អាមេរិក​ផ្ដល់​ប្រាក់​ជិត​១០លាន​ដុល្លារ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹង​ផ្សាយ​ផ្ទាល់​នៃ​ការ​ប្រកាស​សាលដីកា​ស្ថាពរ​របស់​សាលាក្តី​ខ្មែរ​ក្រហម​លើ​បណ្តឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​០០២/០១​ដែល​ផ្តោត​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ប្រឆាំង​នឹង​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ពីរ​រូប​គឺ នួន ជា និង​ខៀវ សំផន នៅ​ថ្ងៃពុធ ទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦​ខាង​មុខ​នេះ។ (រូបថត៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

លោក ឆាំង យុ ​​ថ្លែងថា ​ទឹក​ប្រាក់​នេះ​នឹង​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​រក​ការ​ពង្រីក​ការងារ​របស់​ខ្លួន​ក្នុង​ការ​អប់រំ ការ​ផ្សព្វផ្សាយ​ទៅ​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ការ​សាងសង់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អចិន្ត្រៃយ៍ ដែល​មាន​ឈ្មោះ​ថា​វិទ្យាស្ថាន​ស្លឹក​រឹត។

រដ្ឋាភិបាល​អាមេរិក​ បាន​ប្រកាស​ផ្ដល់​ជំនួយជា​សាច់​ប្រាក់​៥លាន​៨សែន​ដុល្លារ​បន្ថែម​លើ​ជំនួយ​៤លាន​ដុល្លារ​អាមេរិក​ដែល​មាន​ស្រាប់ ជូន​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​(DC Cam) ដើម្បី​ឲ្យ​ស្ថាប័ន​ស្រាវជ្រាវ​អំពី​របប​ខ្មែរ​ក្រហម​មួយ​នេះ អាច​បន្ត​ការងារ​របស់​ខ្លួន​ សម្រាប់​រយៈពេល​២០​ឆ្នាំ​ទៅ​មុខ​ទៀត។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក ​តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ​(USAID)បាន​ផ្ដល់​សាច់​ប្រាក់​ចំនួន​៩,៨លាន​ដុល្លារ​អាមេរិក​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា(DC-Cam)​ ដែល​សាច់​ប្រាក់​នេះ​នឹង​កើន​ឡើង​ដល់​ប្រមាណ​២០លាន​ដុល្លារ​ក្នុង​រយៈ​ពេល​២០ឆ្នាំខាង​មុខ តាមរយៈ​ការ​ទទួល​ការ​ប្រាក់​ពី​ធនាគារ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក ឆាំង យុ ដែល​បាន​ចំណាយ​ពេល​ជាង​៣០ឆ្នាំ​មក​ហើយ​ក្នុង​ការ​ស្រាវជ្រាវ​ឯកសារ​ខ្មែរក្រហម មាន​ប្រសាសន៍​ថា លោក​នឹង​ប្រើប្រាស់​ថវិកា​ប្រមាណ​២០លាន​ដុល្លារ​នេះ ដើម្បី​លើក​កម្ពស់​ការ​ស្រាវជ្រាវ និង​ការ​អប់រំ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​សម្រាប់​រយៈពេល​២០ឆ្នាំ​ខាងមុខ។

លោក​បន្ថែម​ថា​ទឹក​ប្រាក់​នេះ​នឹង​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​រក​ការ​ពង្រីក​ការងារ​របស់​ខ្លួន​ក្នុង​ការ​អប់រំ ការ​ផ្សព្វផ្សាយ​ទៅ​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ការ​សាងសង់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អចិន្ត្រៃយ៍ ដែល​មាន​ឈ្មោះ​ថា​វិទ្យាស្ថាន​ស្លឹក​រឹត។

ទាក់ទិន​នឹង​ការ​ផ្ដល់​ប្រាក់​នេះ លោក ឆាំង យុ បាន​ថ្លែង​ប្រាប់​VOAថា៖

«ទឹក​ប្រាក់​២០​លាន​នេះ វា​អាច​ឲ្យ​យើង​បន្ត​ការ​ស្រាវជ្រាវ​និង​អប់រំ ស្ដី​អំពី​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​ហ្នឹង វា​មាន​រយៈ​ពេល​ទៅ​ដល់​២០ឆ្នាំ អញ្ចឹង​វា​ធានា​បាន​ថា​បញ្ហា​នេះ​នឹង​បន្ត​ការ​ពិភាក្សា នៅ​ក្នុង​មួយ​ជំនាន់​ទៀត ហើយ​កាល​ណា មាន​ការ​បន្ត​ការ​ពិភាក្សា វា​នាំ​មក​នូវ​ចំណេះដឹង ហើយ​ចំណេះដឹង​គឺ​ជា​ការ​អប់រំ»។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) លោក ឆាំង យុ និង​ម្តាយ គឺ​លោកស្រី​ កែវ ណន ជួប​ជាមួយ​មេឃុំ ហុង ហ៊ុយ និង​អ្នកស្រុក​អ្នកភូមិ​មក​ពី​ឃុំ​ព្រះនេត្រព្រះ​ កាលពី​ឆ្នាំ​២០១២ ដើម្បី​ចូលរួម​ស្តាប់​សវនាការ​ តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម។ (រូបថត៖ AP)

លោក ឆាំង យុ បាន​ឲ្យ​ដឹង​ទៀត​ថា​ក្នុង​មួយ​ឆ្នាំៗ USAID​បាន​ផ្ដល់ថវិកា​ប្រមាណ​៣០​ទៅ​៦០ម៉ឺន​ដុល្លារ​ដល់មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សម្រាប់​ការ​ស្រាវជ្រាវ ​និង​អប់រំ​ទាក់ទង​នឹង​ខ្មែរក្រហម។ ជាមួយ​ទឹក​ប្រាក់​ថ្មី​នេះ USAID​បាន​ចូលរួម​ចំណែក​ទៅ​ដល់​ជិត​១លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ លោកស្រី Polly Dunford នាយិកា​បេសកកម្ម​នៃ​ទីភ្នាក់ងារ USAID បាន​មាន​ប្រសាសន៍​ថា៖ «ការ​រួមចំណែក​ទាយជ្ជទាន​នៅ​ថ្ងៃនេះ រួម​ជាមួយ​នឹង​ការ​ឧបត្ថម្ភ​របស់ USAID កន្លងមក នឹង​ផ្ដល់​គ្រឹះ​ហិរញ្ញវត្ថុ សម្រាប់​ដំណើរ​ការ​របស់​DC-Cam ក្នុង​រយៈពេល​២០ឆ្នាំ​ទៀត។ យើង​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​DC-Cam ដើម្បី​បង្កើត​អនាគត​ត្រចះត្រចង់​ប្រសើរ​មួយ​ តាមរយៈ​ការ​បង្រៀន​យុវជន​វ័យក្មេង​អំពី​គុណ​តម្លៃ​នៃ​ការ​សិក្សា​ប្រវត្តិសាស្ត្រ ការ​អភិរក្ស​វប្បធម៌​របស់​ពួកគេ​ ការ​លើក​តម្កើង​ និង​ការ​ការពារ​សិទ្ធិមនុស្ស»។​

កាល​ពី​ចុង​ឆ្នាំ​២០០៤ លោក ឆាំង យុ ធ្លាប់​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ ប៊ីល ឃ្លីនតុន (Bill Clinton) ដើម្បី​ស្នើ​រៃអង្គាស​ប្រាក់​ជួយ​ដល់​សាលាក្តី​ខ្មែរ​ក្រហម ដោយសារ​ប្រធានាធិបតី​រូប​នេះ បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ស្ដីពី​យុត្តិធម៌​ចំពោះ​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​១៩៩៤។

រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ផ្ដល់​ថវិកា​ជាង​២៧​លាន​ដុល្លារ​អាមេរិក ដល់​ភាគី​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ក៏​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​ប្រទេស​ហូឡង់ ស៊ុយអែត ដាណឺម៉ាក ស្វីស អាល្លឺម៉ង់ និង​ប្រទេស​មួយ​ចំនួន​ទៀត តាមរយៈ​គម្រោង​ផ្សេងៗ​គ្នា។

បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៥ ​អស់​រយៈពេល​ជាង​២០ឆ្នាំ​កន្លង​មក​នេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ជំរុញ​ឲ្យ​មាន​ការ​លើក​កម្ពស់​ការ​ស្វែង​រក​ការ​ពិត​សម្រាប់​ការ​ចងចាំ យុត្តិធម៌ ការផ្សះផ្សា និង​ការ​ជា​សះស្បើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មជ្ឈមណ្ឌល ក៏​បាន​ផ្ដល់​ឯកសារ​ភស្តុតាង​ជាង​កន្លះ​លាន​ឯកសារ​ដល់​តុលាការ​ដើម្បី​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម ហើយ​នៅ​បន្ត​ជួយ​ដល់​ដំណើរការ​នៃ​សាលាក្ដី​មួយ​នេះ​ដល់​ទី​បញ្ចប់ និង​ពង្រីក​ការងារ​ចូលរួម​របស់​ជនរងគ្រោះ​នៅ​ក្នុង​ដំណើរការ​នេះ។

លោក​ ឡាត់​ គី​ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក ​ដែល​ឃ្លាំ​មើល​ដំណើរ​ការ​នៃ​ការ​កាត់ទោស​ខ្មែរ​ក្រហម​ មាន​ប្រសាសន៍​ថា​ការ​អប់រំ​អំពី​ប្រវត្តិសាស្ត្រ​ជា​រឿង​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ក្រោយ​បញ្ចប់​ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌​នៅ​សាលា​ក្តី​ខ្មែរក្រហម។

លោក​មាន​ប្រសាសន៍​ថា៖

«អ្វី​ដែល​ជា​មូលដ្ឋាន​ចាំបាច់​ហ្នឹង គឺ​ត្រូវ​តែ​ពង្រឹង​និង​ឧបត្ថម្ភ ទាក់ទិន​នឹង​ការ​អប់រំ​ហ្នឹង​ឲ្យ​បាន​ច្រើន ព្រោះ​ការអប់រំ​វា​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​ធ្វើ​ឲ្យ​កូន​ខ្មែរ​ទាំងអស់​គ្នា​បាន​យល់​ដឹង​ច្បាស់លាស់ អំពី​ប្រវត្តិសាស្រ្ត​ដែល​បាន​កើតឡើង​ហើយ​និង​ជួយ​នាំគ្នា​អភិរក្ស ធ្វើ​យ៉ាង​ម៉េច​ឲ្យ​អ្វីៗ​ដែល​បាន​កើតឡើង​ក្លាយ​ទៅ​ជា​មេរៀន»។

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍​ថា​ការ​ផ្ដល់​ថវិកា​នេះ​ជា«សន្តាន​ចិត្ត»​របស់​រដ្ឋាភិបាល​អាមេរិក បន្ថែម​លើ​ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌​នៅ​កម្ពុជា។

លោក​បន្ត​ថា​រដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​រៀបចំ​ឲ្យ​មាន​កន្លែង​រក្សា​ទុក​ឯកសារ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ផង​ដែរ។

លោក ឌឹម សុវណ្ណា​រុំ ប្រធាន​ក្រុម​អ្នកនាំពាក្យ​នៃ​សាលា​ក្តី​ខ្មែរក្រហម មានប្រសាសន៍​ថា​កន្លង​ទៅ​សាលា​ក្តី​ខ្មែរក្រហម និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​សហការ​គ្នា​ល្អ​ផង​ដែរ​នៅ​ក្នុង​ការ​ផ្ទល់​ឯកសារ​ភស្តុតាង​នានា។ លោក​ចាត់​ទុក​ជំនួយ​នេះ​ថា​អាច​ចូលរួម​ចំណែក​ក្នុង​ដំណើរ​ការ​ស្វែង​រក​ការ​ពិត​នៅ​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖

«ជំនួយ​ដែល​ផ្ដល់​ទៅ​DC-Cam នេះ ខ្ញុំ​គិត​ថា​ជា​រឿង​មួយ​ល្អ​ហើយ​ជា​ការ​ចូលរួម​ចំណែក ថែរក្សា ចងក្រង សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ នូវ​ឯកសារ​ប្រវត្តិសាស្ត្រ​ដែល​ទាក់ទង​នឹង​សាលា​ក្តី​ខ្មែរក្រហម»។

លោក​បន្ត​ថា​សាលា​ក្ដី​ខ្មែរក្រហម ក៏​បាន​ផ្សព្វផ្សាយ​ពី​ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌​ទៅ​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​អញ្ជើញ​ប្រជាពលរដ្ឋ​មក​ចូលរួម​ស្ដាប់​សវនាការ ដំណើរ​ទស្សនកិច្ច​សិក្សា ការ​ផ្សព្វផ្សាយ​នៅ​តាម​សាលារៀន និង​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ។

រូបភាព​គេហទំព័រ​ថ្មី​សម្រាប់​អប់រំ​យុវជន​អំពី​សម័យ​ខ្មែរ​ក្រហម មើល​តាម​ទូរស័ព្ទ​ដៃ។ (រូបថត៖ អ៊ុច មករា/មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា(DC-Cam))

មជ្ឈមណ្ឌល DC-Cam បាន​កំពុង​រៀបចំ​គេហទំព័រ www.khmerrougehistory.org សម្រាប់​ដាក់​បញ្ចូល​ ឯកសារ​ប្រមាណ​មួយ​លាន​ឯកសារ​ដែល​មជ្ឈមណ្ឌល​មាន ដើម្បី​ជា​កន្លែង​សម្រាប់​ឱ្យ​យុវជន​កម្ពុជា​ និង​អ្នកស្រាវជ្រាវ​មក​ពី​ជុំវិញ​ពិភពលោក​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម។

មជ្ឈមណ្ឌល​ក៏​កំពុង​រៃអង្គាស​ប្រាក់ ដើម្បី​បង្កើត​វិទ្យាស្ថាន​ស្លឹករឹត​កម្ពុជា​ ក្នុង​គោល​បំណង​បង្កើន​ការ​យល់​ដឹង​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​និង​ជា​គោល​ដៅ​សម្រាប់​ផ្ដល់​ការ​អប់រំ ​ដើម្បី​រារាំង​មិន​ឲ្យ​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត។ ​

លោក ឆាំង យុ មាន​ប្រសាសន៍​ថា​ការ​អប់រំ​អំពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា និង​ពិភព​លោក​ទាំងមូល។

លោក​មាន​ប្រសាសន៍​ថា៖

«នៅ​ពេល​ដែល​មនុស្ស​ជំនាន់​ក្រោយៗ​នៃ​ប្រទេស​របស់​យើង បាន​យល់​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ​នេះ យើង​នឹង​មាន​ក្ដី​សង្ឃឹម​ថា ជំនាន់​មនុស្ស​គ្រប់​ជំនាន់ និង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សង្គម និង​ដោះស្រាយ​បញ្ហា​សង្គម នៅ​ក្នុង​វិធី​ជា​វិជ្ជមាន​ផ្សេងៗ ហើយ​នេះ​នឹង​ជួយ​ឲ្យ​សង្គមជាតិ​មិន​ពើប​ប្រទះ​នឹង​កំហុស​ ដែល​ធ្លាប់​កើត​មាន​ឡើង​ពី​អតីតកាល»៕