សហរដ្ឋ​អាមេរិក​និង​ប្រេស៊ីល​មានចំនួន​អ្នក​​ឆ្លង​និង​ស្លាប់​ពី​ជំងឺ​កូវីដ១៩ច្រើនជាងគេ

រូបឯកសារ៖ អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបណ្តោះអាសន្នមួយកន្លែង នៅជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។

ចំនួន​ករណី​ឆ្លង​វីរុស​ដែល​បង្ក​ជំងឺ​កូវីដ១៩ បន្ត​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក ដោយ​កាល​ពី​ថ្ងៃ​សុក្រ កូវីដ​១៩​ បាន​ឆ្លង​ដល់​មនុស្ស​ជាង ​៨,៥​ លាន​នាក់ នេះ​បើ​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins។

សហរដ្ឋ​អាមេរិក​នៅ​តែ​មានករណី​ឆ្លង​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ឆ្លង​កូវីដ១៩​ ចំនួន​ជាង​ ២​លាន​នាក់ ហើយប្រទេស​ប្រេស៊ីល​ មាន​ករណី​ច្រើន​ជាង​គេ​ទី​២​ ចំនួនជិត ​១​លាន​នាក់​(៩៧៨.០០០) ខណៈ​ប្រទេស​រុស្ស៊ីមាន​ការ​ឆ្លង​ច្រើន​ជាង​គេ​ទី​៣​ ដល់​ពលរដ្ឋ​ខ្លួន​ចំនួនជាង​ ៥៦០.០០០នាក់។

ចំណែក​ចំនួន​អ្នក​ស្លាប់​ពី​ជំងឺ​កូវីដ១៩​វិញ សហរដ្ឋ​អាមេរិក​នៅ​តែ​នាំ​មុខ​គេ​ ដោយ​មាន​អ្នកស្លាប់​សរុប​ជាង​ ១១៨.០០០​នាក់​ គិត​ត្រឹម​ថ្ងៃ​សុក្រ ខណៈ​ប្រទេស​ប្រេស៊ីល​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​ទី​២ ​ចំនួន​ជាង ៤៧.០០០​នាក់។

នៅ​សហរដ្ឋ​អាមេរិក លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ គ្រោង​ធ្វើ​ការជួប​ប្រជុំ ​សម្រាប់​ការឃោសនា​បោះឆ្នោត​ក្នុង​ថ្ងៃ​សៅរ៍​ នៅ​ពហុកីឡាដ្ឋានមួយ នៅ​ក្នុង​ទី​ក្រុង Tulsa រដ្ឋ Oklahoma។ នៅ​ពេល​នេះ​ អ្នក​គ្រប់គ្រង់​ពហុកីឡាដ្ឋាន​បាន​ស្នើឲ្យ​ក្រុម​យុទ្ធនាការ​លោក​ប្រធានាធិបតី​ ផ្តល់​ផែនការ​សុវត្ថិភាព​សុខភាព សម្រាប់​ការ​ជួប​ប្រជុំ​មនុស្ស​ដ៏​ច្រើន​នេះ ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​រាតត្បាត​ជា​សាកល។ អ្នក​គ្រប់គ្រង​បាន​ស្នើ​ដូច្នេះ​ដោយ​សារ​ទី​ក្រុង Tulsa នៅ​ពេល​ថ្មីៗ​នេះ​ មាន​កើន​ឡើង​នូវ​ការ​ឆ្លង​វីរុស​កូរ៉ូណា។

ទោះ​បី​សហរដ្ឋ​អាមេរិក​កំពុង​មាន​ការ​ស្លាប់​ច្រើន​ជាង​គេ​ក្តី ក៏​ការ​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ​Washington ចំនួន​អ្នក​ស្លាប់​នៅ​ប្រេស៊ីល ​អាច​នឹង​កើន​លើស​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​ដើម​ខែ​កក្កដា។

ប្រធានាធិបតី​ប្រេស៊ីល លោក Jair Bolsonaro កន្លង​មក​បាន​មើល​ស្រាល​ជំងឺ​កូវីដ១៩​ថា​ ប្រហាក់​ប្រហែល​នឹង​ផ្តាសាយ​ធំ​ប៉ុណ្ណោះ ហើយ​លោក​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អាជីវកម្ម​ប្រេស៊ីល​បើក​ឡើង​វិញ​ និង​ឲ្យ​អាជ្ញាធរ​រដ្ឋ​នានា​ដក​ការ​ដាក់​កំហិត​សង្គម​វិញ៕