សហរដ្ឋ​អាមេរិក​ប្រកាស​គំនិត​ផ្តួច​ផ្តើម​ជាច្រើន​ជួយ​អាស៊ាន​ក្នុង​ជំនួប​កំពូល​ពិសេស

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ថតរូបរួមគ្នា នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២។

វ៉ាស៊ីនតោន — ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ​បាន​ស្វាគមន៍​មេដឹកនាំ​នៃ​សមាគម​ប្រជាជាតិ​អាគ្នេយ៍ ​(អាស៊ាន) ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​ជា​ប្រវត្តិសាស្ត្រ​រវាង​អាមេរិក​ និង​អាស៊ាន​ ដែល​ធ្វើឡើង​ជា​លើកដំបូង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​និង​នៅ​សេតវិមាន​ ពីថ្ងៃទី ១២​ ដល់ ​១៣ ​ខែ​ឧសភា។

សេតវិមាន​បាន​បញ្ជាក់​នៅ​ក្នុង​ឯកសារ​ការពិត​មួយ ដែល​ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃព្រហស្បតិ៍​ថា ​កិច្ចប្រជុំ​នេះ​ «ដើម្បី​បញ្ជាក់​ឡើង​វិញ​នូវ​ការប្តេជ្ញា​ចិត្ត​យូរអង្វែង​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​អាមេរិក-អាស៊ាន​ ក្នុង​ការធានា​សន្តិសុខ ​វិបុលភាព ​និង​ការគោរពសិទ្ធិមនុស្ស»។

សេតវិមាន​បាន​បន្ថែមថា៖ «ផ្អែក​លើ​ការប្តេជ្ញាចិត្ត​យូរអង្វែង​របស់​យើង​ចំពោះ​តំបន់​ដ៏​សំខាន់​នេះ ​សំណើ​ថវិកា​សារពើពន្ធ​ឆ្នាំ ២០២៣ ​របស់​រដ្ឋបាល ​Biden-Harris​ រួមបញ្ចូល​ថវិកា​ជាង ៨០០​ លាន​ដុល្លារ​ជាជំនួយ​ទ្វេភាគី​សម្រាប់​ដៃ​គូអាស៊ាន​ និង​ជាង​ ២៥​ លាន​ដុល្លារ ​ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​អាស៊ាន​ និង​លើកកម្ពស់​សមត្ថភាព​របស់​អាស៊ាន​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់»។

សេចក្តី​ប្រកាស​របស់​សេតវិមាន​បន្ថែម​ថា៖ «ថ្ងៃនេះ ​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន​នឹង​បើក​សករាជ​ថ្មី​នៃ​ភាព​ជាដៃគូ ​ដែល​ដឹកនាំ​ដោយ​គោលបំណង​បំពេញ​បន្ថែម​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក​ និង​ទស្សន​វិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុង​ស្មារតី​នេះ ​លោកប្រធានាធិបតី​ Biden ប្រកាស​អំពី​គំនិត​ផ្តួចផ្តើមដែល​មាន​ទឹកប្រាក់​ជាង​ ១៥០​លាន​ដុល្លារ​ ដែល​យើង​រំពឹង​ថា​ នឹង​ប្រមូល​ថវិកា​ឯកជន​រាប់ពាន់​លាន​បន្ថែម​ទៀត​ ដែល​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក ​និង​អាស៊ាន​កាន់តែ​ស៊ីជម្រៅ​ ពង្រឹង​មជ្ឈភាព​អាស៊ាន ​និង​ពង្រីក​សមត្ថភាព​រួម​របស់​យើង​ ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​រួម​របស់​យើង»។

ការវិនិយោគ​ដែល​សេតវិមាន​ប្រកាស​មាន​លើ​លើ​សកម្មភាព​អាកាសធាតុ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការកាប់​បំផ្លាញ​ព្រៃឈើ ​ការសិក្សា​អប់រំ​ និង​ភាពជា​ដៃគូ​សន្ទនា​ផ្នែក​ដឹកជញ្ជូន​អាមេរិក-អាស៊ាន។

លើ​ផ្នែក​គមនាគមន៍​សហរដ្ឋ​អាមេរិក​ប្រកាស​ថា៖ «ក្រសួង​គមនាគមន៍​នឹងចាប់ផ្តើម​កម្មវិធី​ដឹកជញ្ជូន​តាម​ផ្លូវអាកាស ​ផ្លូវគោក ​និង​ផ្លូវសមុទ្រ​ថ្មី​ ដែល​លើកកម្ពស់​សុវត្ថិភាព ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ដោយ​និរន្តរភាព ​និង​ធន់ ​ការតភ្ជាប់​ក្នុង​តំបន់​ និង​បច្ចេកវិទ្យា​ដឹកជញ្ជូន​ដែល​កំពុង​រីកចម្រើន»។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី Kamala Harris ថ្លែងនៅក្នុងកិច្ចប្រជុំមួយស្តីអំពី​ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចិរភាព ជាមួយសមាជិកគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលអាមេរិក និង​មេដឹកនាំអាស៊ាន នៅក្រសួងការបរទេសអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

នៅ​លើ​ផ្នែក​អប់រំ​និង​បណ្តុះបណ្តាល​សហរដ្ឋ​អាមេរិក​ប្រកាស​ថា​ នឹង​បង្កើត​វិទ្យាស្ថាន​អាមេរិក-អាស៊ាន​ សម្រាប់​អ្នកដឹកនាំ​ឈាន​ឡើង​នៅសាលា​នៃ​ការសិក្សា​អន្តរជាតិ​ជាន់ខ្ពស់​ប្រចាំ​នៅ​សាកលវិទ្យាល័យ​ Johns Hopkins។ វាជា​កម្មវិធី​ច្នៃប្រឌិត​ថ្មី​ដើម្បី​នាំយក​មន្ត្រី​រាជការ​ពិសេស​ពី​រដ្ឋាភិបាល​អាស៊ាន​ មកកាន់សហរដ្ឋ​អាមេរិក​សម្រាប់​ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ និង​ភាព​ជា​អ្នកដឹកនាំ។ តាម​រយៈ​ការផ្តល់​មូលនិធិ​ឯកជន ​រួមទាំង​ពី​ក្រុមហ៊ុន ​Boeing, UPS, PhRMA, ​និង JPMorgan Chase and Co.។

សេតវិមាន​បាន​បន្ថែម​ថា៖​ «កម្មវិធី​នឹង​ឧបត្ថម្ភ​ដល់​អ្នកជំនាញ​ផ្នែកសេវា​សាធារណៈ​ថ្នាក់​កណ្តាល​អាជីព​រហូតដល់​ ៣០ ​នាក់ ​ក្នុង​មួយ​ឆ្នាំ​ រហូតដល់​បីនាក់​មកពី​ប្រទេស​នីមួយៗ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំង ១០​ ដើម្បី​ចូលរួម​កម្មវិធី។ កម្មវិធី​អភិវឌ្ឍន៍​ភាពជា​អ្នកដឹកនាំ​រយៈពេល​ច្រើន​សប្តាហ៍​ដែល​សមស្រប​ និង​យកចិត្តទុកដាក់ខ្លាំង។ វិទ្យាស្ថាន​នឹង​លើកកម្ពស់​ជំនាញ​សិក្សា ​ភាពជា​អ្នកដឹកនាំ​ និង​ការបង្កើត​គោលនយោបាយ​របស់​មេដឹកនាំ​អាស៊ីអាគ្នេយ៍​ដែល​កំពុង​លេចធ្លោ​ ហើយ​កសាង​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការពង្រឹង​ភាពជាដៃគូ​រវាង​សហរដ្ឋ​អាមេរិក ​និង​អាស៊ាន រវាង​រដ្ឋាភិបាល ​អាជីវកម្ម ​និង​បុគ្គលសម្រាប់​ឆ្នាំ​ខាងមុខ»។

ក្រៅពីនេះ​នៅ​មាន​កម្មវិធី​អាហារូបករណ៍​ជាច្រើន​ទៀត​ដែល​មាន​ដូចជា​អាហារូបករណ៍ Billion Futures, Fulbright, និង YSEALI ជាដើម។

រីឯ​វិទ្យាស្ថាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​របស់​សហរដ្ឋ​អាមេរិក ​បាន​ចាប់ផ្តើម​មូលនិធិ​អាហារូបករណ៍​មីយ៉ាន់ម៉ា ​ដើម្បី​គាំទ្រ​ដល់​និស្សិត​នៅ​សហរដ្ឋ​អាមេរិក​ ដែល​ការសិក្សា​នៅ​ថ្នាក់ឧត្តម​សិក្សា​ត្រូវ​បាន រំខាន​ដោយវិបត្តិ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លើ​ផ្នែក​ការពង្រីកកិច្ចសហប្រតិបត្តិការដែនសមុទ្រ​ សហរដ្ឋ​អាមេរិក​បាន​ប្តេជ្ញា​គាំទ្រ​ការអនុវត្ត​ទស្សនៈ​វិស័យ​អាស៊ាន​លើ​សសរ​សមុទ្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ សហរដ្ឋ​អាមេរិកប្រកាស​ផ្តល់​ជំនួយ​ចំនួន​ ៦០ ​លាន​ដុល្លារ​អាមេរិក​ នៅក្នុង​ការផ្តួចផ្តើម​ដែនសមុទ្រ​ក្នុង​តំបន់​ថ្មី​ ដែល​ភាគច្រើន​នឹង​ត្រូវដឹកនាំ​ដោយ​ឆ្មាំ​ឆ្នេរ​សមុទ្រ​អាមេរិក (USCG)។

សេតវិមាន​បន្ថែម​ថា៖​ «ឆ្មាំ​ឆ្នេរ​សមុទ្រ​អាមេរិក ​នឹង​ដាក់ពង្រាយ​នាវា​ និង​ចាត់តាំង​បុគ្គលិក​បន្ថែម​ទៅកាន់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ​ដើម្បី​ជួយ​បំពេញ​តាម​សំណើ​របស់​ដៃគូ​សម្រាប់​ការហ្វឹកហ្វឺន​ដែនសមុទ្រ​ និង​ការកសាង​សមត្ថភាព ​ដើម្បី​រួមបញ្ចូល​អនុព័ន្ធ​ឆ្មាំ​ឆ្នេរ​សមុទ្រ​អាមេរិក នៅ​ស្ថាន​បេសកកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​អាស៊ាន»។

ក្រសួង​ការបរទេស ​ក្រសួង​ការងារ​ និង​ឆ្មាំ​ឆ្នេរ​សមុទ្រ​អាមេរិក ​នឹង​ចាប់ផ្តើម​គំនិត​ផ្តួចផ្តើម​ថ្មី​ដើម្បី​ជួយ​បណ្តា​ប្រទេស​អាស៊ាន ​ប្រឆាំង​នឹង​ការនេសាទ​ខុសច្បាប់​ គ្មានរាយការណ៍ ​និង​គ្មានច្បាប់ ​ព្រមទាំង​ពង្រឹង​សមត្ថភាព​របស់​ស្ថាប័ន​តាម​វិស័យ​អាស៊ាន​ ក្នុង​ការទប់ស្កាត់​ពលកម្ម​ដោយ​បង្ខំ​នៅក្នុង ​ឧស្សាហកម្ម​នេសាទ។

ឆ្មាំ​ឆ្នេរ​សមុទ្រ​អាមេរិក ​នឹង​ដាក់​ពង្រាយ​នាវា​ល្បាត​សមុទ្រ​មួយ​គ្រឿង​ទៅកាន់​អាស៊ីអាគ្នេយ៍ ​និង​អូសេអានី ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ និង​ដើម្បី​ធ្វើប្រតិបត្តិការ​ជា​វេទិកា​បណ្តុះ​បណ្តាល។ នាវា​នេះ​នឹង​ដាក់​ពង្រាយ​ទូទាំង​តំបន់​ដែល​ផ្តល់​ឱកាស​នាវិក​ពហុជាតិ​ ធ្វើ​បេសកកម្ម​បណ្តុះបណ្តាល ​និង​ចូលរួម​នៅក្នុង​កិច្ចសហ​ប្រតិបត្តិការ​ដែន​សមុទ្រ។

ក្នុងនាមជា​នាវា​ល្បាត​សមុទ្រ​របស់​ឆ្មាំ​ឆ្នេរ​សមុទ្រ​អាមេរិក នឹង​ផ្តល់​សេវាកម្ម​ជា​អាទិភាព​ដល់​ការផ្ទេរ​កប៉ាល់​ទៅកាន់​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ​ដើម្បី​បង្កើន​សមត្ថភាព​អនុវត្ត​ច្បាប់​ដែន​សមុទ្រ​របស់​ប្រទេស​នៅតាម​ឆ្នេរសមុទ្រ ​និង​លើក​កម្ពស់​គោលនយោបាយ​ប៉ាស៊ីហ្វិក​សេរី ​និង​បើកចំហ។

ក្រៅ​ពីនេះ​ក៏​សហរដ្ឋ​អាមេរិក​ក៏​នឹងជួយដល់​កម្មវិធី​លើកកម្ពស់​សុខភាព​សកល ​និង​សុវត្ថិភាព​សុខភាព​ដោយ​ផ្តោត​លើ​ជំងឺ​កូវីដ​ ជំងឺ​អេដស៍​និង​បង្កា​ជំងឺ​ឆ្លង​ក្នុង​ពេល​អនាគត៕