កាលពីថ្ងៃទី ១៣ ខែកក្កដា យន្តហោះឯកជនពណ៌សរបស់លោក Floyd Mayweather Jr. បានចុះចតនៅប្រទេសស៊ីមបាវ៉េ ដែលនៅទីនោះលោកត្រូវបានស្វាគមន៍និងបានចូលរួមរាំតាមចង្វាក់ភ្លេងស្គររបស់អាហ្វ្រិក។
អតីតអ្នកប្រដាល់ជើងឯកអាមេរិកាំងរូបនេះបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានដែលបានរង់ចាំរូបលោកថា លោកមានក្តីរំភើបក្នុងការមកដល់ប្រទេសស៊ីមបាវ៉េនិងជាថ្មីម្ដងទៀតមកដល់ទ្វីបអាហ្វ្រិក បន្ទាប់ពីលោកបានធ្វើដំណើរលើកដំបូងទៅកាន់ប្រទេសនីហ្សេរីយ៉ាកាលពីមួយឆ្នាំមុនមក។
លោកបានថ្លែងថា៖ «វាគឺជារឿងប្រសើរដែលបានវិលត្រឡប់មកកាន់ទ្វីបអាហ្វ្រិកវិញ។ ទីនេះជាមាតុភូមិ ជាកន្លែងស្រស់ស្អាត មានមនុស្សគួរឱ្យស្រឡាញ់...។ ពួកគេបានស្វាគមន៍ខ្ញុំដោយក្តីសោមនស្ស»។
ដូចនៅនីហ្សេរីយ៉ាដែរ ដំណើរទស្សនកិច្ចរបស់លោក Mayweather ទៅកាន់ប្រទេសស៊ីមបាវ៉េត្រូវបានចាត់ទុកជាការផ្សព្វផ្សាយលើកកម្ពស់កីឡាប្រដាល់។
ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោកលើកនេះមិនមែនមិនមានភាពចម្រូងចម្រាសនោះទេ។
លោក Mayweather បានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃទី ១៣ ខែកក្កដា សម្រាប់គណបក្សកាន់អំណាច Zanu PF ដែលក្រុមអ្នករិះគន់បានចោទប្រកាន់គណបក្សនេះថាបានប្រើប្រាស់យុទ្ធវិធីផ្តាច់ការប្រឆាំងនឹងគូបដិបក្ខនិងគ្រប់គ្រងមិនបានត្រឹមត្រូវលើសេដ្ឋកិច្ចដែលកំពុងប្រឈមនឹងបញ្ហា។
អតីតកីឡាករប្រដាល់វ័យ ៤៦ ឆ្នាំរូបនេះត្រូវបានទទួលស្វាគមន៍ដោយលោក Scott Sakupwanya ដែលជាអ្នកជំនួញមាសដ៏ចម្រូងចម្រាសម្នាក់ដែលកំពុងឈរឈ្មោះសម្រាប់តំណែងជាតំណាងរាស្រ្តរបស់គណបក្ស Zanu PF នៅក្នុងការបោះឆ្នោតនៅខែសីហាខាងមុខនេះ។
កាលពីខែមេសា លោក Sakupwanya ត្រូវបានបង្ហាញឡើងនៅក្នុងវីដេអូឯកសារស៊ើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Al Jazeera មួយដែលមានចំណងជើងថា «ក្រុមជនអន្ធពាលជួញដូរមាស (The Gold Mafia)»។ វីដេអូនេះបានបង្ហាញអំពីក្រុមរត់ពន្ធមាសនិងក្រុមលាងលុយកខ្វក់ដែលពាក់ព័ន្ធនឹងមន្រ្តីកំពូលៗ។
វីដេអូឯកសារនេះបានឱ្យឈ្មោះលោក Sakupwanya ថាជា «ឈ្មួញជួញដូរមាសដ៏ធំបំផុត» នៅស៊ីមបាវ៉េ។ លោក Sakupwanya មិនបានឆ្លើយតបទៅនឹងវីដេអូឯកសារនេះទេ។
ធនាគារកណ្តាលស៊ីមបាវ៉េបានបង្កកទ្រព្យសម្បត្តិបុរស ៤ នាក់ដែលមានឈ្មោះនៅក្នុងវីដេអូឯកសារនេះ ហើយរដ្ឋាភិបាលស៊ីមបាវ៉េបានបញ្ជាក់ថាខ្លួនកំពុងស៊ើបអង្កេតការចោទប្រកាន់នេះ។
លោក Sakupwanya បានស្វាគមន៍លោក Mayweather មកកាន់ក្បួនឃោសនាបោះឆ្នោតរបស់គណបក្ស Zanu PF នៅតំបន់ Mabvuku ដែលជាតំបន់ជាយរដ្ឋធានីហារ៉ារ៉េ។ នៅទីនោះ លោក Sakupwanya កំពុងប្រជែងយកតំណែងជាតំណាងរាស្រ្ត។
លោក Sakupwanya ថ្លែងដូច្នេះថា៖ «លោក [Mayweather] សប្បាយចិត្តដែលបានមកទីនេះ ហើយលោកចង់មកម្ដងទៀត។ លោកបានប្រាប់ខ្ញុំថា ប្រជាជននៅសហរដ្ឋអាមេរិកមិនដឹងអំពីអ្វីដែលកំពុងកើតឡើងនៅទីនេះនោះទេ។ លោកថែមទាំងមិនបាននាំយកក្រុមសន្តិសុខរបស់លោកមកផងដែរ ពីព្រោះលោកដឹងថា [ស៊ីមបាវ៉េ] គឺជាប្រទេសមានសន្តិភាព។ លោកបាននិយាយថា ករណីនេះបានបង្ហាញថា ជនបរទេសមិនគួរនិយាយពណ៌នាអំពីស៊ីមបាវ៉េមុនពេលពួកគេមកដល់ទីនេះទេ ហើយពួកគេគួរតែបញ្ចៀសពីរឿងនយោបាយនៅកន្លែងណាដែលមិនចាំបាច់»។
លោក Sakupwanya បានទទួលការចាប់អារម្មណ៍ពីសាធារណជនកាលពីឆ្នាំ ២០២០ នៅពេលដែលរូបថតរបស់លោកត្រូវបានលេចឡើងតាមបណ្តាញសង្គមអនឡាញ ដែលបង្ហាញអំពីរូបលោកថតជាមួយនឹងដុំមាសជាច្រើននិងលុយរាប់លានដុល្លារ។
សារបង្ហោះនៅលើបណ្តាញសង្គមអនឡាញខ្លះបានរិះគន់លោក Sakupwanya ចំពោះការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាមួយនឹងលោក Mayweather ដែលត្រូវបានគេស្គាល់ផងដែរថាជាអ្នកចូលចិត្តសម្ញែងទ្រព្យសម្បតិ្ត ខណៈពលរដ្ឋស៊ីមបាវ៉េភាគច្រើនកំពុងរស់នៅក្នុងភាពក្រីក្រ។
អ្នករិះគន់ម្នាក់ក្នុងចំណោមនោះគឺលោក Tendai Biti ដែលជាអនុប្រធានគណបក្សសម្ព័ន្ធពលរដ្ឋដើម្បីការផ្លាស់ប្តូរ (Citizens Coalition for Change) ដែលជាគណបក្សប្រឆាំងចម្បងនៅស៊ីមបាវ៉េ។
លោក Biti ថ្លែងដូច្នេះថា៖ «វាជារឿងអាក្រក់ ជារឿងអសីលធម៌ ហើយវាបង្ហាញពីអាទិភាពមិនត្រឹមត្រូវរបស់គណបក្ស Zanu PF។ ខ្ញុំសង្ឃឹមថា ពលរដ្ឋនៅតំបន់ Mabvuku មានការយល់ដឹងច្បាស់អំពីរឿងនេះ ហើយនឹងបោះឆ្នោតឱ្យបេក្ខជនត្រឹមត្រូវនៅក្នុងការបោះឆ្នោតដែលនឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣ នេះ»។
លោក Biti បានបន្ថែមថា លោក Mayweather គួរតែមានភាពអាម៉ាស់នៅក្នុងការប្រឡូកជាមួយនឹងបណ្តាញក្រុមជនដែលពាក់ព័ន្ធនឹងលំហូរលុយខុសច្បាប់។
នៅពេល VOA ព្យាយាមទាក់ទង ក្រុមការងារផ្នែកផ្សព្វផ្សាយឱ្យលោក Mayweather និងលោក Sakupwanya បានបដិសេធមិនផ្តល់ការអធិប្បាយណាមួយលើបញ្ហានេះ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
អតីតកីឡាករប្រដាល់អាមេរិកលោក Mayweather បង្ហាញការគាំទ្រចំពោះបក្សកាន់អំណាចនៅស៊ីមបាវ៉េ
រដ្ឋធានីហារ៉ារ៉េ ប្រទេសស៊ីមបាវ៉េ —