ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចបើកកិច្ចប្រជុំបិទទ្វារបន្ទាន់មួយនៅថ្ងៃពុធនេះ ពាក់ព័ន្ធនឹងការសាកល្បងគ្រាប់មីស៊ីលចុងក្រោយបង្អស់របស់ប្រទេសកូរ៉េខាងជើង។
សហរដ្ឋអាមេរិកបានស្នើឲ្យមានកិច្ចពិភាក្សាបន្ទាន់នេះ។ អ្នកវិភាគផ្នែកយោធាសហរដ្ឋអាមេរិក មានការសង្ស័យថា ការសាកល្បងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងចុងក្រោយបំផុតនេះ អាចជាបាញ់សាកល្បងនូវគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីប ដែលមានសមត្ថភាពអាចហោះដល់ដែនដីរដ្ឋ Alaska សហរដ្ឋអាមេរិកបាន។
អង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មម្ដងហើយម្ដងទៀតចំពោះរដ្ឋាភិបាលក្រុងព្យុងយ៉ាង ប៉ុន្តែកន្លងមក ទណ្ឌកម្មទាំងនេះស្ទើរតែមិនមានឥទ្ធិពលអ្វីទាំងអស់នៅក្នុងការបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យលះបង់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន។
ការសាកល្បងគ្រាប់មីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើងនេះ បានធ្វើឲ្យប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់កូរ៉េខាងជើង មានក្ដីបារម្ភ ដែលប្រទេសចិននាពេលបច្ចុប្បន្ននេះ មានតួនាទីជាប្រធាននៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កន្លងមក ប្រទេសចិនបានប្រឹងប្រែងបន្តិចបន្តួចតែប៉ុណ្ណោះនៅក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង៕