កងកម្លាំង​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ចូលកាន់កាប់​តំបន់​គ្រប់​គ្រងរបស់​ក្រុម​អាយស៊ីស

វីដេអូមួយកាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០១៦ បានបង្ហាញអំពីផ្សែងដែលហើរចេញពីក្រុង Manbij ប្រទេសសុីរី។

កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​បាន​ចូលកាន់កាប់​ទាំងស្រុង​លើ​តំបន់​គ្រប់គ្រងដោយ​ក្រុម​អាយស៊ីស​ក្នុង​ក្រុង​ម៉ាន់ប៊ិចកាលពីថ្ងៃ​សុក្រ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​នៃ​កងកម្លាំង​ប្រដាប់​អាវុធនេះ។ ទីក្រុង​ម៉ាន់ប៊ិច​ស្ថិតនៅជាប់​នឹង​ព្រំដែន​ប្រទេស​តួកគី។​

កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ថា​កងកម្លាំង​របស់​ខ្លួន​កំពុង​តែ​បោសសម្អាត​ទីក្រុង​នេះ​បន្ទាប់ពី​ក្រុម​អ្នក​ប្រយុទ្ធ​អាយស៊ីស​ចុងក្រោយ​បាន​រត់ភៀសខ្លួន​ចេញ​ពីទីក្រុង​នេះ។

កងកម្លាំង​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​នេះ​ក៏​បាន​រំដោះ​ពលរដ្ឋ​ជាង​២០០០​នាក់​ដែល​ក្រុម​អាយស៊ីស​ប្រើ​ប្រាស់​ជា​ខែល​ការពារ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ Sharfan Darwish ​នៃ​ក្រុម​ប្រឹក្សា​យោធា​ក្រុង​ម៉ាន់​ប៊ិច ដែល​មាន​សម្ព័ន្ធ​មិត្ត​ជាមួយ​នឹង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី។

កាលពី​ព្រឹក​ថ្ងៃ​សុក្រ​លោក​ Gordon Trowbridge ​អ្នកនាំពាក្យ​រង​នៃ​ក្រសួងការពារជាតិ​បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​នៅ រដ្ឋ​ធានី​វ៉ាស៊ីនតោន​ថា​ ក្រុម​អាយស៊ីស​កំពុង​តែ​ស្ថិត​នៅ​ស្ថានភាព​អាសន្ន​ហើយ​អំពាវនាវ​ឱ្យ​ផ្តួលរំលំ​រដ្ឋបាល​នៅ​ក្នុង​ម៉ាន់ប៊ិច​ដែល​នេះ​ជា​ចំណុច​សម្គាល់​ដ៏​ធំ​បំផុត​ចុងក្រោយ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ចម្រុះ​ក្នុង​ការ​កាត់​ផ្តាច់​និង​លុប​បំបាត់កន្លែង​ប្រមូលផ្តុំសកម្មភាព​ក្រុម​អាយស៊ីស។

មន្ត្រី​សហរដ្ឋ​អាមេរិក​និងក្រុម​ចម្រុះ​បាន​មើល​ឃើញ​ថា​ទីក្រុង​ម៉ាន់ប៊ិច​គឺ​ជា​កន្លែង​ប្រសព្វសម្រាប់​ក្រុម​ភេរវករ។

ពួកគេ​និយាយ​ថា​ទីក្រុង​នេះ​បម្រើ​ការ​ជា​មជ្ឈមណ្ឌល​រៀបចំ​សម្រាប់​ក្រុម​អ្នកប្រយុទ្ធ​បរទេស​ដែល​ទើប​តែ​ចូលមក​ថ្មីផង​និង​ជា​កន្លែង​ជំរុញ​ឱ្យ​មាន​ប្រតិបត្តិការ​នៅ​ក្រៅ​ប្រទេស​របស់​ក្រុម​នេះ​ ដែល​បញ្ជូន​ក្រុម​អ្នក​ប្រយុទ្ធ​ទៅ​រៀបចំ​ផែនការ​និង​ធ្វើការ​វាយ​ប្រហារ​នៅ​បណ្តា​ប្រទេស​នៅ បស្ចិមលោក៕