សហរដ្ឋ​អាមេរិក ប្រកាស​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅ​លើ​យោធា​មីយ៉ាន់ម៉ា

លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ទស្សនា​ការតាំង​ពិព័រណ៌ «មាគ៌ា​របស់​ភូមា​ឆ្ពោះ​ទៅ​រក​ការប្រល័យ​ពូជសាសន៍» នៅ​សារមន្ទី Memorial Holocaust សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២២ នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (Kevin Lamarque, Pool via AP)

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សុក្រ​ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ទៅ​លើ​បុគ្គល​ចំនួន ៥ រូប និង​ស្ថាប័ន​ចំនួន​ ៥ ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា។ ​បុគ្គល ​និង​ស្ថាប័ន​ទាំង​នោះ​ ​រួមមាន​ទាំង​អង្គភាព​យោធាមួយ​ អ្នក​ជួញដូរ​អាវុធ ​មេដឹកនាំ​យោធា​ និង​ក្រុម​ហ៊ុន​មួយ​ចំនួន ​ក៏​ដូចជា បុគ្គល​ដែល​បំពេញ​ការងារ​នៅ​ក្នុង​វិស័យ​ការពារ។​

លោក​ Antony Blinken​ រដ្ឋ​មន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ដូច្នេះ​ថា៖ ​«នៅ​ខណៈ​ដែល​យើង​ជិត​ដល់​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​អំពើ​ហិង្សា​យង់​ឃ្នង​ប្រព្រឹត្ត​ដោយ​យោធា​ភូមា ​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​កង​កម្លាំង​ប្រដាប់​អាវុធ ​ឆ្នាំ ២០២១​ ដែល​ពេល​នោះ​មនុស្ស​ជាង ​១០០​ នាក់​ត្រូវ​បាន​សម្លាប់​នោះ​ សហ​រដ្ឋ​អាមេរិក​កំពុង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​បុគ្គល​ភូមា​ ៥ ​រូប ​និង​ស្ថាប័ន​ចំនួន ​៥ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​ដែល​របប​នេះ​ បាន​ធ្វើ​ទៅ​លើ​ពលរដ្ឋ​ភូមា»។ ​

លោក​បន្ត​ថា៖ «ចាប់​តាំងពី​រដ្ឋប្រហារ​យោធា​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ២០២១ ​មក របប​យោធា​ បាន​បង្កើន​ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​ពួក​គេ ​និង​បាន​សម្លាប់​ពលរដ្ឋ​ជាង ​១.៧០០ ​នាក់ រួម​មាន​ទាំង​ស្ត្រី ​កុមារ និង​បុគ្គលិក​ផ្ដល់​ជំនួយ​ផង​ដែរ»។​

បុគ្គល និង​អង្គភាព​ដែល​រង​ទណ្ឌកម្ម​នេះ ​នឹង​ត្រូវ​បាន​រឹតត្បិត​មិន​ឲ្យ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​ដែល​ពួក​គេ​មាន​នៅ​សហ​រដ្ឋ​អាមេរិក​ ឬ​ទ្រព្យ​សម្បត្តិ​ទាំង​នោះ ​ត្រូវ​បាន​បិទ​ (បង្កក)។ ​ក្រុមហ៊ុន​នានា​របស់​សហ​រដ្ឋ​អាមេរិក​ ក៏​នឹង​ត្រូវ​បាន​រឹតត្បិត​ មិន​ឲ្យ​ធ្វើ​ធុរកិច្ច ​(ជំនួញ) ​ជាមួយ​បុគ្គល ​និងស្ថាប័ន​ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​នេះ​ផង​ដែរ។​

វិធាន​ការ​ដាក់​ទណ្ឌកម្ម​នេះ ​កើត​មាន​បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក​កំណត់​កាល​ពី​ដើម​សប្ដាហ៍​មុន​ថា​ ​ទង្វើ​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ដែល​ប្រព្រឹត្ត​ទៅ​លើ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ កាន់​សាសនាឥស្លាម​ គឺជា​អំពើ​ប្រល័យ​ពូជសាសន៍។

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ ត្រូវ​បានរដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​ដទៃ​ទៀត ​បាន​ដាក់​ទណ្ឌកម្ម​ម្ដង​រួច​ហើយ​ ដោយសារ​តែ​ទង្វើ​របស់​ពួក​គេ​ទៅ​លើ​ជន​ជាតិភាគតិចរ៉ូហ៊ីងយ៉ា ​និង​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២១៕​

ប្រែសម្រួល​ដោយ លោក​ ពិន ស៊ីសុវណ្ណ​