សេតវិមានបានសរសើរព័ត៌មានបានមកពីការស៊ើបការសម្ងាត់ថ្មីនៃប្រទេសអ៊ីស្រាអែលអំពីកម្មវិធីអាវុធបរមាណូនៃប្រទេសអ៊ីរ៉ង់ ដោយហៅការស៊ើបការសម្ងាត់នេះថា «ថ្មីហើយគួរឱ្យជឿបាន» ទោះណាជាពួកមន្ត្រីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន មិនបានចោទប្រកាន់រដ្ឋាភិបាលក្រុងតេហេរ៉ង់ថាបានរំលោភលើកិច្ចព្រមព្រៀងបរមាណូរបស់ផងខ្លួនកាលពីឆ្នាំ២០១៥ជាមួយពួកមហាអំណាចពិភពលោកក៏ដោយ។
ពួកមន្ត្រីស.រ.អា.ដែលបានពិនិត្យមើលសំណុំឯកសារ ប្លង់ រូបថតនិងវីដេអូដែលពួកអ្នកស៊ើបការសម្ងាត់អ៊ីស្រាអែលប្រមូលបាន បាននិយាយកាលពីយប់ថ្ងៃចន្ទថាសម្ភារៈដែលពួកគេបានឃើញមានភាពត្រឹមត្រូវហើយត្រូវគ្នាជាមួយព័ត៌មានដែលស.រ.អា.ប្រមូលបានជាច្រើនឆ្នាំមកហើយ។
អ្នកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ព័ត៌មាននេះផ្តល់សេចក្តីល្អិតល្អន់ថ្មីៗ និងគួរឱ្យជឿបានអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអ៊ីរ៉ង់ក្នុងការអភិវឌ្ឍកាំជ្រួចមីស៊ីលសម្រាប់ផ្ទុកអាវុធបរមាណូ»។
អ្នកស្រីបាននិយាយបន្ថែមថា «ប្រទេសអ៊ីរ៉ង់មានកម្មវិធីអាវុធបរមាណូសម្ងាត់ដែលប្រទេសបានខិតខំព្យាយាមលាក់បាំងពីពិភពលោក និងប្រជារាស្ត្រខ្លួនក៏ប៉ុន្តែគ្មានជោគជ័យទេ។ របបគ្រប់គ្រងអ៊ីរ៉ង់បានបង្ហាញឱ្យឃើញថាខ្លួននឹងប្រើប្រាស់អាវុធបែបនេះប្រឆាំងនឹងប្រទេសជិតខាងនិងប្រទេសឯទៀតៗ។ ប្រទេសអ៊ីរ៉ង់មិនត្រូវមានអាវុធបរមាណូជាដាច់ខាត»៕