ការ​ស្លាប់​ជន​ជាតិ​អាមេរិកាំង​៤​នាក់​នៅ​ Benghazi ត្រូវ​បាន​បន្ទោស​លើ​​​កង្វះ​ការ​ឆ្លើយ​តប​ផ្នែក​យោធា​

រូបឯកសារ៖ បុរស​ម្នាក់​កំពុង​មើល​​ឯកសារ​នៅ​អគ្គ​កុងស៊ុល​អាមេរិក​ក្នុង​ទីក្រុង​ Benghazi ប្រទេស​លីប៊ី ដែល​ត្រូវ​បាន​វាយ​ប្រហារ​ ហើយ​ជន​ជាតិ​អាមេរិកាំង​៤​នាក់​ត្រូវ​បាន​​សម្លាប់​ កាល​ពី​ឆ្នាំ​២០១២។

ក្រុម​មន្ត្រី​ពី​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​ក្រុម​ភាគ​ច្រើន​នៅ​ក្នុង​គណៈ​កម្មាធិការ​ស៊ើប​អង្កេត​មួយ​របស់​សភា​ស.រ.អា.​បាន​បន្ទោស​ពួក​យោធា​អាមេរិកាំង​ថា ​គ្មាន​ជោគ​ជ័យ​ក្នុង​ការ​ការពារ​ការិយាល័យ​ការទូត​មួយ​នៅ​ក្នុង​ក្រុង​ Benghazi ​ក្នុង​ប្រទេស​លីប៊ី​ដើម្បី​បញ្ចៀស​ការ​វាយ​ប្រហារ​ភេរវកម្ម​មួយ​កាល​ពី​ឆ្នាំ២០១២​ ដែល​បាន​បណ្តាល​ឱ្យ​ជន​ជាតិ​អាមេរិកាំង​បួន​នាក់​ស្លាប់។

ប្រធាន​គណៈ​កម្មាធិការ​នេះ​គឺលោក​ Trey Gowdy ​សមាជិក​សភា​តំណាង​រាស្ត្រ​អាមេរិកាំងបាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «គ្មាន​ការ​បញ្ជូន​គ្រឿង​ឧបករណ៍​យោធា​ស.រ.អា.​ទៅ​កាន់​ក្រុង ​Benghazi​ ទេ» ទោះ​ណា​ជា​មាន​បញ្ជា​ពី​លោក​ប្រធានា​ធិបតី​ បារ៉ាក់ អូបាម៉ា​ និង​លោក ​Leon Panetta​ ដែល​កាល​នោះ​បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​ស.រ.អា.​ក៏​ដោយ។​

លោក ​Gowdy​ បាន​និយាយ​នៅ​ពេល​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​នេះ​ដែលមាន​៨០០​ទំព័រ​អំពី​ការ​វាយ​ប្រហារ​នេះ​នៅ​ក្រោយ​ការ​ស៊ើប​អង្កេត​ពីរ​ឆ្នាំ​អស់​ប្រាក់​៧លាន​ដុលា្លរ។ លោក​ថ្លែង​ថា៖ «គ្មាន​ការ​បញ្ជូន​អ្វី​ទៅ​កាន់​ប្រទេស​លីប៊ី​ទេ​នៅ​ពេល​ដែល​ជនជាតិ​អាមេរិកាំង​ពីរ​នាក់​ចុង​ក្រោយ​បាន​ត្រូវ​សម្លាប់​ក្នុង​រយៈ​ពេល​ជិត​៨ម៉ោង​ក្រោយ​ការ​វាយ​ប្រហារ​នោះ​បាន​ចាប់​ផ្តើម»។

ពួក​មេដឹក​នាំ​យោធា​បាន​និយាយ​ច្រើន​ដង​ថា​ ពួក​គេ​គ្មាន​ព័ត៌មាន​ពី​ការ​ស៊ើបការណរ៍​សម្ងាត់​អំពី​អ្វី​ដែល​បាន​កើត​មានឡើង​នៅ​ក្នុង​ប្រទេស​លីប៊ី​ទេ​ ហើយ​ក៏​គ្មាន​មធ្យោបាយ​ដើម្បី​ឆ្លើយ​តប​ឡើយ។

របាយការណ៍​នេះ​មិន​បាន​បង្ហាញ​ការ​ចោទ​ប្រកាន់​ថ្មីៗ​អំពី​សកម្មភាព​លោក​ស្រី​ Hillary Clinton ​ដែល​កាល​ពេលនោះ​លោកស្រី​បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. នៅ​ពេល​មាន​ឧប្បត្តិហេតុ​នោះ​ទេ។ ក៏​ប៉ុន្តែ​សមាជិក​ពីរ​រូប​នៃ​គណៈ​កម្មាធិការ​នេះ​ដែល​ជា​ពួក​សាធារណរដ្ឋ​បាន​និយាយ​ហួស​ពី​ការ​សន្មត​សរុប​របស់​គណៈ​កម្មាធិការ​នេះ​អំពី​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​ទី១១​ខែ​កញ្ញា ឆ្នាំ២០១២ ដោយ​លោក​ទាំង​ពីរ​បាន​បន្ទោស​លោក​ស្រី​បាន​ថា​ធ្វើ​ឱ្យ​សាធារណជន​អាមេរិកាំង​យល់​ខុស​អំពី​ការ​វាយ​ប្រហារ​នោះ​នៅ​ពេល​វា​កំពុង​កើត​មាន​ឡើង៕