សហរដ្ឋអាមេរិកនិងប្រទេស ១៣ ផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារម្សិលមិញដោយលើកឡើងអំពី «ការព្រួយបារម្ភរួម» លើរបាយការណ៍ដែលទើបផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោក (WHO) អំពីប្រភពនៃវីរុសជំងឺកូវីដ១៩។
សេចក្តីថ្លែងការណ៍ដែលបានផ្សព្វផ្សាយនៅលើវិបសាយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសហត្ថលេខីផ្សេងទៀត បានបង្ហាញនូវក្តីបារម្ភថា ការស្រាវជ្រាវរកប្រភពវីរុសជំងឺកូវីដ១៩ របស់ក្រុមអ្នកជំនាញអន្តរជាតិត្រូវបានពន្យារពេល និងខ្វះលទ្ធភាពក្នុងការពិនិត្យមើលលើទិន្នន័យនិងសំណាកដើមឲ្យបានពេញលេញ។
អង្គការ WHO បានចេញផ្សាយជាផ្លូវការនូវរបាយការណ៍របស់ខ្លួនកាលពីថ្ងៃអង្គារ ដោយបានបញ្ជាក់ថា ទោះបីជារបាយការណ៍នោះបានបង្ហាញនូវការពិនិត្យមើលពេញលេញលើទិន្នន័យដែលអាចប្រើប្រាស់បាននៅពេលនោះក៏ដោយ ក៏ «យើងមិនបានរកឃើញប្រភពនៃវីរុស [ជំងឺកូវីដ១៩] នោះដែរ»។
ក្រុមអ្នកស្រាវជ្រាវរបស់អង្គការ WHO បានរាយការណ៍អំពីការលំបាកនៅក្នុងការទទួលបានទិន្នន័យដើម ក្នុងចំណោមបញ្ហាផ្សេងៗទៀត ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ទីក្រុង Wuhan ប្រទេសចិនកាលពីដើមឆ្នាំនេះ។
ក្រុមអ្នកស្រាវជ្រាវនេះក៏ត្រូវបានបង្ខំឲ្យរង់ចាំអស់រយៈពេលជាច្រើនថ្ងៃផងដែរ មុនពេលទទួលបានការអនុញ្ញាតចុងក្រោយពីរដ្ឋាភិបាលចិនដើម្បីអាចចូលទៅក្នុងទីក្រុង Wuhan បាន។
សេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិកនិងប្រទេស ១៣ ទៀតនោះ បានបញ្ជាក់ថា៖ «បេសកកម្មវិទ្យាសាស្ត្រដូចនេះគួរតែអាចធ្វើកិច្ចការរបស់ខ្លួននៅក្រោមលក្ខខណ្ឌមួយដែលអាចចេញលទ្ធផល និងអនុសាសន៍ដោយឯករាជ្យ និងមិនលំអៀង»។
ប្រទេសទាំងនេះបានសម្តែងនូវក្តីបារម្ភរបស់ខ្លួន ដោយសង្ឃឹមថាអាចដាក់ចេញនូវ «វិធីមួយឆ្ពោះទៅកាន់ដំណើរការមួយទាន់ពេលវេលា មានតម្លាភាព ផ្អែកលើភស្តុតាង សម្រាប់ដំណាក់កាលបន្ទាប់នៃការសិក្សាស្រាវជ្រាវនេះ ក៏ដូចជាសម្រាប់វិបត្តិសុខភាពផ្សេងទៀតដែលនឹងអាចកើតឡើងនៅពេលខាងមុខផងដែរ»៕