ស.រ.អានិយាយថា ជនចំណាកស្រុករាប់ពាន់នាក់ ដែលបានរសាត់នៅផ្ទៃទឹកក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាំបាច់ត្រូវការជួយសង្គ្រោះជាបន្ទាន់។
លោកស្រី Anne Richard ឧបការីរដ្ឋមន្រ្តីការបរទេសស.រ.អា បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងទីក្រុងបាងកកនៅថ្ងៃសុក្រនេះថា «យើងត្រូវតែជួយសង្គ្រោះជីវិតមនុស្សជាបន្ទាន់»។
«យើងត្រូវតែជួយសង្គ្រោះជីវិតមនុស្សជាបន្ទាន់។ យើងត្រូវតែអភិវឌ្ឍមធ្យោបាយនៃការពិភាក្សាដើម្បីធ្វើឲ្យប្រសើរឡើង និងជួបគ្នាពិភាក្សាអំពីបញ្ហាទាំងនេះ ក៏ដូចជាចាត់វិធានការណ៍នៅពេលណាដែលមនុស្សកំពុងស្ថិតនៅក្នុងទូកកណ្តាលសមុទ្រ។ យើងចាំបាច់ស្វែងរកមូលហេតុនៃឬសគុលថាតើ ហេតុអ្វី បានជាមនុស្សទាំងនោះគ្មានជម្រើស ក៏ប៉ុន្តែពួកគេបានរត់គេចចេញពីប្រទេសរបស់ខ្លួន ហើយបានធ្វើដំណើរប្រកបដោយគ្រោះថ្នាក់យ៉ាងនេះ»។
លោកស្រី Richardបានស្ថិតនៅក្នុងប្រទេសថៃដើម្បីចូលរួមសន្និសីទនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងក្រុមអង្គការសិទ្ធិមនុស្ស ដែលមានរយៈពេលមួយថ្ងៃដែលបានធ្វើឡើងនៅថ្ងៃសុក្រនេះជាផ្នែកមួយនៃការខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាមនុស្សធ្វើដំណើរតាមទូកនៅក្នុងសមុទ្រ Andaman និងសមុទ្រ Bengal។
«យើងមិនទាន់បានព្រមព្រៀងគ្នាដូចដែលយើងបានស្វះស្វែងរកទេ ខ្ញុំគិតថា យើងបានខិតចូលជិតគ្នា។ ការសំខាន់បំផុត គឺយើងបានសហប្រតិបត្តិការគ្នាជាមួយប្រទេសម៉ាឡេស៊ី ដូច្នេះមានយន្តហោះបានស្ថិតនៅលើអាកាស ហើយកំពុងហោះឈ្លបមើលតំបន់នោះ ហើយខ្ញុំគិតថា នេះជាការណ៍ល្អមួយ ហើយយើងសង្ឃឹមថា យើងអាចពង្រីកកិច្ចប្រតិបត្តិការនេះ»។
លោក Tanasak Patimapragorn ឧបនាយករដ្ឋមន្រ្តី បានជំរុញឲ្យប្រទេសទាំងអស់ និងអង្គការស្វែងរកមធ្យោបាយនានាដើម្បីបញ្ចៀសការរាលដាលកាន់តែធំឡើងនូវវិបត្តិមនុស្សធម៌នេះ។
«ទីមួយ ដោះស្រាយស្ថានភាពខាងមនុស្សធម៌ជាបន្ទាន់របស់មនុស្សដែលជាប់គាំងនៅកណ្តាលសមុទ្រ។ ទីពីរ ប្រយុទ្ធបញ្ហាយូរអង្វែងនៃការជួញដូរ និងរត់ពន្ធមនុស្សដើម្បីរារាំងចលនាមិនប្រក្រតីបន្ថែមទៀត។ ទីបី ដោះស្រាយឬសគុលនៃមូលហេតុនោះ»។
លោក William Lacy នាយកអង្គការទេសន្តរប្រវេសន៍អន្តរជាតិ បាននិយាយថា គេចាំបាច់ចាត់វិធានការជាបន្ទាន់ ដើម្បីយកមនុស្សដែលជាប់គាំងនៅក្នុងសមុទ្រប្រហែល៣.៩០០នាក់នៅសមុទ្រមកកាន់ដីគោក។ លោកបាននិយាយទៀតថា លោកសង្ឃឹមថា សន្និសីទនេះបាននាំឲ្យមានការចាត់វិធានការដ៏សុក្រិត្យដើម្បីដោះស្រាយបញ្ហាជនចំណាកស្រុកនេះ។
ក៏ប៉ុន្តែ លោកបានបដិសេធពុំព្រមរិះគន់ប្រទេសភូមាចំពោះគោលនយោបាយដែលពួកសកម្មជន និយាយថា បានធ្វើឲ្យស្ថានភាពនោះកាន់តែអាក្រក់ឡើងៗ។ជនចំណាកស្រុកជនជាតិភាគតិច Rohingyaភាគច្រើន ត្រូវបានគេបដិសេធពុំព្រមផ្តល់សញ្ជាតិឲ្យនៅក្នុងប្រទេសភូមា ហើយពួកគេកំពុងរត់គេចចេញពីការធ្វើទុក្ខបុកម្នេញ៕