សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន ខកខាន​មិន​បាន​ថ្កោល​ទោស​ការ​ឈ្លានពាន​របស់​​រុស្ស៊ី​លើ​អ៊ុយក្រែន

លោកប្រធានាធិបតី Joe Biden ចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដើម្បីរំលឹកខួប ៤៥ ឆ្នាំនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន នៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

ថ្វីបើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ទទូច​ឱ្យ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ប្រកាន់​ជំហរ​រឹង​មាំ​ជាងមុន​ ចំពោះ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន​ក្តី ក៏​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​បាន​បញ្ចប់​ទៅ​នៅ​ថ្ងៃ​សុក្រ ដោយ​មិន​មាន​ការ​ថ្កោល​ទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នេះ​ជា​សញ្ញា​បង្ហាញ​ពី​ភាព​ស្មុគស្មាញ​នៃ​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​ដែល​រដ្ឋបាល​លោក​ Biden ព្យាយាម​ពង្រីក​សម្ពន្ធភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ ឱ្យ​លើស​ពី​សម្ពន្ធមិត្ត​នៅ​ទ្វីប​អឺរ៉ុប​ទៀត។

សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល​នេះ​បាន​និយាយ​ថា៖ «ចំពោះ​បញ្ហា​អ៊ុយក្រែន ដូច​ចំពោះ​ប្រជាជាតិ​ទាំង​ឡាយ​ដែរ យើង​បន្ត​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គោរព​ចំពោះ​អធិបតេយ្យភាព ឯករាជ្យភាព​នយោបាយ និង​បូរណភាព​ទឹកដី‍»។ សេចក្តី​ថ្លែងការណ៍​នេះ​បាន​បន្ត​ដោយ​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ឈប់​ជា​បន្ទាន់​នូវ​អរិភាព​នានា និង​គោរព​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ។

សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​ថា​អាស៊ាន បាន​ជៀសវាង​ធ្វើ​ការ​រិះគន់​ជា​សាធារណៈ​ចំពោះ​ការ​ឈ្លានពាន​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ទៅ​លើ​ប្រទេស​អ៊ុយក្រែន។ សមាគម​អាស៊ាន​ធ្វើ​សេចក្តី​សម្រេច​ផ្អែក​លើ​គោលការណ៍​ឯកច្ឆ័ន ឬ​កុងសង់ស៊ីស ហើយរដ្ឋ​សមាជិក​មាន​ទស្សនៈ​ខុសៗ​គ្នា​ រវាង​ប្រទេស​ដែល​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​យោធា​ស៊ីជម្រៅ​ជាមួយ​រុស្ស៊ី​ដូច​ជា​ប្រទេស​មីយ៉ាន់ម៉ា វៀតណាម ឡាវ ហើយ​និង​ប្រទេស​ដូច​ជា​សិង្ហបុរី ដែល​ជា​ប្រទេស​អាស៊ាន​តែ​មួយ​គត់​ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី។ ប្រទេស​ផ្សេង​ទៀត​ដូច​ជា​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ថៃ ព្យាយាម​នៅ​អព្យាក្រឹត។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ លោក Biden មិន​បាន​និយាយ​ពី​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន​ទាល់តែ​សោះ។ លោក​បាន​ថ្លែង​ថា ‍«តំបន់​ឥណ្ឌូប៉ាស៊ីហ្វ៊ិក​មួយ​ដែល​សេរី​និង​បើក​ចំហ មាន​ស្ថិរភាព​និង​វិបុលភាព និង​ភាព​រឹងប៉ឹង​និង​សុវត្ថិភាព ជា​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​ប៉ងប្រាថ្នា‍» ដោយ​លោក​បាន​យោង​ទៅ​រក​យុទ្ធសាស្ត្រ​របស់​រដ្ឋបាល​លោក​ ដែល​មាន​គោលដៅ​សំខាន់​ឆ្លើយតប​ទៅ​នឹង​ការ​ប្រឈម​ទាំង​ឡាយ​ដែល​បង្ក​ដោយ​ឥទ្ធិពល​សេដ្ឋកិច្ច​និង​យោធា​កើន​ឡើង​របស់​ចិន​នៅ​អាស៊ីអាគ្នេយ៍។

អ្នកស្រី Stacie Goddard សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ Wellesley College ថ្លែង​ថា រដ្ឋបាល​លោក Biden ដឹង​ច្បាស់​ថា បណ្តា​ប្រទេស​អាស៊ាន​ជា​ដៃគូ​ចាំបាច់​នៅ​ក្នុង​ការ​ប្រកួតប្រជែង​របស់​ខ្លួន​ជាមួយ​នឹង​ចិន។ អ្នកស្រី​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «អាមេរិក​មិន​ចង់​ឱ្យ​មាន​រឿង​ល្អក់កករ​ក្នុង​ទំនាក់ទំនង​ដោយ​សារ​តែ​[ចង់​ឱ្យ​មាន]​សេចក្តី​ថ្លែងការណ៍​ចំពោះ​ភាព​គគ្លើន​របស់​រុស្ស៊ី​នោះ​ទេ‍»។

ហើយ​សូម្បី​តែ​ប្រទេស​ដែល​មាន​ទំនាក់ទំនង​មិន​សូវ​ជិត​ស្និទ្ធ​ជាមួយ​រុស្ស៊ី​ក្តី ក៏​ចាត់​ទុក​រុស្ស៊ី​ជា​មហាអំណាចមួយ​ដែល​ជួយ​ឱ្យ​មាន​តុល្យភាព​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែរ។ ដូច​ជាមួយ​បញ្ហា​ការ​ប្រកួតប្រជែង​រវាង​អាមេរិក​និង​ចិន​ដែរ ប្រទេស​អាស៊ាន​ទាំង​នេះ ព្យាយាម​បញ្ចៀស​យ៉ាង​ណា​មិន​ឱ្យ​ផលប្រយោជន៍​របស់​ពួក​គេ​ត្រូវ​ខូចខាត​ដោយ​សារ​ការ​ប្រកួតប្រជែង​រវាង​មហាអំណាច។

លោក Brian Harding អ្នក​ជំនាញ​ខាង​អាស៊ីអាគ្នេយ៍​នៅ​វិទ្យាស្ថាន​សន្តិភាព​របស់​សហរដ្ឋ​អាមេរិក (USIP) បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «និយាយ​ឱ្យ​ចំ​ទៅ​គឺ ​ប្រទេស​អាស៊ាន​ភាគ​ច្រើន​មើល​ឃើញ​ថា​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន​ជា​រឿង​ដែល​កើត​ឡើង​នៅ​ឯ​នាយ​សមុទ្រ​ឆ្ងាយ​ពី​ខ្លួន ហើយ​មិន​មាន​ប្រយោជន៍​អ្វី​ដែល​គួរ​កាន់​ជើង​ខាង​ណា​ទេ‍»។

សម្ពាធ​ឯកជន

ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​គូសបញ្ជាក់​ថា​បញ្ហាអ៊ុយក្រែនស្ថិត​ខ្ពស់​ក្នុង​របៀប​វារៈនៃ​សន្និសីទ​កំពូលនេះ។​ តែការសន្ទនា​គ្នា​ទាំងនោះ​មិន​បាន​ផ្សាយជា​សាធារណៈទេ។

លោក Gregory Poling ដែល​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់ខាងអាស៊ី​អាគ្នេយ៍នៅ​មជ្ឈមណ្ឌលយុទ្ធសាស្ត្រ​និងការ​សិក្សាអន្តរជាតិ​បាននិយាយ​ថា៖ «លោក​អ្នក​មិន​អញ្ជើញ​ភ្ញៀវ​៨​នាក់ឱ្យ​ធ្វើ​ដំណើរ​តាមយន្តហោះចម្ងាយ​ពាក់​កណ្តាល​ពិភពលោក​ដើម្បី​ធ្វើឱ្យ​ពួកគេមិន​ស្រួលចិត្តនៅ​ខាង​មុខ​កាម៉េរ៉ាច្រើន​នោះ​ទេ»។​

លោក​ Poling បាននិយាយ​ប្រាប់​វីអូអេថា ​សេចក្តីថ្លែងការណ៍​នេះ​ខ្លាំង​ជាងសេចក្តី​ថ្លែងការណ៍​មុនៗ​របស់ពួក​រដ្ឋមន្ត្រីការបរទេសអាស៊ានអំពី​បញ្ហាប្រទេសអ៊ុយក្រែន​ ពីព្រោះ​ក្នុង​សេចក្តីថ្លែងការណ៍​ទាំង​នេះ​គ្មានរួម​បញ្ចូល​ពាក្យ​ពេចន៍អំពី«​ការគោរព​អធិបតេយ្យភាព ឯករាជ្យ​ភាព​នយោបាយនិង​បូរណភាព​ដែនដី​ទេ»​ដែល​លោក​បានថ្លែង​ថាជា​ការថ្កោលទោស​ទាំង​ស្រុង​ដល់​ការ​លុកលុយ​របស់​រុស្ស៊ី។​

លោក​ Sarang Shidore ជានាយក​ផ្នែក​ការសិក្សានៅវិទ្យាស្ថាន​ Quincy Institute for Responsible Statecraft។ លោក​បាន​និយាយ​បង្ហាញ​ហេតុផល​ថាសម្បទាន​របស់​លោក Biden អំពី​រុស្ស៊ី​ជាមួយ​អាស៊ានបង្ហាញ​ថា ទស្សនៈ​របស់​លោកអំពី​ការប្រយុទ្ធ​ជាសាកលរវាង«ពួក​ប្រទេសកាន់​លទ្ធិប្រជាធិបតេយ្យនិងពួក​ប្រទេសផ្តាច់ការ»​មាន​អ្នកយល់​ដូច​លោក​តែ​បន្តិចបន្តួចប៉ុណ្ណោះ​ក្នុង​តំបន់​នោះ។ លោក Shidore បានថ្លែង​ប្រាប់​វីអូអេថា​ សហរដ្ឋ​អាមេរិក​គួរពង្រីកឥទ្ធិពលរបស់ខ្លួន​«តាម​រយៈ​យុទ្ធសាស្ត្រភូមិសាស្ត្រ-សេដ្ឋកិច្ច​ដ៏​មានទំនុក​ចិត្ត​មួយ ជាជាងព្យាយាមផាត់​ចោល​អ្នកមានមុខនាទីឯ​ទៀតៗ​ខាង​ភូមិសាស្ត្រនយោបាយ»។​

សហរដ្ឋ​អាមេរិក​មិន​បាន​បើកទីផ្សារ​តាម​រយៈកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរី ដែល​ជាអ្វីដែល​ប្រទេស​ជា​ច្រើន​ក្នុងតំបន់​នោះ​ចង់ឱ្យ​មានទេ។

រូបឯកសារ៖ បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​ G-20 ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​ប្លុក​នេះ​នៅ​មជ្ឈមណ្ឌល​សន្និសីទ​ La Nuvola នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១។ (Erin Schaff/Pool Photo via AP)

ឥណ្ឌូណេស៊ីមាន​ការ​ប្រុង​ប្រយ័ត្នមុន​សន្និសីទ​កំពូល G-20

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​លោកស្រី Retno Marsudi បាន​ថ្លែង​កាល​ពី​ថ្ងៃសុក្រ​ដោយ​មិន​បាន​និយាយ​យោង​ដល់​រុស្ស៊ី​ថា៖ «សេចក្តី​សង្ឃឹម​របស់​យើង​គឺ​ឃើញសង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន​ចប់​ឆាប់​រហ័ស​ ហើយ​ថាយើងបើក​ឱកាស​ឱ្យ​ដំណោះស្រាយសង្គ្រាម​ដោយ​សន្តិវិធីទទួល​បាន​ជោគជ័យ»។

ប្រធានាធិបតី​ឥណ្ឌូណេស៊ីលោក Joko Widodo ដែល​ជាប្រធានប្តូរ​វេន​នៃ​ក្រុមប្រទេស​ G-20 មានសេដ្ឋកិច្ចធំៗក្នុងពិភពលោក បាន​ទប់ទល់នឹង​សម្ពាធឱ្យផាត់ លោក Putin ចេញ​ពីសន្និសីទកំពូល​ដែលលោក​គ្រោង​នឹងរៀបចំនៅ​កោះ Bali ក្នុងខែ​វិច្ឆិកា​ បើ​ទោះ​ជា​មាន​ការគំរាម​កំហែង​ធ្វើ​ពហិការ​ដោយ​លោក Biden និងពួក​មេដឹកនាំលោក​ខាង​លិច​ឯ​ទៀតៗ​ក៏​ដោយ។​

លោកស្រី Jen Psaki អ្នកនាំ​ពាក្យ​សេតវិមានជិតចេញ​ពី​តំណែង មិន​បានឆ្លើយ​តប​នឹងសំណួរ​របស់​វីអូអេអំពី​ថា​តើលោក Biden នឹងជំរុញលោក Widodo មិន​ឱ្យ​អញ្ជើញលោក Putin ចូល​រួម​ក្នុង​សន្និសីទ​កំពូលនោះ​ឬ​យ៉ាង​ណាទេ ដោយ​លោក​ស្រីបាន​និយាយ​ជាថ្មី​ទៀត​ថា លោក Biden នៅតែរក្សាគោល​ជំហរ​លោក​ថា​ក្រុមប្រទេស G-20 «មិនគួរ​មានដំណើរការដូច​ធម្មតាទៀត​ទេ»៕



ប្រែ​សម្រួល​ដោយលោក​ សឹង សុផាត និង​លោក ឈឹម សុមេធ