សហរដ្ឋអាមេរិក​ប្រកាស​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ទិដ្ឋាការ​និង​ការ​ផ្ញើ​ប្រាក់​ដល់​ក្រុម​គ្រួសារ​នៅ​គុយបា

រូបឯកសារ៖ មនុស្សតម្រង់ជួរដើម្បីដាក់ពាក្យសុំទិដ្ឋាការទៅសហរដ្ឋអាមេរិក នៅស្ថានទូតអាមេរិកប្រចាំទីក្រុង Havana ប្រទេសគុយបា កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២។

វ៉ាស៊ីនតោន — សហរដ្ឋ​អាមេរិកបាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ខ្លួន​នឹងបន្ធូរបន្ថយការរឹត​បន្តឹងការធ្វើ​ដំណើរទៅកាន់​ប្រទេស​គុយបា​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយរដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​ការផ្ញើ​ប្រាក់ទៅឱ្យ​ក្រុម​គ្រួសាររវាង​សហរដ្ឋអាមេរិក​និង​ប្រទេសកោះ​កុម្មុយនីស្ត​មួយ​នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រសួង​ការបរទស​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា៖ «ពលរដ្ឋគុយបា កំពុង​ប្រឈម​នឹងវិបត្តិ​មនុស្សធម៌​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រទេស​នេះ ​ហើយ​គោលនយោបាយ​របស់​យើង នឹង​បន្តផ្តោត​ទៅ​លើការផ្តល់​អំណាច​ទៅ​ឱ្យ​ពលរដ្ឋ​គុយបា ​ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការបង្កើត​នូវ​អនាគត​មួយ​ដែល​គ្មាន​ការគាប​សង្កត់​ជិះជាន់​និង​ការរ​ងទុក្ខ​វេទនា​ដោយសារ​វិបត្តិ​សេដ្ឋកិច្ចនោះ»។

ការបន្ធូរ​បន្ថយ​ការដាក់​ទណ្ឌកម្ម​លើ​ប្រទេស​គុយបា​ គឺការ​បង្កើន​ដំណើរការ​ផ្តល់​ទិដ្ឋាការដល់​ពលរដ្ឋ​គុយបា​ដែល​ត្រូវ​ផ្តល់​ដោយ​ស្ថានកុងស៊ុល​សហរដ្ឋ​អាមេរិកក្នុង​រដ្ឋធានី​ឡាហាវ៉ាន​នៃ​ប្រទេស​គុយបា ក៏ប៉ុន្តែទិដ្ឋាការ​ភាគ​ច្រើន​នៅតែ​ត្រូវ​បាន​ចេញ​ដោយ​ស្ថានទូតសហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ហ្គីយ៉ាន​ដដែល។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​បន្ថែម​ទៀត​ថា៖ «អាមេរិក​នឹង​ជួយសម្រួលដល់​ការ​ភ្ចាប់​ទំនាក់​ទំនង​អប់រំ​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជាគាំទ្រដល់ការ​សិក្សា​ស្រាវជ្រាវមុខ​ជំនាញមួយ​ចំនួន ​រួម​មានការជួយពង្រីក​ការប្រើប្រាស់​សេវាអ៊ីនធឺណិត​និង​ជួយ​ដល់​ក្រុមហ៊ុនផ្ញើ​លុយទៅ​ឱ្យ​ក្រុម​គ្រួសារ​គុយបា​ផង​ដែរ។

រដ្ឋមន្ត្រី​ការបរទេស​គុយបា​លោក Bruno Rodriguez បាន​បង្ហោះ​សារ​លើ Twitter ដោយនិយាយ​ថា នេះ​ជាចំណាត់ការ​ក្នុង​ជំហាន​ដ៏​តូច​មួយ​ក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ ប៉ុន្តែ​លោក​បានលើក​ឡើង​ថា វា​មិន​មែន​ជាការកែ​សម្រួល​លើ​ការដាក់​ទណ្ឌកម្ម​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​មក​លើ​ប្រទេស​គុយបា​ ចាប់​តាំង​ពី​ឆ្នាំ ១៩៦២ មក​នោះទេ។

ដោយ​ឡែក សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​មួយ​រូប​នៃ​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក​ប្រធានាធិបតី Joe Biden គឺ​លោក Bob Menendez ដែល​ជាប្រធាន​គណៈ​កម្មាធិការកិច្ចការ​បរទេស​របស់​ព្រឹទ្ធសភា​អាមេរិក​ផង​នោះ​ បាន​ថ្កោលទោស​ការដក​ចេញ​នូវបម្រាមមួយ​ចំនួនលើ​ប្រទេស​គុយបា​ ដោយ​លោកបាននិយាយ​ថា របប​គុយបា​បានបន្ត​ធ្វើ​បាប​គ្មាន​ត្រាប្រណី​លើ​ពលរដ្ឋ​គុយបារាប់មិនអស់​ពីគ្រប់​ស្រទាប់វណ្ណៈ បន្ទាប់ពី​មាន​ការប្រឆាំង​តវ៉ា​នៅ​តាម​ដង​ផ្លូវកាល​ពីឆ្នាំ ២០២១ កន្លង​ទៅ។

លោក​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ការបន្ធូរបន្ថយ​ដល់​ការធ្វើ​ដំណើរ​ជា​ការបញ្ជូនសារ​មួយ​ដ៏​ខុស​ឆ្គង​ទៅ​ឱ្យ​មនុស្ស​ដែល​បាន​ប្រព្រឹត្ត​ខុស​នៅ​ចំពេល​វេលាមិន​ត្រឹមត្រូវ​និង​នៅ​ក្នុងហេតុផលមិន​ត្រឹមត្រូវ។ អ្នក​ដែល​ជឿថា ការ​បង្កើន​ការ​ធ្វើ​ដំណើរ​នឹង​ធ្វើឱ្យលទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​គុយ​មាន​ភាពប្រសើរ​នោះ ជា​ការខុស​ស្រឡះ។ អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ​ ពិភពលោកបាន​ធ្វើ​ដំណើរ​ទៅ​កាន់​គុយបា ក៏ប៉ុន្តែ​ពុំមាន​អ្វី​ផ្លាស់​ប្តូរ​នោះ​ឡើយ»៕