ទូតអាមេរិកថាការថ្លែងរបស់លោក ហ៊ុន សែនពាក់ព័ន្ធនឹងលោក ជុន ច័ន្ទបុត្រ និង កែម ឡី គឺជាការ«ប្រមាថអាមេរិក»

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក​ William Heidt ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ឯខេត្ត​កំពង់​ធំ​កាលពី​ថ្ងៃ​ទី​១៨ មីនា ២០១៨។ (ទុំ ម្លិះ/VOA)

កាលពីថ្ងៃសុក្រកន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងប្រាប់ក្រុមអ្នកគាំទ្រលោក ក្នុងពិធីជួបជុំដ៏កម្រមួយនៅប្រទេសអូស្ត្រាលីថា លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ គឺជាចារកម្មរបស់លោក និងថា លោក ជុន ច័ន្ទបុត្រ បានសុំឲ្យរដ្ឋាភិបាលរបស់លោកជួយការពារដោយខ្លាចអាមេរិកសម្លាប់ដូចលោកបណ្ឌិត កែម ឡី។ នៅថ្ងៃអាទិត្យនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលើកឡើងថា ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី គឺជាការប្រមាថបែបឆ្កួតឡប់ដល់ទំនាក់ទំនងដ៏ល្អរបស់ប្រទេសទាំងពីរ។

ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លើក​ឡើង​ថា​ ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ពី​ករណី​លោក​ ​ជុន ច័ន្ទបុត្រ​ ​ដែល​ជា​អ្នក​សារ​ព័ត៌មាន​មួយ​រូ​ប​របស់​វិទ្យុ​អាស៊ីសេរី​នៅ​សហរដ្ឋ​អាមេរិក​ ថា​ភ័យខ្លាច​មាន​ការ​សម្លាប់​នៅ​សហរដ្ឋ​អាមេរិក​ ​គឺជា​ការថ្លែង​ ​«ប្រមាថ​បែបឆ្កួតឡប់»​ ​ដែល​មិន​គួរលើក​យក​មក​ពិភាក្សា។

ថ្លែងពី​ខេត្ត​កំពង់​ធំ​ ​នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ ​លោក​ ​Willaim Heidt​ ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ប្រាប់​អ្នកសារ​ព័ត៌មាន​ថា​ ​លោក​ហួស​ចិត្ត​ចំពោះ​ការ​និយាយ​ភ្ជាប់​ករណី​ឃាត​កម្ម​លើ​លោក​បណ្ឌិត​ ​កែម ឡី​ ​ទៅ​នឹងលោក​ ហួត ឃីនវុទ្ធី ហៅ ​ជុន ច័ន្ទ​បុត្រ​ ​នាយក​រង​វិទ្យុ​អាស៊ី​សេរី​ ​ផ្សាយ​ជា​ភាសាខ្មែរ​ ​ដែល​ថាបារម្ភ​ពី​សុវត្ថិភាព​របស់ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​ ​គឺ​គ្រាន់​តែ​ជា​រឿងឆ្កួតៗ​ ​ដែល​មិន​គួរ​លើក​យក​មក​និយាយ​ ដោយ​លោក​ថាមាន​អ្នកសារ​ព័ត៌​មាន​ជា​ច្រើន​ដែល​សរសេររិះគន់​រដ្ឋា​ភិបាល​អាមេរិក​ដោយ​មិន​ខ្លាច​រអារ​។​ ​

លោក​បាន​បន្ថែម​ថា​ ​អាមេរិក​តែង​ឈរ​លើ​គោល​ការណ៍​គោរព​សិទ្ធិ​មនុ​ស្ស​ ​និង​តែងទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យលើ​ករណី​ឃាតកម្ម​លោក​បណ្ឌិត​ ​កែម ឡី​ ​និង​ថា​ការ​ថ្លែង​របស់​លោក​ ​ហ៊ុន សែន​ ​នៅ​ប្រទេស​អូស្ត្រាលី​ ​គឺ​ជា​ការ​ប្រមាថសហរដ្ឋ​អាមេរិក​ ​ដែល​មិន​អាច​ទទួល​យក​បាន។

លោក​ ​Willaim Heidt​ ​បន្ថែម​ថា​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​មិន​គួរ​ថ្លែង​ពាក់ព័ន្ធ​នឹង​ករណី​ទាំង​នេះ​នៅ​ប្រទេស​អូស្រ្តាលី​ដែល​ជា​ប្រទេស​ប្រជាធិប​តេយ្យ​ ​និង​ជា​សម្ព័ន្ធ​មិត្តរបស់​សហរដ្ឋ​អាមេរិក​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖​

«ចំពោះ​មុខ​ ​ពិត​ណាស់​ ​អាមេរិក​គឺជា​ប្រទេស​ដែល​មាន​បើក​សេរី​ភាព​ផ្នែកសារព័ត៌មាន​ខ្លាំង​ជាងគេ​លើ​ពិភព​លោក។​ ​ខ្ញុំ​អាច​និយាយ​បាន​ថា​ មិនមែន​សុទ្ធ​តែ​អ្នក​កាសែត​ទាំងអស់​នោះ​សុទ្ធ​តែ​ភ័យ​ខ្លាច​នោះ​ទេ​ ​ដូច្នេះ​ការលើកឡើង​ដែល​ថា​លោក​ ​ជុន ច័ន្ទបុត្រ​ ​មាន​ការភ័យ​ខ្លាច​នោះ​ ​គឺ​គ្រាន់​តែ​ជា​រឿងឆ្កួតៗ​ ​ហើយ​ក៏​ជា​រឿង​ដែល​មិន​ចាំបាច់​លើកឡើង​សម្រាប់ការ​ពិភាក្សា​នោះ​ដែរ»។

ការ​លើក​ឡើង​របស់លោក​ ​Willaim Heidt​ ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​កាល​ពី​ថ្ងៃសុក្រ​ថ្លែង​ថា​ ​លោក​ ​ជុន ច័ន្ទបុត្រ​ ​នាយក​រង​វិទ្យុ​អាស៊ីសេរី​ផ្សាយជា​ភាសា​ខ្មែរ​ ​ដែល​កំពុង​ធ្វើការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ​សហរដ្ឋ​អាមេរិក​ ​គឺ​ជា​ចារកម្ម​របស់​លោក។​ ​លោក​បន្ថែម​ថា​ ​លោក​ ​ជុន ច័ន្ទបុត្រ​ ​បាន​ជួប​ជាមួយ​លោក​ ​ម៉ៅ សុផាន់​ ​មេបញ្ជាការ​កងពលតូច​៧០​ ​ដោយ​សុំ​ឲ្យ​លោក​ ​ម៉ៅ សុផាន់​ ​ជួយ​ការពារ ​ព្រោះ​ខ្លាចអាមេរិក​ ​សម្លាប់​ដូចលោក​បណ្ឌិត​ ​កែម ឡី។

រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​ចូលរួមមហា​សន្និបាត​បក្សដែល​មាន​រយៈពេល​បីថ្ងៃ​ ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។⁣ (រូបដកស្រង់ពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

លោក​ ​ហ៊ុន សែន​ ​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​កម្ពុជា​ដែល​ចូលរួម​ទទួល​លោក​ក្នុង​ទីក្រុង​ស៊ីដនី​ ​ប្រទេស​អូស្រ្តាលី​កាលពី​ថ្ងៃសុក្រ​ថា៖​

«ជុន ច័ន្ទបុត្រ​ ​បាន​ទៅ​ជួប​ឧត្តម​សេនីយ៍​ឯក​ ​ម៉ៅ សុផាន់​ ​មេបញ្ជាការ​កង​ពល​តូច​៧០ ​មុន​ ​ជុន ច័ន្ទបុត្រ​ ​ជួប​ ​ហ៊ុន ម៉ា​ណែត​ ​កូនប្រុស​របស់​ខ្ញុំ។​ ​តើ​ ​ជុន ច័ន្ទបុត្រ​ ​គាត់​និយាយ​ថា​ម៉េច​ទេ​ ​គាត់​សុំ​ឲ្យ​ឧត្តម​សេនីយ៍​ឯក​ ​ម៉ៅ សុផាន់​ ​ជួយ​ការពារ​ផង​ ​ប្រយ័ត្ន​ពួក​អាមេរិក​សម្លាប់​ដូច​ ​កែម ឡី»។

លោក​បណ្ឌិត​ ​កែម ឡី​ ​ត្រូវ​បានខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ក្នុង​ហាង​លក់​កាហ្វេ​មួយ​កន្លែង​ កណ្តាល​រាជធានី​ភ្នំពេញ​ ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៦​ ​ដែល​ការបាញ់​ប្រហារ​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ការ​អត្ថាធិប្បាយ​របស់​លោក​ លើ​របាយ​ការណ៍​របស់​អង្គការ​ ​Global Witness​ ​ស្តីពី​ជំនួញ​របស់​ក្រុម​គ្រួសារ​លោក​ ​ហ៊ុន សែន។​ ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បាញ់​សម្លាប់​លោក​ ​កែម ឡី​ ​បុរស​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ឈ្មោះ​ ​ជួប សម្លាប់​ ​ត្រូវបាន​ឃាត់​ខ្លួន និង​អះអាង​ថា​ជា​ឃាត​ករ​សម្លាប់​លោក​ ​កែម ឡី​ ​ដោយ​ថា លោក កែម ឡី ជំពាក់​លុយ​ខ្លួន​ជាង​៣ពាន់​ដុល្លា​មិន​ព្រម​សង។

​ក្រោយ​មកជន​ឈ្មោះ ​ជួប សម្លាប់ ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយជី​វិត ពីបទ​ឃាតកម្ម​គិត​ទុក​ជាមុន ​បើ​ទោះជា​មាន​មន្ទិល​ពី​ក្រុម​គ្រួសារ​ និង​សាធារណជន​ថា​ ជួប សម្លាប់ ជា​ឃាតករ​សិប្បនិម្មិត​ក៏​ដោយ​។

លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បដិសេធ​មិន​ធ្វើការ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​របស់​លោក​ Willaim Heidt។​ ​ទោះ​យ៉ាង​ណា​លោក​ថា​ ​ការ​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​លើក​ឡើង​ថា​លោក​ ​ជុន ច័ន្ទ​បុត្រ​ ​មាន​ការភ័យខ្លាច​ ​អាមេរិក​សម្លាប់​ដូច​លោក​ ​កែម ឡី​ ​គឺ​សុទ្ធ​តែ​ជា​ការពិត​ ព្រម​ទាំងមាន​ភស្តុតាង​ ​និង​សាក្សី​ត្រឹម​ត្រូវ។

លោក​ ​សុខ ឥសាន​ មាន​ប្រសាសន៍​បន្ថែម​ថា៖​

«ការ​ដែល​លោក​ ​ជុន ច័ន្ទ​បុត្រ​ ​និយាយ​យ៉ាងម៉េច​ ​អាហ្នឹង​គឺ​សម្តេច​ក្តាប់​បាន​ សម្តេច​លាត​ត្រដាង​ជូន​ដល់​បង​ប្អូនខ្មែរ​នៅអូស្រ្តាលី​ដើម្បី​ជ្រាប។​ ​អញ្ចឹង​ទេ​ខ្ញុំអាច​វាយ​តម្លៃ​ថា​ ​ជា​ការពិត​ហើយ​ ​ព្រោះ​មាន​សាក្សី​ដូចជា​ឯកឧត្តម​ឧត្តម​សេនីយ៍​ ​ម៉ៅ សុផាន់​ ​ក៏​ដូចជា​ឯកឧត្តម​ ​ឧត្តម​សេនីយ៍​ ​ហ៊ុន ម៉ាណែត​ ​ជា​ដើម។​ ​អាហ្នឹង​គឺថា​សម្តេច​មាន​ភស្តុតាង​ ​មាន​សាក្សី»។

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការអធិប្បាយ​ពី​លោក​ ​ម៉ៅ សុផាន់​ ​មេបញ្ជាការ​កង​ពល​តូច​លេខ​៧០​ ​និង​កូន​ប្រុស​ច្បង​របស់​លោក​ ​ហ៊ុន សែន​ ​គឺលោក​ ​ហ៊ុន ម៉ាណែត ​ដែល​ជា​មេបញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ​និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បានទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃអាទិត្យ​នេះ។

​លោក​ ​ជុន ច័ន្ទបុត្រ​ ត្រូវ​បានគេ​ស្គាល់​ថា​ ​ជា​អ្នក​សារព័ត៌មាន​ ​និង​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយព័ត៌មាន​មួយរូប​ដែល​តែង​និយាយ​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ធ្ងន់ៗ​មិន​សំចៃ​មាត់។​ ​កាលពីចុង​ខែ​មេសា​ ឆ្នាំ​២០១៧​ ​កន្លង​ទៅ​ ​លោក​ ជុន​ ច័ន្ទបុត្រ​ ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចូល​ទៅ​សាក​សួរ ​ក្រោយ​អាជ្ញាធរ​ចោទ​លោក​ថា​ ​លោក​បាន​ ​«ផ្ដល់​សេចក្ដី​ប្រកាស​ដោយ​ភូត​កុហក​ ​និង​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ»​។ ​ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ដីកា​នាំខ្លួន​លោក​ ​ជុន ច័ន្ទបុត្រ​ ​ក្រោយ​បន្តិច​ដែល​លោក​បានចាកចេញ​ពី​ប្រទេស​កម្ពុជា​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ។

រូបឯកសារ៖ លោក ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដោយសារ​ការ​បន្លំ​ខ្លួន​ចូលយក​ព័ត៌មាន​ពី​ក្នុង​ពន្ធនាគារ កាលពី​ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។ (រូបថត​ដកស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក Chun Chanboth Vuthy Huot)

ក្រោយ​ការ​ថ្លែងរបស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​ចោទ​លោក​ថា​ជា​គិញ​សម្ងាត់​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ​និង​ខ្លាច​ត្រូវគេ​សម្លាប់​ដូច​លោក​ ​កែម ឡី​ ​ ​លោក​ ​ជុន ច័ន្ទបុត្រ​ ​នាយក​រង​វិទ្យុ​អាស៊ីសេរី​ផ្សាយ​ជា​ភាសាខ្មែរ​ ​បាន​ថ្លែង​ក្នុង​កម្មវិធី​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរីនា​ល្ងាច​ថ្ងៃសុក្រ​ដដែលនោះថា​ ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី គឺជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច។​ ​លោក​បន្ថែមថា​ ​លោក​សុំ​មិន​មាន​យោបល់​លើ​ការថ្លែង​របស់​លោក​ ​ហ៊ុន សែន​ ​ដោយ​លោក​គ្រាន់តែ​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ចូលរួម​ក្នុង​វេទិកា​វិទ្យុ​អាស៊ី​សេរី​តទល់​ជាមួយ​លោក​ ​ដើម្បី​បញ្ជាក់លើករណី​នេះ។

លោក​ ហួត ឃីនវុទ្ធី ហៅ ​ជុន ច័ន្ទបុត្រ​ បញ្ជាក់​ថា៖​

«គឺ​ឆ្លៀត​ឱកាស​សូម​អញ្ជើញ​លោក​នាយក​រដ្ឋមន្រ្តី​ ​មក​ធ្វើ​ជា​វាគ្មិន​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​របស់​វិទ្យុ​អាស៊ី​សេរី​យើង​ម្តង​ ​ហើយ​ពេល​នោះ​លោក​អាច​នាំ​យក​ភស្តុតាង​ទាំងឡាយ​ណា​ដែល​ថា​ខ្ញុំ​បាន​ស្នើ​កិច្ច​ការពារ​ពី​លោក​ដើម្បី​កុំ​ឲ្យ​អាមេរិក​សម្លាប់​ខ្ញុំ​ ​ដូច​ដែល​សម្លាប់​លោក​ ​កែម ឡី​ ​ឬ​ក៏លោក​អាច​បង្ហាញ​ភស្តុតាង​ទាំងអស់​ណា​ដែល​ទាក់ទង​នឹង​រឿង​ខ្ញុំ​ ​យក​មក​លាត​ត្រដាង​ដោយ​សេរីទាំង​អស់​ចុះ។​ ​ហើយ​ពេល​នោះយើង​ខ្ញុំ​នឹង​មាន​ឱកាស​សាកសួរ​គ្នា​តទល់​ជាមួយ​លោក​ផ្ទាល់»។

ចាប់​តាំង​ពីពេល​ដែល​កម្ពុជា​បាន​ងាក​ទៅ​ស្និទ្ធស្នាល​ជាមួយ​រដ្ឋាភិបាល​ចិន​កុម្មុយនីស្ត​ ​គេឃើញ​ថា ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​ដែល​ជា​បិតា​ប្រជាធិបតេយ្យ​ ​តែង​មាន​ភាព​រកាំ​រកូស​ជា​ញឹកញាប់។​

​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែលជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប​ ​និង​ជា​នាយក​រដ្ឋមន្រ្តី​ដែល​កាន់​អំណាចអស់​រយៈ​ពេល​ជាង​៣​ទសវត្សរ៍​មក​ហើយ​នោះ​ ​តែង​ពង្រីក​វោហា​សាស្រ្ត​របស់​លោកប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ​ថា​ជា​អ្នក​ស្ថិត​នៅ​ពីក្រោយ​គណ​បក្ស​ប្រឆាំង​ ​ក្នុងការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។​ ​ទាំង​លោក​ ​ហ៊ុន សែន​ ​ផ្ទាល់​ ​និង​មន្រ្តី​រដ្ឋាភិបាល​ក្រោម​ឱវាទ​របស់​លោក តែង​វាយ​ប្រហារ​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​លោក William Heidt ជាច្រើន​លើកថា ​លោក​ព្យាយាម​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ព្រមទាំង​បាន​ស្នើ​លោក​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​ ​ដូណាល់ ត្រាំ​ ​ឲ្យ​ស្តី​បន្ទោសលោក William Heidt ​ ទៀត​ផង។

លោក​ ​William Heidt​ ​បន្ថែម​ថា​ ​បើទោះបី​ជាលោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ហាក់​កំពុង​ព្យាយាម​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក​ក៏​ដោយ​ ​ប៉ុន្តែ​លោក​ថា​ ​សហរដ្ឋ​អាមេរិក​បាន​និង​កំពុង​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រជាជន​កម្ពុជា​ ​និង​សហរដ្ឋ​អាមេរិក​តាមរយៈ​ការ​ចែក​រំលែក និង​ផ្លាស់ប្តូរ​សិល្បៈ​ វប្បធម៌​ទៅ​វិញ​ទៅ​មក៕

[កំណត់សម្គាល់ នៅ​ថ្ងៃ​ចន្ទទី​ ១៩⁣ ខែមីនា​ ​ឆ្នាំ​២០១៨៖​ ​កំណែ​ដើម​ចំពោះ​អត្ថបទ​ខាង​លើ​នេះ​បញ្ជាក់​ថា​ ​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​លោក​នាយក​រដ្ឋ​មន្ត្រី​ ​និង​អត្ថបទ​ដែល​ត្រូវ​បាន​ផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន​ ​Fresh News​ ​ត្រូវ​បាន​លុប​ចោល។​ ​ភាព​ត្រឹម​ត្រូវ​គឺ​ ​វីដេអូ​ផ្សាយផ្ទាល់​នៃ​ប្រសាសន៍​លោកនាយក​រដ្ឋ​មន្រ្តី​ ​នៅ​ប្រទេស​អូស្ត្រាលី​ ​ដែល​ត្រូវ​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​សុក្រ​ ​គឺ​នៅ​ដដែល​ក្នុង​ន័យ​ដើម។​ ​ ដូចគ្នានោះដែរ ​អត្ថបទ​ដែល​បង្ហោះ​ដោយ​អង្គភាព​ព័ត៌មាន​ ​Fresh News​ ​ក៏នៅ​ដដែល​ ​មិនត្រូវបាន​លុប​ចេញ​នោះ​ទេ។]