត។ ​កាលពី​ខែមករា ក្រសួងពាណិជ្ជកម្ម​បាននិយាយថា​ខ្លួន​ស្នើឱ្យមានការ​តម្រូវដល់ក្រុមហ៊ុន​ cloud អាមេរិក​ឱ្យកំណត់ថា​តើ​អង្គភាព​បរទេសអាចចូល​ក្នុង​មជ្ឈមណ្ឌលទិន្នន័យ​អាមេរិក​បានឬទេ​ដើម្បីហ្វឹកហ្វឺន​គំរូ AI។

ចក្រភព​អង់គ្លេសបាន​និយាយកាលពីខែកុម្ភៈថាខ្លូននឹងចំណាយ​ប្រាក់កាស​ជាង១២៥​លានដុល្លារដើម្បី​បង្កើតមជ្ឈមណ្ឌល​ស្រាវជ្រាវថ្មីៗនិងនិយតកម្មខាង​ហ្វឹកហ្វឺនបញ្ញាសិប្បនិម្មិត​អំពី​បច្ចេកវិទ្យា​ចំនួន​៩​។

លោកស្រី Raimondo បានថ្លែងថា​លោកស្រី​ខ្វល់ខ្វាយ​ជា​ពិសេសអំពីការគំរាមកំហែងខាងបញ្ញាសិប្បនិម្មិតត្រូវ​ប្រើ​ក្នុង​ភេរវកម្មជីវសាស្ត្រ​ឬការធ្វើឱ្យ​ដូចសង្គ្រាមនុយក្លេអ៊ែរ។

លោកស្រីថា«ទាំងនោះ​គឺ​ជាអ្វីៗដែល​អាច​នាំ​ឱ្យមានផលវិបាក​ជាមហន្តរាយ ហើយដូច្នេះ​យើងមិនត្រូវ​មានការ​អត់ឱនដល់គំរូ​ខ្លះដែលត្រូវ​ប្រើ​សម្រាប់​សមត្ថភាព​នោះឡើយ»៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ