រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន៤៥ម៉ឺនដុល្លារ ដើម្បីបន្តការងារក្នុងការអភិរក្សប្រាសាទភ្នំបាខែង ក្នុងខេត្តសៀមរាប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាចេញផ្សាយនៅថ្ងៃសុក្រនេះ។ ជំនួយនេះផ្តល់តាមរយៈអង្គការមូលនិធិប្រាសាទពិភពលោក (World Monuments Fund ឬWMF)។
បើតាមសេចក្តីប្រកាសព័ត៌មាន ជំនួយ៤៥ម៉ឺនដុល្លារអាមេរិកនេះ ស្ថិតនៅក្រោមគម្រោងកម្មវិធីឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌(AFCP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការថែរក្សាអភិរក្សប្រាសាទភ្នំបាខែងដែលត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី១០ ស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ។
លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា W. Patrick Murphy បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការប្រកាសនូវជំនួយជាថវិកានេះ ដែលជាជំនួយធំជាងគេបង្អស់របស់កម្មវិធី AFCP ផ្តល់ជូនតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងឆ្នាំនេះ ។ សហរដ្ឋអាមេរិកមានមោទនភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយព្រះរាជាណាចក្រកម្ពុជា»។ លោកបញ្ជាក់ថាប្រាសាទភ្នំបាខែង ជា«គោលដៅដ៏ធំជាងគេបង្អស់»មួយនៅក្នុងប្រទេសកម្ពុជា ដែលគេអាចមើលថ្ងៃលិចនៅតំបន់អង្គរដ៏អស្ចារ្យ»។
គិតចាប់តាំងពីឆ្នាំ ២០០៤មក កម្មវិធីAFCPបានផ្តល់ជំនួយថវិកាចំនួន៨ដងមកអង្គការមូលនិធិប្រាសាទពិភពលោកWMFសម្រាប់ការងារបន្តការអភិរក្សនៅប្រាសាទភ្នំបាខែង ដែលសរុបជាទឹកប្រាក់មានចំនួន៤លានដុល្លារអាមេរិក ។
បើតាមស្ថានទូតអាមេរិក ក្នុងរយៈពេល២០ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានជួយឧបត្ថម្ភគាំទ្រនូវគម្រោងនានាជាច្រើននៃប្រាសាទភ្នំបាខែង ដោយរួមមានការជួសជុលគ្រឹះប្រាសាទ ការអភិរក្សថ្មប្រាសាទ ការតបណ្តាញការពារជម្រាបទឹក និងការផ្គុំឡើងវិញនូវជញ្ជាំងនិងទីលាននៃប្រាសាទនេះ ។ ការផ្តល់នូវថវិកាជាបន្តបន្ទាប់នេះ ក៏បានជួយដល់អង្គការWMF ផ្តល់ការងារដល់ប្រជាជនក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគេអាចចូលរួមចំណែកក្នុងការងារអភិរក្សប្រាសាទភ្នំបាខែង៕
ភ្នំពេញ —