ស្ថានបេសកកម្មស.រ.អា.និងសហភាពអឺរ៉ុបប្រចាំអ.ស.ប.គ្រោងរៀបចំកិច្ចប្រជុំពិភាក្សាអំពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាក្នុងពេលដែលគណបក្សជំទាស់ត្រូវរំលាយ មេដឹកនាំត្រូវចាប់ខ្លួនដាក់ពន្ធនាគារ ហើយមន្ត្រីមួយចំនួនកំពុងនិរទេសខ្លួនទៅក្រៅប្រទេសមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។ វេទិកានេះកើតឡើងចំពេលដែលអគ្គលេខាធិការអ.ស.ប.មានក្តីបារម្ភចំពោះស្ថានការណ៍កម្ពុជា ជាពិសេសទៅលើលំហប្រជាធិបតេយ្យមុនការបោះឆ្នោតក្នុងប្រទេសកម្ពុជា ដែលធ្លាប់រងការដាក់អាសនៈនៅអ.ស.ប.ឲ្យនៅទំនេរ កាលពីឆ្នាំ១៩៩៧ម្តងហើយ។
ក្រុមឯកអគ្គរដ្ឋទូតអាមេរិកនិងអឺរ៉ុបប្រចាំនៅអ.ស.ប.នឹងទទួលរៀបចំឲ្យមានការពិភាក្សាវេទិកាសាធារណៈមួយក្នុងបុរីញូវយ៉កនៅថ្ងៃអង្គារស្អែកនេះដើម្បីពិភាក្សាអំពីដំណើរការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាមុនការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៨ខាងមុខ។
នៅក្នុងវេទិកាសាធារណៈមួយក្នុងបុរីញូវយ៉កដែលរៀបចំដោយស្ថានបេសកកម្ម អាមេរិកនិងអឺរ៉ុបប្រចាំអ.ស.ប បាននិយាយថា វេទិកានេះនឹងមានការពិភាក្សា អំពីស្ថានការណ៍បច្ចុប្បន្នក្នុងប្រទេសកម្ពុជា។ សេចក្តីប្រកាសព័ត៌មានមួយស្តី អំពីវេទិកានេះ បានបញ្ជាក់ថាដោយសារការបោះឆ្នោតជាតិក្នុងប្រទេសកម្ពុជានឹងធ្វើនៅក្នុងខែកក្កដាឆ្នាំ២០១៨ វាជារឿងសំខាន់ដែលត្រូវធានាថាសិទ្ធិសេរីភាពនៃការជួបប្រជុំ សិទ្ធិប្រមូលផ្តុំជាមូលដ្ឋាន ហើយនឹងសេរីភាពអ្នកសារព័ត៌មានត្រូវបានគោរព ហើយការប្រកួតប្រជែងដោយស្មោះត្រង់ តាមគោលការណ៍ប្រជាធិបតេយ្យពហុបក្សត្រូវគេមើលឃើញថា គឺជារឿងដ៏ចាំបាច់ថា ត្រូវតែកើតឡើង។
វេទិកានេះនឹងធ្វើនៅក្នុងស្ថានបេសកកម្មរបស់ស.រ.អា.ប្រចាំអ.ស.ប. នៅថ្ងៃអង្គារចាប់ពីម៉ោង១១: ៣០នាទីព្រឹកដល់ម៉ោង១២:៣០នាទីថ្ងៃត្រង់ ដែលមានការសម្របសម្រួលដោយ Kelly Eckels-Curries ឯកអគ្គរដ្ឋទូតអាមេរិកទទួលបន្ទុកសេដ្ឋកិច្ច និងសង្គមហើយនឹងមានការថ្លែងបើកសន្ទរកថាដោយឯកអគ្គរដ្ឋទូត Joanne Adamson ជាអនុប្រធានប្រតិភូរបស់សហភាពអឺរ៉ុបប្រចាំអ.ស.ប.។ ដោយឡែកវាគ្មិននៃកិច្ចពិភាក្សានោះមានកញ្ញា កឹម មនោវិទ្យា ជាអគ្គនាយក រងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ និងជាកូនស្រីលោក កឹម សុខា លោកប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងលោក John Sifton នាយកផ្នែកតស៊ូមតិក្នុងតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch។
គេមិនទាន់ដឹងថា តើនឹងមានមន្ត្រីស្ថានបេសកកម្មរបស់កម្ពុជាប្រចាំអ.ស.ប.និងមន្ត្រីប្រទេសណាទៀតក្នុងចំណោមប្រទេសជាង១៩០ដែលមានស្ថានបេសកកម្មរបស់ខ្លួននៅអ.ស.ប. នឹងចូលរួមដែរនោះទេ។
ស.រ.អា.ត្រូវគេដឹងថា ធ្លាប់គៀងគរឲ្យមានការដាក់អាសនៈកម្ពុជាឲ្យនៅទំនេរ ក្រោយរដ្ឋប្រហារកាលពីឆ្នាំ១៩៩៧ និងមានការផ្តាច់ជំនួយរយៈពេលវែងផងដែរ ដែលជំនួយពីប្រទេសខ្លះត្រូវពន្យារពេលរហូតទាល់តែមានការបោះឆ្នោត ហើយរដ្ឋាភិបាលថ្មីចេញពីការបោះឆ្នោតបានកើតឡើង។
តុលាការកំពូលរបស់ប្រទេសកម្ពុជាដែលគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពាក់កណ្តាលខែមុនបានសម្រេចរំលាយគណបក្សជំទាស់គឺគណបក្សសង្គ្រោះជាតិ ដែលប្រធានគណបក្សនេះកំពុងជាប់ពន្ធនាគារពីបទ ដែលរដ្ឋាភិបាលចោទថា ក្បត់ជាតិ និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដោយមានស.រ.អា.នៅពីក្រោយ។ តែការចោទប្រកាន់នោះត្រូវបានបដិសេធនិងចាត់ទុកថា គ្មានហេតុផល។
ក្រុមមន្ត្រីជាន់ខ្ពស់របស់គណបក្សជំទាស់ចំនួន១១៨នាក់ត្រូវជាប់ក្នុងការដក សិទ្ធិធ្វើនយោបាយយ៉ាងតិច៥ឆ្នាំ នៅមុនពេលបោះឆ្នោតជ្រើសរើសសមាជិក ព្រឹទ្ធសភា និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។ ក្រុមមន្ត្រីទាំងនោះនិងមន្ត្រី មូលដ្ឋានជាច្រើនរូបកំពុងគេចខ្លួនចេញពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដោយគណបក្សគ្រប់គ្រងប្រទេស ដូចលោកសម រង្ស៉ីដែរ ដែលជាអតីតប្រធាន គណបក្សសង្គ្រោះជាតិ។
ប្រទេសកម្ពុជាកំពុងរងនូវទណ្ឌកម្មមួយចំនួនពីស.រ.អា.និងសហភាពអឺរ៉ុបចំពោះ ការបិទទិដ្ឋាការ និងជំនួយផ្នែកបោះឆ្នោត នៅពេលដែលរដ្ឋាភិបាលកម្ពុជារបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅតែប្រឆាំងនឹងការស្នើរបស់សហគមន៍អន្តរជាតិឲ្យដោះលែងលោក កឹម សុខា ឲ្យបញ្ចប់ការធ្វើទុក្ខបុកម្នេញផ្នែក នយោបាយលើក្រុមប្រឆាំង អង្គការសង្គមស៊ីវិល បណ្តាញព័ត៌មានឯករាជ្យ ជាដើមនោះ។
អ្នកនាំពាក្យរងរបស់អ.ស.ប.គឺលោក Farhan Haq បានថ្លែងប្រាប់ VOA តាម សារអេឡិចត្រូនិចថា លោកអគ្គលេខាធិការអ.ស.ប.កំពុងតាមដានស្ថានការណ៍ ក្នុងប្រទេសកម្ពុជា ហើយទទូចឲ្យភាគីនយោបាយមានកិច្ចពិភាក្សានយោបាយ ដើម្បីដោះស្រាយបញ្ហា។ លោកបានអះអាងថា លោកអគ្គលេខាធិការអ.ស.ប. António Guterres សម្តែងកង្វល់របស់លោកចំពោះការរឹតបន្តឹងលំហប្រជាធិបតេយ្យសម្រាប់គណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល មុនការបោះឆ្នោតឆ្នាំ២០១៨។
អ.ស.ប.ធ្លាប់បានដាក់អាសនៈរបស់ប្រទេសកម្ពុជាឲ្យនៅទំនេរកាលពីឆ្នាំ១៩៩៧ ក្រោយពីមានរដ្ឋប្រហារដោយលោក ហ៊ុន សែន បណ្តេញព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាអតីតនាយករដ្ឋមន្ត្រីទី១ចេញពីអំណាច។
លោក Farhan Haq បានអះអាងថា លោកអគ្គលេខាធិការអ.ស.ប. គ្មានតួនាទីក្នុងការផ្តល់អាសនៈ ឬដាក់អាសនៈសមាជិកអ.ស.ប.ទេ។ លោកពន្យល់ថា ការបណ្តេញចេញសមាជិកណាមួយពីអ.ស.ប.គឺសម្រេចដោយមហាសន្និបាត អ.ស.ប. ដែលមានការស្នើដោយក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ប្រសិនបើសមាជិក អ.ស.ប.ណាមួយរំលោភបំពានឥតឈប់ឈរលើគោលការណ៍ជាធរមានក្នុងធម្មនុញ្ញអ.ស.ប.បច្ចុប្បន្ន៕