រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​តែងតាំង​រដ្ឋអាជ្ញា​ពិសេស​​សម្រាប់​ការស៊ើបអង្កេត​ទៅ​លើ​លោក Trump

រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​លោក Merrick Garland ថ្លែង​នៅ​ឯ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​លោក Merrick Garland បាន​ប្រកាសកាល​ពី​ថ្ងៃ​សុក្រ​ថា​ លោក​បាន​តែងតាំងរដ្ឋអាជ្ញា​ជើងចាស់​មួយ​រូប​ គឺ​លោក​ Jack Smith ឱ្យ​ធ្វើ​ជារដ្ឋអាជ្ញា​ពិសេស​សម្រាប់​សំណុំរឿង​ស៊ើបអង្កេត​សហព័ន្ធ២​ករណី​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ ​ពាក់ព័ន្ធ​នឹង​អតីត​ប្រធានាធិបតី​អាមេរិកលោក​ Donald Trump ​គឺ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះបន្ទាប់​ពី​លោក Trump បាន​ប្រកាស​ឈរ​ឈ្មោះ​ជា​ថ្មីសម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០២៤នោះ។​

លោក Garland បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លីមួយ​ ដែល​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ពី​ក្រសួង​យុត្តិធម៌​ថា៖​ «ផ្អែក​ទៅ​លើ​ការ​វិវត្ត​ថ្មីៗ​នេះ​ ដែល​ក្នុង​នោះ​រួម​មាន​ការប្រកាស​របស់​លោក Trump ក្នុង​ការឈរ​ឈ្មោះ​ជា​បេក្ខជនប្រធានាធិបតី​សម្រាប់​ការបោះ​ឆ្នោត​នាពេល​ខាង​មុខ​ ក៏​ដូច​ជា​ការ​បញ្ជាក់​ពី​បំណង​ចង់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ផង​ដែរ​របស់​ប្រធានាធិបតី​ក្នុង​តំណែង​នា​ពេល​បច្ចុប្បន្ន​គឺ​លោក​ Joe Biden នោះ​ ខ្ញុំ​បានសន្និដ្ឋាន​ថា វា​ជា​ផលប្រយោជន៍​សម្រាប់សាធារណជន​ ក្នុង​ការ​តែងតាំង​រដ្ឋអាជ្ញា​ពិសេស​មួយ​រូប»។ ​

លោក Smith ដែល​ជា​អតីតប្រធាន​ផ្នែកសុចរិតភាព​សាធារណៈ​របស់​ក្រសួង​យុត្តិធម៌​អាមេរិក​ និង​ក៏​ធ្លាប់​ធ្វើ​ជា​ប្រធាន​រដ្ឋអាជ្ញា​នៅ​ក្នុង​តុលាការ​ពិសេស​នៃ​ទីក្រុង​ឡាអេ​ផង​ដែរ​នោះ​ បានត្រឡប់​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បីទទួល​ចាត់ការការ​ស៊ើប​អង្កេតទៅលើសំណុំ​រឿង​ទាំង​ពីរ​នេះ​ជា​បន្ទាន់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌អាមេរិករូប​នេះ។​

លោក​ Garland ​និយាយ​ថា​ សំណុំ​រឿង​ទី​១​គឺ​ពាក់​ព័ន្ធ​ទៅនឹងរឿង​ដែល​ថា​ តើ​មាន​បុគ្គល​ ឬ​អង្គភាព​ណា​ខ្លះ​ បាន​ចូល​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ទៅ​លើ​ការ​ផ្ទេរ​អំណាចក្រោយ​ការបោះឆ្នោត​ប្រធានាធិបតីឆ្នាំ២០២០ ឬ​ពាក់ព័ន្ធ​ទៅ​នឹង​ការផ្តល់​ការ​យល់​ព្រមទៅ​លើ​អង្គ​បោះឆ្នោត​តំណាង ឬ Electoral College ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២១​នោះ ​ដែរ​ឬ​ទេ​ ដែលជាការ​ព្យាយាមរបស់​លោក Trump និង​គូកន​របស់​លោក​ ដើម្បី​ប្រែក្រឡាស់​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតីនៅ​ពេលនោះ។​

សំណុំ​រឿងស៊ើប​អង្កេត​ទី​២​ គឺ​ពាក់ព័ន្ធនឹង​ចំណាត់ការ​របស់​លោក Trump ក្នុង​ការ​រក្សា​ទុក​នូវ​ឯកសារ​សម្ងាត់​ និង​កំណត់​ហេតុផ្សេងៗ​ ក៏​ដូច​ជា​ការ​ព្យាយាម​ណា​មួយ​ ដើម្បី​បន្ទុចបង្អាក់​ដល់​ការ​ស៊ើប​អង្កេតសហព័ន្ធ។ នៅ​ក្នុង​សំណុំរឿងរក្សាទុក​ឯកសារ​សម្ងាត់នេះ​ រដ្ឋអាជ្ញា​នានា​កំពុង​ពិនិត្យ​មើលទៅ​លើចំណុច​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នានា​ ដែលរួមមាន​ការ​រំលោភ​ទៅ​លើច្បាប់​ចារកម្ម​ជា​ដើម។​ ​

លោក Trump បាន​បដិសេធ​នូវ​ការ​ប្រព្រឹត្ត​កំហុស​ណា​មួយ​ ហើយនៅ​មិន​ទាន់​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ក្នុង​ករណី​ទាំង​ពីរ​នេះ​នៅ​ឡើយ​នោះ​ទេ។​ ​

នៅក្នុង​សុន្ទរកថា​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់​លោកនៅ​ឯ​ភូមិគ្រឹះ Mar-a-Lago របស់​លោក​ក្នុង​រដ្ឋ Florida ​ ​អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ បាន​រិះគន់​ទៅ​លើ​ការ​តែង​តាំង​រដ្ឋអាជ្ញា​ពិសេស​រូបនេះ​ថា៖​ «ជា​ការ​រំលោភ​អំណាច​ដ៏​ធ្ងន់ធ្ងរជា​ច្រើន​ដងក្នុង​បំណង​តាម​ប្រមាញ់​លោក​និង​អ្នក​ជំនិត»។​ ​

ក្រសួង​យុត្តិធម៌​អាមេរិកមិន​បាន​បញ្ជាក់​ទេ​ថា តើ​ការ​ស៊ើប​អង្កេត​នោះនឹងបិទ​បញ្ចប់​នៅ​ពេលណានោះ​ឡើយ»៕