ឆ្លើយតបនឹងការមិនពេញចិត្តចំពោះការខ្វះខាតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសថា សហរដ្ឋអាមេរិកកំពុងតែបង្កើនការចែកចាយវ៉ាក់សាំងដល់បណ្ដារដ្ឋដែលមានតម្រូវការខ្ពស់ ក្នុងរយៈពេលបីសប្ដាហ៍ខាងមុខនេះ។
លោក Biden រំពឹងថា នឹងផ្ដល់វ៉ាក់សាំងគ្រប់ដូសសម្រាប់ចាក់ពលរដ្ឋអាមេរិកាំងចំនួន ៣០០ លាននាក់ត្រឹមចុងរដូវក្ដៅនេះ ឬដើមរដូវស្លឹកឈើជ្រុះ។
ដោយបានហៅការជំរុញនេះថាជា «កិច្ចខិតខំប្រឹងប្រែងនាពេលសង្គ្រាម» លោក Biden បានថ្លែងកាលពីថ្ងៃអង្គារថា រដ្ឋបាលរបស់លោកកំពុងតែធ្វើការដើម្បីទិញវ៉ាក់សាំងបន្ថែមទៀតចំនួន ១០០ លានដូសពីក្រុមហ៊ុនផលិតវ៉ាក់សាំងនីមួយៗ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់។
លោកបានទទួលស្គាល់ថា បណ្ដារដ្ឋនានាក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះបានទន្ទឹងរង់ចាំមើលថា តើពួកគេនឹងទទួលបានវ៉ាក់សាំងប៉ុន្មានដូសពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។
លោកបានសន្យាថា នឹងបង្កើនការចែកចាយវ៉ាក់សាំងចំនួន ១៦% ទៅកាន់បណ្ដារដ្ឋនានាក្នុងរយៈពេល ៣ សប្ដាហ៍ខាងមុខនេះ។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា រដ្ឋាភិបាលមានផែនការនឹងចែកចាយវ៉ាក់សាំងដូសទីមួយនិងទីពីរចំនួនប្រមាណ ១០ លាន ១ សែនដូស នៅសប្ដាហ៍ក្រោយ។
ជំងឺកូវីដ១៩ ដែលកន្លងមកបានឆក់យកជីវិតពលរដ្ឋអាមេរិកាំងអស់ជាង ៤ សែន ២ ម៉ឺននាក់នៅក្នុងសហរដ្ឋអាមេរិក និងឆ្លងដល់មនុស្សជាង ២៥លាននាក់ ដែលធ្វើឲ្យលោក Biden ដាក់ចេញជាវិធានការជាច្រើន រាប់ទាំងការចាក់វ៉ាក់សាំងនិងជួយផ្តល់ថវិកាបន្ថែមទៀត ដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។
លោក Joe Biden បានជំរុញសមាជិកសភាឲ្យព្រមព្រៀងគ្នាលើកញ្ចប់ជំនួយថ្មីមួយ សម្រាប់វិបត្តិជំងឺកូវីដ១៩ ដែលលោកបានថ្លែងកាលពីថ្ងៃច័ន្ទ យ៉ាងដូច្នេះថា៖ «ពេលវេលាមានសារៈសំខាន់ខ្លំាងណាស់»។
លោក Biden បានស្នើកញ្ចប់ថវិកាចំនួន ១,៩ លានលានដុល្លារ ដែលក្នុងនោះរួមមានទាំងថវិកាសម្រាប់បង្កើនល្បឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ការជួយឲ្យសាលារៀនបើកដំណើរការឡើងវិញ ជំនួយថវិកាសម្រាប់រដ្ឋបាលថ្នាក់រដ្ឋនិងថ្នាក់មូលដ្ឋាន និងថវិកាចំនួន ១.៤០០ ដុល្លារសម្រាប់ពលរដ្ឋអាមេរិកាំងម្នាក់ៗផងដែរ៕