កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីជំរុញឲ្យកូរ៉េខាងជើងឲ្យបញ្ចប់នូវកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន បានជាប់គាំងនៅឆ្នាំ ២០២០ បន្ទាប់ពីបរាជ័យនៅក្នុងការចរចាដឹកនាំដោយសហរដ្ឋអាមេរិក និងការកើតមានការរាតត្បាតជំងឺកូវីដ១៩។ ការបរាជ័យនៅឆ្នាំ ២០២០ បានបង្កជាបញ្ហាប្រឈមនានាសម្រាប់រដ្ឋបាលលោក Joe Biden ដែលត្រៀមនឹងចូលកាន់តំណែង។
កិច្ចប្រឹងប្រែងដើម្បីពិភាក្សាជាមួយកូរ៉េខាងជើងអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ មិនបានជឿនលឿនទៅមុខនោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un មិនបានធ្វើឲ្យសម្រេចកិច្ចព្រមព្រៀ ងអំឡុងពេលកិច្ចប្រជុំកំពូលលើកទីពីរ និងជាលើកចុងក្រោយបង្អស់កាលពីខែកុម្ភៈ ឆ្នាំ ២០១៩។
លោក James Kim ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាគោលនយោបាយអាស៊ានក្នុងក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង បាននិយាយថា ប្រទេសទាំងពីរកំពុងស្ថិតនៅត្រង់ចំណុចរបត់មួយនាពេលនេះ។ ហើយការណ៍នេះ គឺអាស្រ័យទៅលើរដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ដើម្បីជម្នះនូវបញ្ហាផ្សេងៗ។
លោក James Kim បានថ្លែងថា៖ «មធ្យោបាយតែមួយគត់ដែលខ្ញុំគិតថា យើងនឹងទទួលបាននូវការផ្លាស់ប្តូរផ្សេងៗទៅលើស្ថានភាពជាមួយកូរ៉េខាងជើង គឺប្រសិនបើសហរដ្ឋអាមេរិកសម្រេចបញ្ចេញនូវកាយវិការផ្តួចផ្តើមដំបូង ដើម្បីបង្ហាញទៅរដ្ឋាភិបាលក្រុងព្យុងយ៉ាងថា ពួកគេត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការចរចា។ ប្រសិនបើមិនដូច្នេះទេ ខ្ញុំមិនឃើញថា យើងអាចនឹងចេញពីភាពជាប់គាំងនាពេលបច្ចុប្បន្ននោះទេ»។
ប៉ុន្តែរដ្ឋាភិបាលក្រុងព្យុងយ៉ាងមិនបង្ហាញនូវសញ្ញាណាមួយថា ខ្លួនត្រៀមលក្ខណៈដើម្បីបន្តកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននោះទេ។ របបដឹកនាំនៅកូរ៉េខាងជើងថែមទាំងមិនបានទទួលស្គាល់ការផ្លាស់ប្តូរមេដឹកនាំនៅក្នុងសហរដ្ឋអាមេរិក។
លោក Yan Moo-jin ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យសិក្សាពីកូរ៉េខាងជើងក្នុងក្រុងសេអ៊ូល និយាយថា នេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ពីព្រោះទំនាក់ទំនងលក្ខណៈឯកជនរវាងលោក Kim និងលោក Trump បានវិវត្តទៅមុខរួចទៅហើយ។ លោក Yang និយាយថា ភាពស្ងប់ ស្ងៀមរបស់លោក Kim Jong Un គឺពីព្រោះលោក Trump បានហៅលោក Kim ជាមិត្តភក្តិ ខណៈលោក Biden បានហៅលោក Kim ថា ជាជនអន្ធពាល។
លោក Yang បានបន្ថែមថា ការបិទសកម្មភាពសង្គមដែលមិនធ្លាប់មានកាលពីមុននៅកូរ៉េខាងជើងក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ បានបង្កជាបញ្ហាប្រឈមមួយទៀត សម្រាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងសេអ៊ូល។
រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបិទព្រំដែនរបស់ខ្លួន ហើយបានបដិសេធជំនួយមនុស្សធម៌ពីកូរ៉េខាងត្បូង។ កាលពីខែមិថុនា កូរ៉េខាងជើងបានផ្តាច់ខ្សែទូរសព្ទទំនាក់ទំនងយោធាជាមួយនឹងកូរ៉េខាងត្បូង និងបានកម្ទេចការិយាល័យទំនាក់ទំនងរួម នៅផ្នែករបស់ខ្លួននៃព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ។
ក្រុមអ្នកវិភាគនិយាយថា ការដើរថយក្រោយនេះធ្វើឲ្យកាន់តែលំបាកចំពោះគោលដៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moo Jae-in ជាមួយនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង។
អ្នកស្រី Hee-jin Koo អ្នកស្រាវជ្រាវនៅវិទ្យាស្ថានវេទិកាអនាគតឧបទ្វីបកូរ៉េ ក្នុងក្រុងសេអ៊ូល និយាយថា លោកប្រធានាធិបតី Moon មានការគាំទ្រពីលោកប្រធានាធិបតី Trump ចំពោះការខំប្រឹងប្រែងនេះ។ ប៉ុន្តែអ្នកស្រីមិនច្បាស់ ថាតើលោក Biden នឹងចាត់ទុករឿងនេះជាអាទិភាពនៅក្នុងគោលនយោបាយស្តីពីកូរ៉េខាងជើង ដែលមិនទាន់ត្រូវបានប្រកាសឡើយទេ។
អ្នកស្រីបានថ្លែងថា៖ «ជាមួយរដ្ឋបាលលោក Biden ដែលចូលកាន់តំណែង យើងនឹងឃើញការវិលត្រឡប់ទៅកាន់វិធានការដាក់សម្ពាធជាអតិបរមា»។
អ្នកស្រី Koo បានបន្តថា នេះអាចមានន័យថា លោក Biden នឹងចាប់ផ្តើមឡើងវិញនូវសមយុទ្ធយោធារួមគ្នាក្នុងទ្រង់ទ្រាយធំ ជាមួយនឹងកូរ៉េខាងត្បូង ដែលលោក Trump បានព្យួរទុក។
លោក James Kim នៃវិទ្យាស្ថានអាសានរំពឹងថា កូរ៉េខាងជើងនឹងផ្តល់ជាការបញ្ជាក់ច្បាស់ខ្លះៗ ពាក់ព័ន្ធនឹងគោលជំហររបស់ខ្លួនទៅកាន់រដ្ឋបាលអាមេរិកថ្មីនៅខែមករា អំឡុងពេលកិច្ចប្រជុំគណបក្សពលករកូរ៉េខាងជើង ដែលនឹងត្រូវធ្វើឡើងស្របពេលជាមួយនឹងការស្បថចូលកាន់តំណែងរបស់លោក Biden នៅថ្ងៃទី២០ ខែមករា។
លោកបានថ្លែងថា៖ «ប្រសិនបើយើងរំពឹងពីចំណាត់ការផ្សេងៗពីកូរ៉េខាងជើង ឬការផ្លាស់ប្តូរនូវគោលជំហរណាមួយ យើងទំនងនឹងឃើញអ្វីទាំងនេះនៅក្នុងខែកុម្ភៈ»។
លោក Kim បានបន្តទៀតថា ការណ៍នេះនឹងក្លាយជាពេលវេលាដ៏សំខាន់ ដើម្បីកំណត់ទិសដៅនៃកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា