ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​និង​មន្ត្រី​រដ្ឋបាល​លោក Biden ពិភាក្សា​គ្នា​អំពី​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​កូវីដ១៩


រូបឯកសារ៖ បុរសម្នាក់ទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមណ្ឌលសុខភាព Englewood ក្នុងក្រុង Englewood រដ្ឋ New Jersey កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​មួយ​ក្រុម​បាន​ជួប​ពិភាក្សា ​កាលពី​ថ្ងៃ​អាទិត្យ​ ជាមួយ​នឹង​ក្រុម​មន្ត្រី​រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden អំពី​សំណើ​ថវិកា​របស់​លោក Biden សម្រាប់​សង្គ្រោះ​វិបត្តិ​ដែល​កើតឡើង​ដោយសារ​ជំងឺ​កូវីដ១៩ ដែល​មាន​ទឹកប្រាក់​ចំនួន ១,៩ លាន​លាន​ដុល្លារ។

ពួកគេ​បាន​និយាយ​ថា ពួកគេ​សង្ឃឹម​ថា នឹង​អនុម័ត​លើ​សំណើ​ច្បាប់​នេះ នៅ​មុន​ពេល​ចាប់ផ្ដើម​នៃ​សវនាការ​ចោទ​ប្រកាន់​លោក​អតីត​ប្រធានាធិបតី Donald Trump។

ក្រុម​សមាជិក​ព្រឹទ្ធសភា​ទាំង​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ខាង​គណបក្ស​សាធារណរដ្ឋ បាន​ថ្លែង​ថា ពួកគេ​បាន​ព្រមព្រៀង​គ្នា​ថា អាទិភាព​ចម្បង​នៅ​ពេល​ឥឡូវ​នេះ​ គឺ​ការ​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​កូវីដ១៩ និង​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩។

កាលពី​មួយ​ខែ​មុន សភា​បាន​អនុម័ត​លើ​កញ្ចប់​ថវិកា​ជំនួយ​ចំនួន ៩០០ ពាន់​លាន​ដុល្លារ​រួច​មក​ហើយ។ កញ្ចប់​ថវិកា​ជំនួយ​កាល​ពី​មុន​នេះ​បាន​ផ្ដល់​ប្រាក់​ចំនួន​រហូត​ដល់ ៦០០ ដុល្លារ​ដល់​ពលរដ្ឋ​ម្នាក់ៗ អាស្រ័យ​លើ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​នោះ។

សំណើ​ថវិកា​លើក​នេះ​ក៏​មាន​បញ្ចូល​នូវ​ទឹក​ប្រាក់​បន្ថែម​ចំនួន ១.៤០០ ដុល្លារ​ដល់​ពលរដ្ឋ​ម្នាក់ៗ​ផងដែរ ហើយ​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ អ្នក​ដែល​ជំទាស់​នឹង​សំណើ​ច្បាប់​នេះ​បាន​អះអាង​ថា ជំនួយ​នេះ​គួរតែ​ផ្ដល់​ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ​ខ្លាំង​បំផុត។

លោក Biden បាន​ផ្ដល់​អាទិភាព​កំពូល​លើ​ការ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩ សម្រាប់​ខែ​ដំបូងៗ​នៃ​ការ​កាន់​តំណែង​របស់​លោក​ជា​ប្រធានាធិបតី។

កន្លង​មក ពលរដ្ឋ​ជាង ៤១៩.០០០ នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ហើយ​ពលរដ្ឋ​ជាង ២៥ លាន​នាក់​បាន​ឆ្លង​ជំងឺ​នេះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG