កាលពីថ្ងៃព្រហស្បតិ៍ទី២១មីនាមហាសន្និបាតអ.ស.ប.បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចិត្តមួយពាក់ព័ន្ធនឹងសក្តានុពលនៃបញ្ញាសិប្បនិម្មិត (AI)ដើម្បីពន្លឿនការលូតលាស់ឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយគូសបញ្ជាក់ពីសេចក្តីត្រូវការឱ្យមានប្រព័ន្ធបញ្ញាសិប្បនិម្មិតមានសុវត្ថិភាព សន្តិសុខនិងទុកចិត្តបាន។
ការផ្តួចផ្តើមគំនិតនេះ ដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីប្រឹងប្រែងទប់ទល់នឹងការហានិភ័យរបស់បញ្ញាសិប្បនិមិត្ត AI ខណៈទាញអត្ថប្រយោជន៍របស់វា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអ.ស.ប.លោកស្រី Linda Thomas-Greenfield បាននិយាយថា«បច្ចុប្បន្ន ខណៈដែលអ.ស.ប.និង បញ្ញាសប្បនិម្មិតAI ប្រសព្វគ្នា យើងមានឱកាសនិងការទទួលខុសត្រូវក្នុងនាមជាសហគមន៍សាកលរួបរួមគ្នាមួយ ដើម្បីធ្វើការជ្រើសរើសរវាងការគ្រប់គ្រងបច្ចេកវិទ្យានេះជាជាងបើកឱ្យបច្ចេកវិទ្យាបញ្ញានិម្មិត AI នេះ គ្រប់គ្រងយើង។ ដូច្នេះ យើងចង់បញ្ជាក់ជាថ្មីថា AI នឹងត្រូវបង្កើតឡើងនិងដាក់ឱ្យប្រើប្រាស់ក្នុងបរិបទមនុស្សធម៌និងសេចក្តីថ្លៃថ្នូរ សុវត្ថិភាពនិងសន្តិសុខ សិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន»។
រដ្ឋបាលលោក Biden ថាបានចំណាយពេលជាងបីខែដើម្បីធ្វើការចរចាអំពីអ្វីដែលខ្លួនចាត់ទុកថាជា«កម្រងគោលការណ៍មូលដ្ឋាន»អំពី AI ដោយទាក់ទងជាមួយប្រទេស១២០និងបញ្ចូលមតិរបស់ប្រទេសជាច្រើនក្នុងបណ្តាប្រទេសទាំងនេះ មានរួមទាំងប្រទេសចិនផងដែរ ដែលជាអ្នកឧបត្ថម្ភមួយក្នុងចំណោមសហអ្នកឧបត្ថម្ភ១២៣នៃអត្ថបទនេះ។
ទោះសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតមិនតម្រូវឱ្យគោរពតាមផ្លូវច្បាប់ក៏ដោយ ក៏សេចក្តីសម្រេចចិត្តទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញការមូលមតិគ្នាខាងនយោបាយក្នុងសហគមន៍អន្តរជាតិដែរ។
សេចក្តីសម្រេចចិត្តនេះទទួលស្គាល់ភាពខុសគ្នានៃការអភិវឌ្ឍន៍បច្ចេកវិទ្យារវាងពូកប្រទេសអភិវឌ្ឍនិងក្រុមប្រទេសកំពុងអភិវឌ្ឍនិងគូសបញ្ជាក់សេចក្តីត្រូវការក្នុងការកាត់បន្ថយគម្លាតខាង digital ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចទទួលអត្ថប្រយោជន៍ពីបញ្ញាសិប្បនិមិ្មត។
សេចក្តីសម្រេចចិត្តនេះក៏បង្ហាញវិធានការសម្រាប់អភិបាលកិច្ច AI ដែលមានការទទួលខុសត្រូវ មានរួមការអភិវឌ្ឍន៍ក្របខណ្ឌនិយ័តកម្ម សមត្ថភាពនៃការផ្តើមគំនិតនិងគាំទ្រការស្រាវជ្រាវនិងការបញ្ចូលរបៀបថ្មីៗ។ សេចក្តីសម្រេចចិត្តនេះលើកទឹកចិត្តកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ដោះស្រាយបញ្ហាជាឧបសគ្គនិងឱកាសដែលបច្ចេកវិទ្យា AI ដាក់ឱ្យមាន ដោយផ្តោតលើការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris បានស្វាគមន៍ការអនុម័តសេចក្តីសម្រេចចិត្តនេះ ដោយនិយាយថាប្រទេសជាតិទាំងអស់ត្រូវតែណែនាំដោយការយល់ដូចគ្នាមួយចំនួនអំពីការប្រើប្រព័ន្ធ AI។
លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ជាញឹកញយណាស់
នៅក្នុងសេចក្តីសម្រេចចិត្តខាងបច្ចេកវិទ្យាកាលពីពេលមុនៗ មិនមានការបែងចែកអត្ថប្រយោជន៍ស្មើគ្នាទេ ហើយជនមួយចំនួនតូចដែលទទួលអត្ថប្រយោជន៍មិនស្មើគ្នារងផលប៉ះពាល់។ សេចក្តីសម្រេចចិត្តនេះបង្កើតមាគ៌ាមួយទៅមុខអំពីបញ្ញាសិប្បនិម្មិតដែលប្រទេសទាំងអស់អាចធ្វើតាមការសន្យានិងគ្រប់គ្រងហានិភ័យបស់ AI។
នៅក្នុងកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស កាលពីខែមករា អគ្គលេខាធិការអ.ស.ប.លោក Antonio Guterres បានសម្តែងកង្វល់អំពីហានិភ័យនៃផលវិបាកដោយអចេតនាជាមួយ«សកម្មភាពដដែលៗនៃ AI ដែលអាចបង្កើតរឿងនិងគំនិតថ្មីៗ»។ លោកបានមានប្រសាសន៍ថាវាមាន«សក្តានុពលខ្លាំង»សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព តែក៏អាចនាំឱ្យមានវិសមភាពអាក្រក់ជាងមុនដែរ។
លោកបាននិយាយនៅពេលនោះថា«ក្រុមហ៊ុនបច្ចេកវិទ្យាធំៗខ្លះបានទទួលកម្រៃស្រេចហើយដោយមិនគិតគូរអំពីសិទ្ធិមនុស្ស ឯកជនភាពបុគ្គលនិងផលប៉ះពាល់លើសង្គមទេ»។
លោកអគ្គលេខាអ.ស.ប.បានបង្កើតក្រុមអ្នកផ្តល់យោបល់ខាងបញ្ញាសិប្បនិម្មិតកាលពីឆ្នាំទៅ ហើយក្រុមនេះនឹងបោះពុម្ពផ្សាយរបាយការណ៍ចុងក្រោយរបស់ខ្លួននៅមុនសន្និសីទកំពូលអ.ស.ប.អំពីអនាគតនៅខែកញ្ញាខាងមុខ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ