មន្ត្រីការទូតកំពូលសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែនបានបញ្ជាក់ប្រាប់រដ្ឋសភាកាលពីថ្ងៃអង្គារម្សិលមិញថា មានគេប្រាប់លោកថា សេតវិមានប្រធានាធិបតីនឹងផ្ដល់ជំនួយយោធាទៅឲ្យប្រទេសអ៊ុយក្រែន ក្នុងករណីតែប្រទេសនេះសន្យាជាសាធារណៈថានឹងស៊ើបអង្កេតលើសមាជិកគណបក្សប្រជាធិបតេយ្យ ក៏ដូចជាលើលោក Joe Biden ដែលជាអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតីមួយរូបខាងគណបក្សប្រជាធិបតេយ្យ និងលើកូនប្រុសរបស់លោក Biden តែប៉ុណ្ណោះ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកស្ដីទីប្រចាំប្រទេសអ៊ុយក្រែនលោក William B. Taylor បានផ្ដល់សក្ខីកម្មបិទទ្វារដល់រដ្ឋសភាអំពីការស៊ើបអង្កេតជាផ្លូវការដើម្បីចោទប្រកាន់ទម្លាក់លោក Trump ពីតំណែង។ សក្ខីកម្មរបស់លោកគឺផ្ទុយពីការអះអាងរបស់លោក Trump ដែលថាគ្មាន «ការដោះដូរប្រយោជន៍» ជាមួយនឹងប្រទេសអ៊ុយក្រែននោះ។
លោក Taylor បានបញ្ជាក់នៅក្នុងសុន្ទរកថាបើករបស់លោកថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយនឹងលោក Gordon Sondland ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសហភាពអឺរ៉ុប និងជាអ្នកជួយជ្រោមជ្រែងផ្នែកថវិកាដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump។ លោក Gordon Sondland បានផ្ដល់សក្ខីកម្មដល់រដ្ឋសភាកាលពីសប្ដាហ៍មុនរួចហើយ។
លោក Taylor បញ្ជាក់ដូច្នេះថា៖ «នៅក្នុងពេលនិយាយតាមទូរស័ព្ទ លោកឯកអគ្គរដ្ឋទូត Sondland បានប្រាប់ខ្ញុំថា លោកប្រធានាធិបតី Trump បានប្រាប់គាត់ថា លោកចង់ឲ្យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយជាសាធារណៈថា ប្រទេសអ៊ុយក្រែននឹងស៊ើបអង្កេតលើក្រុមហ៊ុន Burisma [ដែលជាក្រុមហ៊ុនឧស្ម័នរបស់អ៊ុយក្រែន] និងលើការចោទប្រកាន់ដែលថាអ៊ុយក្រែនជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០១៦»។
លោក Joe Biden និងលោក Hunter ដែលជាកូនប្រុសរបស់លោកគឺជាសមាជិកក្រុមប្រឹក្សានាយកនៃក្រុមហ៊ុន Burisma នេះ។ លោក Trump បានចោទប្រកាន់ថា នៅពេលដែលលោក Biden ធ្វើជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកបានគំរាមព្យួរកម្ចីដែលធានាសម្រាប់ប្រទេសអ៊ុយក្រែន រហូតទាល់តែដល់ពេលដែលអ៊ុយក្រែនបានបញ្ឈប់ការស៊ើបអង្កេតអំពីអំពើពុករលួយកាលពីលើកមុនរបស់ក្រុមហ៊ុន Burisma នេះ។
ប៉ុន្តែកន្លងមកគេមិនដែលឃើញមានភស្តុតាងណាមួយបង្ហាញពីអំពើពុករលួយដែលប្រព្រឹត្តិដោយលោក Biden និងកូនប្រុសរបស់លោកនោះទេ។ ហើយការចោទប្រកាន់ដែលថា អ៊ុយក្រែនបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ដើម្បីជួយគណបក្សប្រជាធិបតេយ្យនោះ គឺជាការចោទប្រកាន់ដែលផ្អែកលើទ្រឹស្ដីឃុបឃិតស្វែងរកការពិតតែប៉ុណ្ណោះ៕