សហរដ្ឋ​អាមេរិក​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩

គិលានុប្បដ្ឋាយិកា អ្នកស្រី Annabelle Jimenez អបអរសាទរគិលានុបដ្ឋាយិកា អ្នកស្រី Sandra Lindsay បន្ទាប់ពីនាងបានទទួលវ៉ាក់សាំងការពារកូវីដ១៩។ (Reuters)

សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​បន្ទាប់ពី​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​ Pfizer​ សហការ​ជាមួយ​ក្រុមហ៊ុន​ឱសថ​ BioNTech​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ក្នុង​ពេល​ថ្មីៗ​នេះ។

រដ្ឋ New York បាន​ចាប់​ផ្តើមចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​សុខាភិបាលនៅ​ថ្ងៃចន្ទ​នេះ​ ដោយ​អ្នកស្រី​Sandra Lindsay​ គឺជា​គិលានុប្បដ្ឋាយិកាដំបូង​គេ​ដែល​ទទួល​បាន​វ៉ាក់សាំង​ការពារ​នេះ។​

លោក​ប្រធានាធិបតី​អាមេរិក​ Donald Trump​ បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​ Twitter​ របស់​លោក​ថា៖ «ការចាក់​វ៉ាក់សាំង​ជា​លើក​ដំបូង​ត្រូវ​បាន​ធ្វើ​ឡើង។ ចូលរួម​អបអរសាទរ​សហរដ្ឋ​អាមេរិក! ចូលរួម​អបអរ​សាទរ​ពិភពលោក​ទាំង​មូល!»

ការដឹក​ជញ្ជូន​វ៉ាក់សាំង​ដែល​ត្រូវរក្សាទុក​ក្នុង​កម្រិត​ត្រជាក់​ខ្លាំង​នោះ​ ត្រូវ​បាន​ធ្វើ​ឡើងដោយការដឹក​ចេញ​ពី​ឃ្លាំង​ផលិត​ឱសថ​របស់​ក្រុមហ៊ុន​ Pfizer ក្នុង​ទីក្រុង ​Kalamazoo ​រដ្ឋ​ Michigan ​កាលពី​ថ្ងៃ​អាទិត្យ​ ដើម្បី​ដឹកជញ្ជូន​តាម​ជើង​យន្ត​ហោះ​ក្នុង​លក្ខណៈបន្ទាន់​ទៅ​កាន់​មជ្ឈមណ្ឌល​ក្នុង​តំបន់​ផ្សេងៗ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។

លោក​ Stephen Hahn ​ប្រធានរដ្ឋបាល​ស្បៀងអាហារ​និង​ឱសថសហរដ្ឋ​អាមេរិក​បាន​ប្រាប់​ទូរទស្សន៍​ CNN​ ថា ​វ៉ាក់សាំង​ចំនួន​ ១៨៤.០០០​ដប​ ត្រូវ​បាន​ដឹក​ចេញតាមក្បួនរថយន្ត​ទីមួយ​ពីទី​តាំង​ផលិត​ឱសថ​របស់​ក្រុមហ៊ុន ​Pfizer។

បុគ្គលិក​សុខាភិបាល​និង​មនុស្ស​ចាស់​ដែល​ស្ថិត​ក្នុង​មណ្ឌល​ថែរក្សា​មនុស្ស​ចាស់​ជា​អ្នក​មាន​អាទិភាព​ដំបូង​គេ​ក្នុង​ការទទួល​បាន​វ៉ាក់សាំង​ការពារ​នោះ​ដែល​មាន​ចំនួន​២,៩លាន​ដូស​ក្នុង​ជុំ​ទី​១​ខណៈពេល​ដែលករណី​នៃ​ការឆ្លង​ថ្មីៗ​នៃ​ជំងឺ​កូវីដ​១៩​កំពុងផ្ទុះ​ឡើង​ខ្លាំង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។​

ទន្ទឹម​នឹង​នេះ​ដែរ​លោក​ប្រធានាធិបតី​ Trump​ ក៏​បាន​កែប្រែ​បទបញ្ជា​របស់​លោកដែលបាន​កំណត់ថា​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ដែល​ក្នុង​នោះ​មាន​បុគ្គលិក​មួយ​ចំនួនរបស់​សេតវិមាន​ផង​ដែរ​ក៏​អាច​ទទួល​បាន​វ៉ាក់សាំង​ការពារ​នៅ​ក្នុង​ជុំ​ទី​១​នេះ។​

នៅ​ក្នុង​សារ​បង្ហោះ​តាម​ប្រព័ន្ធ​ Twitter នៅ​យប់​ថ្ងៃ​អាទិត្យ​លោក​ត្រាំបញ្ជាក់​ថា​បុគ្គលិក​របស់​សេតវិមាននឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារនៅ​ក្នុង​កម្មវិធី​បន្ទាប់​លើកលែងតែអ្នក​ដែល​ចាំបាច់​ពិសេស​ដែល​អាច​ត្រូវ​ទទួល​បានភ្លាមៗ។​លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​រូប​លោកផ្ទាល់​នឹង​មិនមាន​គម្រោង​ទទួល​ចាក់​វាក់សាំង​ភ្លាមៗ​នៅ​ពេល​នេះ​ទេ​ តែ​លោក​ទន្ទឹង​រង់ចាំចាក់​វ៉ាក់សាំង​នេះ​«នៅ​ពេល​សមស្រប​ណា​មួយ»។

សហរដ្ឋ​អាមេរិកមាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ច្រើន​ជា​ង​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ដែល​ក្នុង​នោះ​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ជិត​៣០០.០០០​នាក់​និង​អ្នក​ឆ្លង​ចំនួន​សរុប​ជាង​១៦​លាន​នាក់។​ នេះ​បើ​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ​ Johns Hopkins។

លោក Hahn គូស​បញ្ជាក់​ថា​ពលរដ្ឋ​អាមេរិក​ប្រមាណ​ ២០​លាន​នាក់ ​អាច​ទទួល​បាន​វាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ក្នុង​ដូស​ទី​១នៅ​ត្រឹម​ដំណាច់​ខែ​ធ្នូ​ឆ្នាំ​២០២០​នេះ។​

ដោយ​ឡែក​លោក​ Moncef Slaoui​ ប្រធាន​ទីប្រឹក្សា​អភិវឌ្ឍន៍​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​សហព័ន្ធ​បាន​ប្រាប់​កម្មវិធី​ទូរទស្សន៍​ Fox News​ កាលពី​ថ្ងៃ​អាទិត្យ​ថា​ពលរដ្ឋ​អាមេរិកាំង​ប្រមាណ​ ១០០​លាន​នាក់​អាច​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​នៅ​ដំណាច់​ខែ​មីនា​ឆ្នាំ​២០២១​ខាង​មុខ​នេះ។​

វ៉ាក់សាំងនេះត្រូវ​រក្សា​ទុក​ក្នុង​កម្រិត​ត្រជាក់​ដក ៧០​ អង្សាសេ​មុនពេលត្រូវយក​មក​ចាក់៕