សហរដ្ឋអាមេរិកនិងក្រុមមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេនឹង«បង្កើនការប្រឹងប្រែងរួមគ្នា» ដើម្បីឱ្យមានដំណោះស្រាយដោយសន្តិវិធីនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
សេចក្តីថ្លែងការណ៍រួមស្តីពីទស្សនៈវិស័យអាមេរិក-អាស៊ាន ចេញផ្សាយកាលពីយប់ថ្ងៃសុក្រ ចែងថា៖ «យើងបញ្ជាក់ជាថ្មីទៀតអំពីការប្តេជ្ញារបស់យើងចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងបន្តអំពាវនាវឱ្យមានបញ្ឈប់អំពើហិង្សាជាបន្ទាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងឱ្យមានការដោះលែងអ្នកជាប់ឃុំឃាំងខាងនយោបាយទាំងអស់ ដោយមានរួមបញ្ចូលទាំងជនបរទេសផងដែរ»។
ទោះជាសេចក្តីថ្លែងការណ៍រួមមិនបាននិយាយអំពីការបើកទំនាក់ទំនងក្រៅផ្លូវការជាមួយរដ្ឋាភិបាលរួបរួមជាតិ ដែលដឹកនាំដោយជនស៊ីវិលនៃប្រទេសមីយ៉ាន់ម៉ា ហៅ NUG ក៏ដោយ ក៏ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក និងរដ្ឋមន្ត្រីការបរទេសអាស៊ានមួយចំនួនតូច បានចរចាជាមួយអ្នកស្រី Zin Mar Aung រដ្ឋមន្ត្រីការបរទេសរបស់ NGU នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ។
មនុស្សរាប់សែននាក់បានខ្ចាត់ព្រាត់ពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីមានរដ្ឋប្រហារយោធាមួយដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ា ដែលគេស្គាល់ថាជាប្រទេសភូមា កាលពីខែកុម្ភៈឆ្នាំទៅមិញ។
ក្នុងសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់លើកទី ១ របស់លោក ជាមួយក្រុមមេដឹកនាំអាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន។ មានកៅអីទំនេរមួយសម្រាប់ប្រទេសមីយ៉ាន់ម៉ាដើម្បីបង្ហាញការមិនពេញចិត្តចំពោះរដ្ឋប្រហារយោធានិងអំពើហិង្សាក្នុងប្រទេសមួយនេះ។
សម្រាប់អ្នកវិភាគខ្លះ កិច្ចប្រជុំនេះត្រូវគេឃើញថាជាការបង្ហាញសាមគ្គីភាព នៅពេលសហរដ្ឋអាមេរិកប្រកួតប្រជែងជាមួយប្រទេសចិន ដើម្បីដណ្តើមឥទ្ធិពលក្នុងតំបន់នោះ។
កិច្ចប្រជុំកំពូលនេះក៏បានធ្វើឡើង ស្របពេលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ត្រៀមបង្ហាញចំណុចគោលនយោបាយសំខាន់ៗស្តីពីវិធីសាស្ត្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិន នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ស្តីពីសន្តិសុខក្នុងតំបន់ សេចក្តីថ្លែងការណ៍រួមអាមេរិក-អាស៊ានបានសង្កត់ធ្ងន់លើ «ការកសាងទំនុកលើគ្នា» និងសារៈសំខាន់នៃ«វិធានការហុចជាប្រយោជន៍ដែលអាចកាត់បន្ថយភាពតានតឹងនិងការប្រថុយប្រថាននៃគ្រោះថ្នាក់ ការយល់ច្រឡំ និងការគិតគូរខុស» នៅក្នុងសមុទ្រចិនខាងត្បូង។
លោក Derek Grossman អ្នកវិភាគជាន់ខ្ពស់ខាងកិច្ចការពារប្រទេសនៃសាជីវកម្ម Rand Corp. បានសរសេរតាមបណ្តាញ Twitter ថា «គ្មានឃើញអ្វីថ្មីនៅទីនេះទេ»៕