ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​វៀតណាម​ថា​ក្រុមហ៊ុន​អាវុធ​​​អាមេរិក​​អាចជួយ​បង្កើន​សមត្ថភាព​យោធា​របស់​វៀតណាម

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Evans Knapper នៅទីស្តីការរដ្ឋាភិបាល នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ក្រុមហ៊ុន​អាវុធ​សហរដ្ឋ​អាមេរិក​អាច​ធ្វើការ​ជាមួយ​សមភាគី​វៀតណាម​ដើម្បី​ជួយ​ស្ថាបនាកង​កម្លាំង​ប្រដាប់​អាវុធ​វៀតណាម។ នេះ​បើ​តាមការលើកឡើង​របស់ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​វៀតណាម ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់​ងារ​សារព័ត៌មាន AFP។

ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​លោក Marc Knapper បាននិយាយ​នៅឯការតាំង​ពិពណ៌​អាវុធ​អន្តរជាតិ​នៅ​រដ្ឋធានី​ហាណូយ​ថា«គោលដៅ​របស់​យើង​គឺ​ធ្វើ​ឱ្យ​ប្រាកដ​ថា​វៀតណាម​ត្រូវ​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​នៅ​ឯ​សមុទ្រ ដែន​អាកាស នៅ​លើ​ដី​និង​ប្រព័ន្ធអ៊ិនធឺណិត»។

ការតាំង​ពិពណ៌​នេះ​បាន​ធ្វើ​ឡើង​នៅឯ​ចំណត​អាកាសយានដ្ឋាន​ Gia Lamក្នុង​ទីក្រុង​ហាណូយ ដោយ​បាន​នាំ​ក្រុមហ៊ុន​២៥០ មក​តាំង​ពិពណ៍​រួមមាន​ដៃគូ​ភូមិសាស្ត្រ​នានា រួមមាន​សហរដ្ឋ​អាមេរិក ចិន រុស្ស៊ី អ៊ុយក្រែន អ៊ីស្រាអែល​និង​ប្រទេស​អ៊ីរ៉ង់។

ក្រុមហ៊ុន​មក​តាំង​ពិពណ៌របស់សហរដ្ឋ​អាមេរិក​រួមមាន​ក្រុមហ៊ុន​យន្តហោះ BoeingនិងTextron។ ចិន​តំណាង​ដោយ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អន្តរជាតិ Narinco និង Gaodu។

ស្តង់​របស់​ក្រសួង​ការពារ​ជាតិ​អ៊ីរ៉ង់​មិន​ស្ថិត​នៅ​ឆ្ងាយ​ពី​ស្តង់​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ប្រព័ន្ធ​ការពារទំនើប​Rafael និង​ឧស្សាហកម្ម​អវកាស​របស់​អ៊ីស្រាអែល​ទេ។ ក្រុមហ៊ុន​អាវុធ​រុស្ស៊ី​មួយ​ចំនួន​ក៏​បានចូលរួមដូចក្រុមហ៊ុន Motor Sich របស់​អ៊ុយក្រែន​ផង​ដែរ។

វៀតណាមបាន​ព្យាយាម​បង្កើន​ការផលិត​អាវុធ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ខណៈដែល​កាត់បន្ថយ​ការពឹងផ្អែក​របស់​ខ្លួន​លើ​ការនាំចូល​អាវុធ​របស់​រុស្ស៊ី។

នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Pham Minh Chinhបាន​សរសើរ​ពិធី​នេះ​ថា​ជា«សារ​នៃ​សន្តិភាព កិច្ចសហប្រតិបត្តិការ​និង​ការអភិវឌ្ឍ»។ ក្រោយមក​គេ​បាន​ជូន​ដំណើរ​លោក​មើល​យន្តហោះ​យោធា​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin​របស់​សហរដ្ឋ​អាមេរិក។​

លោកឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​វៀតណាម​និយាយ​ថា ​ក្រុមហ៊ុន​ផលិត​អាវុធ​របស់​សហរដ្ឋ​អាមេរិក​អាចជួយ​ធ្វើ​ឱ្យ​ប្រសើ​រឡើង​នូវ​សមត្ថភាព​យោធា​របស់​វៀតណាម៕