កម្ពុជា​ទទូច​ឲ្យ​អាមេរិក​គោរព​អធិបតេយ្យភាព​ក្រោយ​មាន​ភាព​ចម្រូងចម្រាស​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​ទ័ព​រាម

រូប​ឯកសារ៖ ទាហាន​ជើង​ទឹក​កម្ពុជា​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៩។

ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​យោធា​អាមេរិក​ទៅ​កាន់​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ កាល​ពី​សប្តាហ៍​មុន នាំ​ឲ្យ​ភាគី​ទាំង​ពីរ គឺ​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែមាន​ភាព​តាន​តឹង​បន្ថែម​ទៀត។

កាល​ពី​ថ្ងៃទី​១១ ខែ​មិថុនា មន្ត្រី​អនុព័ន្ធ​យោធាអាមេរិក​លោក​វរសេនីយ៍​ឯក Marcus Ferrara​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​មូលដ្ឋាន​កង​ទ័ព​រាម ដើម្បី​បញ្ជាក់​អំពី​ការ​សង្ស័យរបស់​អាមេរិក​ថា​តំបន់​នោះ​នឹង​ក្លាយ​ជា​មូលដ្ឋាន​កង​ទ័ព​របស់​ចិននៅ​ពេល​អនាគត ខណៈ​ប្រទេស​ចិន​នឹង​ស្ថាបនា និង​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កង​ទ័ព​នេះ​សម្រាប់​កម្ពុជា។ ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​យោធា​អាមេរិក​ត្រូវ​បាន​អនុញ្ញាត​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី Wendy Sherman ​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ដើម​ខែ​មិថុនា។

បន្ទាប់​ពីការ​ចុះ​ពិនិត្យ​មើល​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​លើក​ឡើង​ថា​មន្ត្រី​យោធា​របស់​ខ្លួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ពេញ​លេញ​តំបន់​ដែល​ពួក​គេ​ចង់​ទៅ​នោះ​ទេ។

មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​លើក​ឡើង​របស់​ស្ថាន​ទូត​អាមេរិក ក្រសួង​ការពារ​ជាតិ​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃ​ទី​១២ ខែ​មិថុនា ដោយ​លើក​ឡើង​ថា​ក្រុម​ការងារ​សម្រប​សម្រួលរបស់​កម្ពុជា​«បាន​ព្យាយាម​បំពេញ​បំណង​របស់​ប្រតិភូ​អាមេរិក ដោយ​អនុ​លោម​តាម​គោល​ការណ៍​ដែល​បាន​កំណត់​និង​ការ​ព្រម​ព្រៀង​គ្នា»។

ក្រសួង​បន្ថែម​ថា​ដំណើរ​ទស្សន​កិច្ច​នោះ មាន​ដូច​ជា​ការ​ចុះ​ពិនិត្យ​មើល​អគារ​សង់​ថ្មី​ពីរ​ខ្នង​សម្រាប់​ការ​ស្នាក់​នៅ​របស់​កម្មករ​សំណង់ ដំណើរ​ពិនិត្យ​មើល​ផែ និង​នាវា​របស់​កង​ទ័ព​ជើង​ទឹក ការ​ទស្សនា​រោងជាង​ដែល​ជា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី ការ​ធ្វើ​ទស្សន​កិច្ច​នៅ​មន្ទីរពេទ្យ​និង​ការ​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​មើល​សំណង់​ទី​បញ្ជាការ​ជួរ​មុខ​របស់​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​នៅ​កោះ​ព្រាប។​

ក្រសួង​ការពារ​ជាតិ​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «តែ​ទោះ​ជា​ដូច្នេះ​ក្តី ក្រៅ​ពី​ទី​កន្លែង​ទាំង​ប៉ុន្មាន​ខាង​លើ ដែល​បាន​ស្នើ​និង​បាន​ឯកភាព​គ្នា ភាគី​អាមេរិក​បាន​បង្កើត​សេ​ណារី​យ៉ូ​ថ្មី​ភ្លាមៗ ដោយ​ទាម​ទារ​ចូល​ទៅ​មើល​កន្លែង​ផ្សេង​ទៀត ដែល​ពុំ​មាន​ការ​ស្នើ​សុំ​ពី​មុន​មក។ ដោយ​មើល​ឃើញ​ភាព​មិន​ប្រក្រតី​និង​យល់​ឃើញ​អំពី​ការ​មិន​គោរព​ចំពោះ​អធិបតេយ្យ​របស់​កម្ពុជា និង​ចេតនា​ធ្វើ​ជា​មិន​យល់​អំពី​លក្ខខណ្ឌ​កំណត់របស់​កង​ទ័ព ក្រុម​ការងារ​បាន​ប​ដិ​សេធ​ចំពោះ​សំណើ​ថ្មីៗ​នេះ។ លើស​ពី​នេះ​ទៅ​ទៀត អនុ​ព័ន្ធ​យោធា​អាមេរិក​ហាក់​បង្ហាញ​អំពី​ភាព​មានះ​នៅ​ក្នុង​ការ​ជម្នះ​ចូល​ទៅ​កាន់​ទី​នោះ ប៉ុន្តែ​នៅ​តែ​មិន​ត្រូវ​បាន​អនុញ្ញាត»។

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​ចាត់​ទុក​ប្រតិកម្ម​របស់​ស្ថាន​ទូត​អាមេរិក​ក្រោយ​ចុះ​ពិនិត្យ​នៅ​មូលដ្ឋាន​ទ័ព​រាម​«ជា​ការ​ព្យាយាម​បង្កើត​បញ្ហា​ថ្មី និង​បំភ្លៃ​ការ​ពិត ដែល​នាំ​ឲ្យ​មាន​ភាព​ល្អក់​កករ​កាន់​តែ​ខ្លាំង​ឡើង​ដល់ទំនាក់​ទំនង​យោធា​រវាង​ប្រទេស​ទាំង​ពីរ»។

ក្រសួង​ការពារ​ជាតិ​ក៏​បាន​ស្នើ​សុំ​ដោយ​ទទូច​ដល់​សហរដ្ឋ​អាមេរិក​«ឲ្យបញ្ឈប់​ការ​បង្កើត​សេណារី​យ៉ូ​ថ្មីៗ​ដែល​នាំ​មក​នូវ​ភាព​អវិជ្ជមាននិង​សូម​ឲ្យ​គោរព​ដល់​អធិបតេយ្យ​និង​លក្ខខណ្ឌ​កំណត់​នៃ​កង​ទ័ព​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា»។

ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ដំណើរ​ទស្សន​កិច្ច​លើក​ក្រោយ ក្រសួង​ការពារ​ជាតិ​កម្ពុជា​បញ្ជាក់​ថា​«នឹង​ត្រូវ​ពិចារ​ណា​យ៉ាង​ហ្មត់​ចត់ តាម​ករណី​នីមួយៗ»។ ក្រសួង​សង្កត់​ធ្ងន់​ថា​ការ​ធ្វើ​ទស្សនកិច្ច​«ពុំ​មាន​ជា​ការ​ទៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ ឬ​ឆែក​ឆេរ​នោះ​ឡើយ»។

ក្រោយ​ការ​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ចូល​ពិនិត្យ​មើល​ពេញ​លេញ ស្ថានទូត​អាមេរិក​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​ថា​៖ «នៅ​ពេល​ដឹង​ច្បាស់​ថា លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មើល​បាន​អស់ លោក​វរ​សេនីយ​ឯក Ferrara [ដែល​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ទៅ​ពិនិត្យ​តំបន់​រាម] បាន​បញ្ចប់​ការ​ដើរ​មើល​ហើយ​បាន​ស្នើ​សុំ​ឲ្យ​មន្ត្រី​យោធា​កម្ពុជា​កំណត់​ពេល​ទស្សន​កិច្ច​ឡើង​វិញ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​ដើរ​មើល​គ្រប់​កន្លែង នៅ​ក្នុង​ពេល​ខាង​មុខ​ឲ្យ​បាន​ឆាប់​បំផុត»។ ស្ថានទូត​អាមេរិក​បាន​បញ្ជាក់​ថា​ការ​មាន​ដំណើរ​ទស្សនកិច្ច​«ញឹក​ញាប់»​ពី​សំណាក់​បណ្ដា​អនុ​ព័ន្ធ​យោធា​បរទេស​ដែល​ប្រចាំ​ការ​នៅ​ភ្នំពេញ​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​«ឆ្ពោះ​ទៅ​រក​តម្លាភាព​និង​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ច្រើន»។

លោក Arend Zwartjes អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ទៅ​លើ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​នោះ​ទេ។ លោក​ក៏​មិន​បាន​បញ្ជាក់​ថា​តើ​អាមេរិក​នឹង​ស្នើ​សុំ​កម្ពុជា​ដើម្បី​ពិនិត្យ​មើលកន្លែងដែល​ពួកគេចង់​ពិនិត្យ​មើល​បន្ត​នោះ​ទេ។

គួរ​បញ្ជាក់​ថា​អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump ធ្លាប់​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​មក​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ថា​សហរដ្ឋ​អាមេរិក​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា​និង​មិន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​នោះ​ទេ។

លោក​ឧត្តមនាវី​ទោ ម៉ី ឌីណា អ្នក​នាំ​ពាក្យ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ថែម​នា​ពេល​នេះ និង​ថា​លោក​ក៏​មិន​មាន​សិទ្ធិ​អ្វី​ក្នុង​ការ​សម្រេច ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​របស់​អាមេរិក​ក្នុង​ការ​ពិនិត្យ​មើល​មូលដ្ឋានទ័ព​រាម​លើក​ក្រោយៗ​ទៀត ដោយ​ថា​វា​អាស្រ័យ​លើ​ថ្នាក់​លើ។

លោក​បញ្ជាក់​ថា​៖ «សូម​សួរ​ទៅ​ថ្នាក់​លើ ខាង​ខ្ញុំ​មិន​មាន​សិទ្ធិ​ទេ​បាទ»។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​និង​ជា​អ្នក​តាម​ដាន​សង្គម​មួយ​រូប​មាន​ប្រសាសន៍​ថា​ការ​លាង​ជម្រះ​មន្ទិល​សង្ស័យ​ជា​រឿង​សំខាន់​នៅ​ពេល​នេះ ដូច្នេះ​ភាគី​ទាំង​ពីរ​ត្រូវ​មាន​ការ​ឯកភាពទៅ​លើ​ទីតាំង​ដែល​ចង់​ពិនិត្យ​មើល ហើយ​ថា​អាមេរិក​ក៏​ត្រូវ​ផ្តល់​តម្លៃ​ដល់​កម្ពុជា ព្រោះ​ថា​មិន​អាច​មើល​ទី​តាំង​ស្រេច​តែ​ចិត្ត ដោយសារ​នេះ​ជា​ផ្នែក​មួយ​នៃ​សន្តិសុខ​ជាតិ​ផង​ដែរ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖ «អាមេរិក​នៅ​តែ​សង្ស័យ​ដដែល​ហ្នឹង បើ​សិនកម្ពុជា​នៅ​រក្សា​នូវ​គោលការណ៍​ការ​សម្ងាត់ អធិបតេយ្យភាព​ជាតិ មិន​អាច​លាង​ជម្រះ​បញ្ហា​ហ្នឹង​បាន។ អញ្ចឹង​ជា​ឧបសគ្គមួយ​ធំណាស់។ កម្ពុជា​គួរ​គិត​ពិចារណា​រក​វិធីសាស្ត្រ​បក​ស្រាយ​បំភ្លឺ​យ៉ាង​ម៉េច​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ នៅ​ក្នុង​ការ​ជឿជាក់​ក្នុង​ក្រប​ខណ្ឌទំនាក់ទំនង​ទ្វេ​ភាគី ធ្វើ​ឲ្យ​ល្អក់​កករ វា​មិន​រក្សា​បាន​នូវអត្ថប្រយោជន៍​ជាតិ​ទេ»។

លោក ឯម សុវណ្ណារ៉ា បន្ថែម​ថា​កម្ពុជា​មិន​គួរ​ប្រឈម​នឹង​អ្វី​ដែល​អាមេរិក​ព្រួយ​បារម្ភ​ក្នុងក្រប​ខណ្ឌ​អន្តរ​ជាតិ​នោះ​ទេ ព្រោះការ​លើក​ឡើង​របស់​អាមេ​រិក​ទាក់​ទង​នឹង​មូលដ្ឋាន​កង​ទ័ព​ចិន​នៅ​កម្ពុជា ជា​ក្តី​កង្វល់​អំពី​សន្តិ​សុខ​តំបន់។

លោក​បណ្ឌិត អ៊ា សុផល​ដែល​ជា​សាស្ត្រាចារ្យ​ខាង​ការ​ទូត​និង​កិច្ចការ​អន្តរជាតិ​នៃ​មហាវិទ្យាល័យ​Occidental College ​ក្នុង​ទីក្រុង​ Los Angeles​ រដ្ឋ​ California​ សហរដ្ឋ​អាមេរិក​ មាន​ប្រសាសន៍​ថា​អាជ្ញាធរ​កម្ពុជា​ប៉ាន់​ស្មាន​ទាបពី​ការ​ចុះ​ទៅ​ពិនិត្យ​មើល​របស់​អនុព័ន្ធ​យោធា​អាមេរិក គឺ​មិន​មែនគ្រាន់​តែ​បង្ហាញ​អ្វី​បន្តិច​បន្តួច​ហើយ​ប្រកាស​ជោគ​ជ័យ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក​ថា​វា​មាន​ភាព​ខុស​គ្នា​សម្រាប់​ភាគី​ចិន​ដែល​អាច​ចូល​តំបន់រាម​២៤​ម៉ោង[​ក្នុង​១​ថ្ងៃ] ដោយ​មិន​មាន​ការ​កំណត់​ហាម​ឃាត់​អ្វី​ទាំង​អស់៕