រដ្ឋាភិបាលប្រទេសកម្ពុជា បានផ្ដល់សច្ចានុមតិលើកិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០១៥ ដែលបានធ្វើឲ្យប្រទេសនេះ ក្លាយជាប្រទេសដែលមានការអភិវឌ្ឍតិចតួចទី៨ និងជាប្រទេសទី៦៩នៃសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលបានផ្តល់សច្ចានុមតិលើកិច្ចព្រមព្រៀងនេះ។ ប្រមុខការទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ថ្លែងថា ប្រទេសកម្ពុជាអាចទាញប្រយោជន៍បានច្រើនបំផុតពីការអនុវត្តកិច្ចព្រមព្រៀងនេះ តែរដ្ឋាភិបាលកម្ពុជាមិនទាន់បញ្ជាក់ថា ខ្លួននឹងអាចចាប់ផ្ដើមអនុវត្តន៍កិច្ចព្រមព្រៀងនេះបាននៅពេលណានោះទេ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក វីលៀម ហៃ (William Heidt) នៅថ្ងៃអង្គារនេះ ស្នើឲ្យរដ្ឋាភិបាលកម្ពុជាពង្រឹងកិច្ចសហការជាមួយវិស័យឯកជន ដើម្បីពន្លឿនការអនុវត្ត កិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្ម (Trade Facilitation Agreement) ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក។
កិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្ម ឬហៅកាត់ថា (TFA) គឺជាកិច្ចព្រមព្រៀងដំបូងមួយ ដែលត្រូវបានសម្រេចដោយសមាជិកទាំងអស់របស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលារយៈពេលពីរថ្ងៃដែលរៀបចំឡើងនៅរាជធានីភ្នំពេញស្តីពីការជួយកម្ពុជាអនុវត្តកិច្ចព្រមព្រៀងTFA នេះ លោកឯកអគ្គរដ្ឋទូត William Heidt មានប្រសាសន៍ថា ប្រទេសកំពុងអភិវឌ្ឍន៍ រួមមានប្រទេសកម្ពុជា ជាប្រទេសដែលអាចទាញប្រយោជន៍បានច្រើនបំផុតពីការអនុវត្តខនានាដែលមានចែងរបស់កិច្ចព្រមព្រៀងTFA តាមការកាត់បន្ថយថ្លៃដើមសម្រាប់ការនាំចេញទំនិញ និងសេវាកម្ម ការសម្រួលលំហូរពាណិជ្ជកម្មតាមច្រកព្រំដែនអន្តរជាតិរបស់កម្ពុជា ហើយកិច្ចព្រមព្រៀងនេះ ក៏ជួយជំរុញការប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងតំបន់ និងពិភពលោក និងជំរុញកំណើនសេដ្ឋកិច្ចដែលចេះតែបន្តកើនឡើង។
លោកឯកអគ្គរាជទូត William Heidt មានប្រសាសន៍ថា ប្រទេសដែលមានភាពជោគជ័យខ្លាំងខាងពាណិជ្ជកម្ម បានទទួលស្គាល់វិស័យឯកជនថាជាក្បាលម៉ាស៊ីនដ៏សកម្មមួយក្នុងកិច្ចការពាណិជ្ជកម្ម និងពន្ធគយ ដូច្នេះលោកថា រាជរដ្ឋាភិបាលកម្ពុជា អាចធ្វើការសម្រេចចិត្តក្នុងការផ្ដល់អាទិភាពទៅលើភាគីណាមួយដើម្បីអនុវត្តកិច្ចព្រមព្រៀង TFA ដែលអាចបើកផ្លូវឲ្យមានការកែទម្រង់ជាច្រើនទាក់ទិនបញ្ហាការិយាធិបតេយ្យ កង្វះតម្លាភាពក្នុងការធ្វើពាណិជ្ជកម្ម និងការអនុវត្តបទប្បញ្ញត្តិដែលមិនស៊ីសង្វាក់គ្នា ដើម្បីនាំភាពចម្រើនជឿនលឿនដល់ប្រទេសកម្ពុជា។
«ដូច្នេះ យើងគិតថា ត្រូវបោះមួយជំហានទៅមុខទៀត។ ហេតុអ្វីបានជាយើងមិនប្រើដំណើរការរបស់កិច្ចព្រមព្រៀង TFA ទៅពង្រីកកិច្ចសន្ទនាជាទូទៅរបស់រដ្ឋាភិបាលជាមួយវិស័យឯកជន ដែលប្រហែលជាអាចធ្វើបានតាមយន្តការដែលក្រសួងពាណិជ្ជកម្មជាប្រធាន ឬប្រហែលជាតាមយន្តការដូចជាវេទិកាសាធារណៈ ហើយធ្វើវាឲ្យកាន់តែស៊ីជម្រៅជាមួយការពិគ្រោះយោបល់ដែលនឹងចេះតែបន្តទៅមុខរវាងរដ្ឋាភិបាល និងវិស័យឯកជន។ ដូច្នេះវិស័យឯកជននឹងមានអារម្មណ៍ថា ពួកគេជាចំណែកមួយនៃការសម្រេចរបស់រដ្ឋាភិបាល»។
លោក William Heidt ថ្លែងបន្តថា រដ្ឋាភិបាលអាចនឹងពិចារណាយកជម្រើសមួយផ្សេងទៀត ក្រៅពីការចាប់យកកិច្ចព្រមព្រៀង TFA នេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើពាណិជ្ជកម្មរបស់ខ្លួន។
«ប៉ុន្តែខ្ញុំសង្ឃឹមថា អ្នកនឹងសម្លឹងទៅកិច្ចព្រមព្រៀង TFA ថាជាឱកាសសម្រាប់ធ្វើឲ្យមានកំណែទម្រង់ ដើម្បីធ្វើឲ្យកម្ពុជាកាន់តែចម្រុងចម្រើនថែមទៀត និងក្លាយជាប្រទេសធ្វើពាណិជ្ជកម្មដែលមានចំណូលមធ្យម»។
លោកឯកអគ្គរដ្ឋទូតបានលើកឡើងអំពីការប៉ាន់ស្មានរបស់វិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ ដែលបានព្យាករណ៍ថា ការអនុវត្តពេញលេញនៃកំណែទម្រង់កិច្ចសម្របសម្រួលពាណិជ្ជកម្មជាមួយកិច្ចព្រមព្រៀង TFA នេះ នឹងពង្រីកការធ្វើពាណិជ្ជកម្មពិភពលោកបានដល់ទៅ១ពាន់លានលានដុល្លារជារៀងរាល់ឆ្នាំ។
នៅឆ្នាំ២០១៥ រដ្ឋាភិបាលប្រទេសកម្ពុជាបានផ្ដល់សច្ចានុមតិដល់កិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកនេះ។ ការផ្ដល់សច្ចានុមតិនេះ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានការអភិវឌ្ឍតិចតួចទី៨ និងជាប្រទេសទី៦៩នៃសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលផ្ដល់សច្ចានុមតិលើកិច្ចព្រមព្រៀងដែលមានលក្ខណៈស្មុគស្មាញនេះ។
យោងតាមឯកសារស្តីពីកិច្ចសម្របសម្រួលសមាហរណកម្មពាណិជ្ជកម្មកម្ពុជាដែលចងក្រងដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ ឬហៅកាត់ថាUSAID និងក្រសួងពាណិជ្ជកម្មដែលបានចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ ២០១៦ បានឲ្យដឹងថា កិច្ចព្រមព្រៀង TFA ទទួលស្គាល់ថា ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន នឹងមិនមានលទ្ធភាពដើម្បីអនុវត្តឲ្យបានពេញលេញទៅតាម កិច្ចព្រមព្រៀងនេះទេ នៅពេលណាកិច្ចព្រមព្រៀងនេះ បានចូលជាធរមាន។
ហេតុដូច្នេះ អង្គការពាណិជ្ជកម្មពិភពលោក បានសម្រេចចាត់លក្ខន្តិកៈជាច្រើនទៅតាមកម្រិតផ្សេងគ្នាហើយ ដែលមានបីកម្រិត។
កម្រិតទីមួយ ឬកម្រិត A នឹងបង្ហាញថា ប្រទេសជាសមាជិករបស់អង្គការពាណិជ្ជកម្ម ពិភពលោក នឹងត្រូវអនុវត្ត ខ ដែលមានចែង នៅពេលដែលកិច្ចព្រមព្រៀង TFA ចូលជាធរមាន។ កម្រិតទីពីរ ឬកម្រិត B នឹងបង្ហាញថា ប្រទេសនោះត្រូវការពេលវេលាបន្ថែមដើម្បីអនុវត្ត ខ ដែលមានចែង និងកម្រិតទីបី ឬកម្រិត Cនឹងបង្ហាញថា ប្រទេសជាសមាជិក ត្រូវការទាំងពេលវេលា និងការជួយពីខាងក្រៅ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានចូលរួមសិក្ខាសាលាសាធារណៈស្ដីពីកិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកបានថ្លែងថា រដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធច្បាប់ស្ដីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត ការគាំពារអ្នកប្រើប្រាស់ និងសុវត្ថិភាពអាហារ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម។
ពាក់ព័ន្ធកិច្ចព្រមព្រៀង TFA នេះ លោកបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានស្វែងរកជំនួយបច្ចេកទេសពីក្រៅប្រទេស ដែលក្រោយមកមានសហរដ្ឋអាមេរិកបានចេញមុខជួយកម្ពុជា។
យ៉ាងណាលោកមិនអាចបញ្ជាក់ថាតើកម្ពុជាអាចនឹងអនុវត្តកិច្ចព្រមព្រៀង TFA នៅពេលជាក់លាក់ណាមួយនោះឡើយ នៅគ្រាដែលរដ្ឋាភិបាលកម្ពុជា ចង់ផ្ដើមអនុវត្តការអនុវត្តកិច្ចព្រមព្រៀង TFA នេះ តាមកម្រិតទីពីរ ឬកម្រិត Bនិងទីបី ឬកម្រិតC។
«ខ្ញុំលើកឡើងជាថ្មី ពីចំណាប់អារម្មណ៍របស់រដ្ឋាភិបាលកម្ពុជានៅក្នុងការ ទទួលជំនួយ ដើម្បីអនុវត្តកិច្ចព្រមព្រៀង TFA នេះ។ ជាពិសេស គឹ បញ្ជាក់ពីសេចក្តីប្រាថ្នារបស់រដ្ឋាភិបាលក្នុងការចង់បានជំនួយឲ្យបានពី ក្រុមB និងC»។
ជាថ្មីថា ចំណាប់អារម្មណ៍របស់រដ្ឋាភិបាលកម្ពុជានៅក្នុងការទទួលជំនួយ ដើម្បីអនុវត្តកិច្ចព្រមព្រៀង TFA នេះ ជាពិសេសគឺសេចក្ដីប្រាថ្នារបស់រដ្ឋាភិបាលក្នុងការបានជំនួយសម្រាប់ផ្ដល់ការបញ្ជាក់ដល់ក្រុមB និងC»។
អ្នកជំនាញខាងសេដ្ឋកិច្ចនិយាយថា រដ្ឋាភិបាលកម្ពុជា អាចនឹងពន្លឿនការអនុវត្តកិច្ចព្រមព្រៀង TFA ប្រសិនរដ្ឋាភិបាលពិនិត្យឃើញថា កិច្ចព្រមព្រៀងនេះ មិនមានភាពស្មុគស្មាញច្រើនក្នុងការអនុវត្ត។ តែរដ្ឋាភិបាលអាចនឹងងាកចេញពីកិច្ចព្រមព្រៀងនេះវិញ នៅពេលដែលរដ្ឋាភិបាលយល់ឃើញថា កិច្ចព្រមព្រៀងនេះ មានចំណុចរឹតបន្តឹងច្រើន និងពិបាកអនុវត្តតាម ក្នុងនោះមានបញ្ហាពង្រឹងតម្លាភាព និងការដោះស្រាយឧបសគ្គនានាដែលមិនមែនជាពន្ធគយ សម្រាប់ធ្វើការធ្វើពាណិជ្ជកម្មឆ្លងដែន។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍនៃក្រុមហ៊ុន Emerging Markets Consulting (EMC) ប្រាប់ VOA ថា៖
«វាអាស្រ័យលើថាតើកិច្ចព្រមព្រៀងហ្នឹង ការអនុវត្តរបស់គាត់ តឹងរ៉ឹងកម្រិតណា។ ជួនកាលវាមានអញ្ចឹងមែនប៉ុន្តែវាមានការសម្របសម្រួលខ្លះ ប្រាកដជារដ្ឋាភិបាលប្រហែលជាមិនជាមានបញ្ហាទេ។ប៉ុន្តែបើសិនណារដ្ឋាភិបាល ខាងកិច្ចព្រមព្រៀងហ្នឹងត្រូវ អនុវត្តឲ្យបានមធ្យ័តនោះ ខ្ញុំជឿជាក់ថា នឹងមានបញ្ហាច្រើន ដោយសារ ដូចលោកមានប្រសាសន៍អញ្ចឹង គឺវាមានបញ្ហាដូចរឿង តម្លាភាពរឿងអីអញ្ចឹង។ ហើយតម្លាភាព នៅស្រុកយើង បើយើងមើលការវាយតម្លៃទាក់ទងជាមួយប្រព័ន្ធសុចរិតភាពរបស់យើង គឺមានកម្រិតទាបខ្លាំងមែនទែន»។
យោងតាមបទបង្ហាញរបស់លោក ចន វលដិន (Jon Walden) ទីប្រឹក្សាជាន់ខ្ពស់ខាងផ្នែកសម្របសម្រួលពាណិជ្ជកម្មរបស់កម្មវិធីកំណើនសេដ្ឋកិច្ចនៃទីភ្នាក់ USAID នៅតំបន់អាស៊ី និងមជ្ឈិមបូព៌ា បានឲ្យដឹងថា កិច្ចព្រមព្រៀង TFA គឺជា កត្តាសំខាន់ ក្នុងបរិការណ៍នៃការវិវត្តច្បាប់ពាណិជ្ជកម្មអន្តរជាតិ ខណៈដែលវាតម្រូវឲ្យប្រទេសជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក អនុម័តការអនុវត្តល្អបំផុតដែលត្រូវបានគេទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ហើយប្រែក្លាយទៅជាច្បាប់ក្នុងស្រុកមួយដែលពាក់ព័ន្ធនឹងការគ្រប់គ្រង និងនិយ័តកម្មនៃពាណិជ្ជកម្មឆ្លងដែន ទោះបីតាមរយៈការទាមទារដោយច្បាប់ ឬក៏ជាកិច្ចខិតខំប្រឹងប្រែងខ្លាំងបំផុតក្ដី។
តាមបទបង្ហាញដដែលនោះ កិច្ចព្រមព្រៀង TFA នេះ បានចូលជាធរមានកាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ៕