ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន​នឹង​ចុះ​ចេញ​ពី​តំណែង​នៅ​ខែ​ក្រោយ

រូបឯកសារ៖ លោក Terry Branstad ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន​ នឹង​ចុះ​ចេញ​ពី​តំណែង​នៅ​ដើម​ខែ​ក្រោយ​។

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន​នឹង​ចុះ​ចេញ​ពី​តំណែង​នៅ​ដើម​ខែ​ក្រោយ​ដោយ​បញ្ចប់​ការ​កាន់​មុខ​តំណែង​នេះ​រយៈពេល ៣ ឆ្នាំ ដែល​ក្នុង​រយៈពេល​នេះ ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​មាន​ភាព​ល្វីង​ជូរចត់​ជាមួយ​គ្នា។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

លោក​ឯក​អគ្គរដ្ឋទូត Terry Branstad ដែល​ត្រូវ​បាន​តែងតាំង​ដោយ​លោក​ប្រធានាធិបតី Donald Trump នៅ​ឆ្នាំ ២០១៧ បាន​បញ្ជាក់​អំពី​ការ​សម្រេចចិត្ត​នេះ​នៅ​ក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Trump កាលពី​សប្តាហ៍​មុន។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ច័ន្ទ។

សេចក្តី​ថ្លែងការណ៍​នោះ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ចុះចេញ​ពី​តំណែង​របស់​លោក​ទេ។

លោក​ត្រូវបាន​គេ​ដកស្រង់​សម្តី​នៅ​ពេល​និយាយ​នៅ​ឯ​ការ​ប្រជុំ​ជាមួយ​បុគ្គលិក​ស្ថានទូត​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា៖ «ខ្ញុំ​មាន​មោទនភាព​បំផុត​ចំពោះ​ការងារ​របស់​យើង​នៅ​ក្នុង​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​មួយ ហើយ​បាន​ផ្តល់​លទ្ធផល​ជាក់ស្តែង​សម្រាប់​សហគមន៍​របស់​យើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក»៕