សហរដ្ឋអាមេរិក​បង្កើន​ការបរិច្ចាគ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​៨០​លាន​ដូស ជួយ​ដល់​ប្រទេស​នានា​ត្រឹម​ចុង​ខែមិថុនា

រូបឯកសារ៖ ដប​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដែល​មាន​ដូចជា AstraZeneca Pfizer – Biontech និង Johnson&Johnson។

ជាមួយ​នឹង​ការប្រកាស​ថា​ សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​សកម្មភាព​បន្ថែម​ទៀតក្នុង​ការ​ជួយដល់​ពិភពលោក​ ដើម្បី​ទប់ទល់​នឹង​ជំងឺឆ្លងរាតត្បាត​កូវីដ១៩​នោះ​ ប្រធានាធិបតី​អាមេរិក​លោក Joe Biden​ បាន​បញ្ជាក់​កាល​ពីថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អាមេរិក​ នឹង​បញ្ជូន​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​១៩ ចំនួន​២០​លាន​ដូស​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​នានា​ នៅ​ត្រឹម​ដំណាច់​ខែ​មិថុនា​ខាង​មុខ។

ក្នុង​សុន្ទរកថា​មួយ​ពី​សេតវិមាន​ លោក ​Biden បញ្ជាក់​យ៉ាង​ដូច​នេះ​ថា៖ «យើង​ត្រូវជួយប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ នៅ​ជុំវិញ​ពិភពលោក​ ដើម្បី​ធ្វើឲ្យ​យើង​មាន​សុវត្ថិភាពនៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ហើយ​នេះ​ ជា​រឿង​ត្រឹមត្រូវ​ដែល​យើង​អាច​ធ្វើបាន​ដើម្បី​ជួយ​ដល់​មនុស្ស​នានា​នោះ»។​

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​អាមេរិក​នឹងផ្តល់​វ៉ាក់សាំង​ដែល​ខ្លួន​ប្រើ​ក្នុង​ស្រុក​ទៅ​ក្រៅ​ប្រទេស​ ស្រប​ពេល​ដែលការ​ផ្គត់ផ្គង់​ក្នុង​ប្រទេស​ចាប់ផ្តើម​កើន​ឡើង​ហួស​តម្រូវការ​នោះ។

ក្នុង​នោះ​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ របស់​ក្រុម​ហ៊ុន​ឱសថ​អាមេរិក៣​ គឺ​ក្រុមហ៊ុន Pfizer ក្រុមហ៊ុន Moderna និង​ក្រុមហ៊ុន Johnson & Johnson ចំនួន​២០​លាន​ដូស​ដែល​បន្ថែម​ពី​លើគម្រោង​វ៉ាក់សាំង​ចំនួន​៦០​លាន​ដូសរបស់​ក្រុមហ៊ុន​ឱសថ​អង់គ្លេស​ AstraZeneca ដែល​លោក​ប្រធានាធិបតី​អាមេរិក​ Joe Biden ​មាន​គម្រោងរួច​ហើយ​ ដើម្បីផ្តល់​ជូន​ដល់​ប្រទេសផ្សេងៗ​នោះ។

លោក​ប្រធានាធិបតី​អាមេរិក​ Joe Biden បញ្ជាក់​ថា នេះ​មាន​ន័យ​ថា​ ​ត្រឹម​ចុង​ខែ​មិថុនា សហរដ្ឋ​អាមេរិក​ នឹងបញ្ជូន​វ៉ាក់សាំងសរុប​ចំនួន​៨០​លាន​ដូស ទៅ​កាន់​ប្រទេស​នានា ដែល​ស្មើ​នឹង១៣% នៃ​ចំនួនវ៉ាក់សាំងសរុប​ដែលផលិត​ដោយអាមេរិក។

​អ្នក​នាំ​ពាក្យ​សេតវិមាន​អ្នក​ស្រី ​Jen Psaki ថ្លែងនៅ​ថ្ងៃ​ចន្ទ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​ថា៖ «ចំនួន​វ៉ាក់សាំង​ដែល​អាមេរិក​ នឹង​ផ្តល់​ជូន​ទៅ​ក្រៅ​ប្រទេស​នេះ​ គឺជា​ចំនួន​បរិច្ចាក​ច្រើន​បំផុត​ ដែល​មាន​ចំនួន៥​ដង​ច្រើនជាង​ប្រទេស​នានា​ក្នុង​ពេល​កន្លង​មក»៕